ខេត្តសៀមរាប៖ ជនសង្ស័យ ម្នាក់ក្នុងចំណោមបក្សពួក៣នាក់ ដែលជំនាញកាច់សោ ករ ម៉ូតូធ្លាប់ជាប់គុក៣ដង ចេញពីគុកបាន១ខែ ធ្លាប់ដៃ ចេញកាច់សោករម៉ូតូម្តងទៀត ដោយបន្លំចូលដេកនៅក្នុងផ្ទះសំណាក់ យីហោ គឹម ឡុង ចុះមកកាច់សោករម៉ូតូក្នុងផ្ទះសំណាក់ ដែលមានទីតាំងក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកងរាជអាវុធហត្ថស្រុកជីក្រែងធ្វើការឃាត់ខ្លួន បន្ទាប់ពីហៅមកសួរនៅកន្លែង។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំនុចទីបញ្ជាការកងរាជអាវុធហត្ថស្រុកជីក្រែង ក្នុងស្រុកជីក្រែង ខេត្តសៀមរាប រួចបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តបន្ត។
លោកវរសេនីយទោ ហង្ស វិចិត្រ មេបញ្ជាការកងរាជអាវុធហត្ថស្រុកជីក្រែង បានប្រាប់ នៅរសៀលថ្ងៃទី១៥ខែវិច្ឆិការឆ្នាំ២០១៥ថា ក្រោយពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥កន្លងមក ទើបមានបទបញ្ជាពីថ្នាក់ដឹកលើរបស់កងរាជអាវុធហត្ថខេត្ត ទើបកម្លាំងជំនាញអាវុធហត្ថស្រុកជីក្រែង ចុះស្រាវជ្រាវនិងស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើយកមកសួរនាំ។
លោកបន្តថា ក្រោយពីបានសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចកាច់សោករម៉ូតូធ្លាប់ជាប់គុក៣ដង រួចមកហើយ។ ក្រោយចេញពីគុកបាន១ខែ ក៏បានមកបន្លំខ្លួនចូលទៅដេកក្នុងផ្ទះសំណាក់ យីហោ គឹម ឡុង ហើយក៏លួចកាច់សោករម៉ូតូក្នុងផ្ទះសំណាក់ម្តងទៀត។
លោកបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ស៊ឹម សាវី ភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប អាជីបកាច់សោករម៉ូតូ ធ្លាប់ជាប់គុក៣ដង ចុងក្រោយកាច់សោករម៉ូតូម៉ាក ហុងដា (វេ អាហ្វា )ពណ៌ខៀវ គ្មានស្លាកលេខ នៅក្នុងផ្ទះសំណាក់ខាងលើ ត្រូវកម្លាំងជំនាញអាវុធហត្ថស្រុកជីក្រែង ឃាត់ខ្លួនជាលើកទី៤។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យដែលជំនាញខាងលួចកាច់សោករម៉ូតូនិងប្រើអំពើហឹង្សា ធ្លាប់ជាប់គុក៣ដងកន្លងមក ជាប់គុកលើកទី១/ពីរបទករណីអំពើហឹង្សា(វ៉ៃគេឱ្យរបួសធ្ងន់នៅក្នុងស្រុកជីក្រែង)ជាប់គុកចំនួន១ឆ្នាំ លើកទី២/ករណីលួចលុយនៅក្នុងផ្សារជីក្រែង ជាប់គុកចំនួន១ឆ្នាំ និងលើកទី៣/ ករណីលួចកាច់សោករម៉ូតូ នៅក្នុងស្រុកជីក្រែង ជាប់គុក១ឆ្នាំ៦ខែ និងលើកទី៤/ចុងក្រោយលួចកាច់សោករម៉ូតូនៅក្នុងផ្ទះសំណាក់យីហោ គឹម ឡុង ក្នុងស្រុកជីក្រែង ៕
ដោយ៖ ឡាំ សុធា