បុរសម្នាក់ត្រូវបានឧបករណ៍ឆក់កណ្តុររបស់ខ្លួនឆក់ស្លាប់ខណៈដែលដើរជាន់លើឧបករណ៍នេះ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីដើរជាន់លើឧបករណ៍ឆក់កណ្តុររបស់ខ្លួន ដែលដាក់ព័ទ្ធជុំវិញស្រែប្រាំងឆក់ការពារកណ្តុរចូលស៊ីស្រូវ ។ សាកសពជនរងគ្រោះត្រូវបានអ្នកជិតខាងតាមរកប្រទះឃើញដេកស្លាប់នៅលើភ្លឺស្រែបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង១០នាទីទៀបភ្លឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចភ្លឺស្រែប្រាំងរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។

20151115191126 (1)

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈឹម ធី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ មានប្រពន្ធឈ្មោះ ផេង ហ៊ីម អាយុ៣៥ឆ្នាំ មុខរបរជាកសិករ មានកូនស្រី៣នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដល ។

ប្រភពដដែលបានបន្តថា នៅវេលាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០​១៥ ជនរងគ្រោះបានយកអាគុយ និងឧបករណ៍ឆក់កណ្តុរចេញពីផ្ទះឆ្ពោះទៅវាលស្រែដែលមានចម្ងាយពីផ្លូវជាតិលេខ១១០ប្រមាណ១៤០ ។ បន្ទាប់ពីចេញពីផ្ទះបាត់ជាច្រើនម៉ោងមិនឃើញជនរងគ្រោះត្រឡប់ទៅលំនៅដ្ឋានវិញ ស្ត្រីជាប្រពន្ធមានក្តីព្រួយបារម្មណ៍ក៏ដើរទៅពឹងឈ្មោះ សុន សន ដែលជាអ្នកជិតខាងឲ្យទៅតាមរកប្តីរបស់ខ្លួន ។ ពេលឈ្មោះ សុន សន និងឪពុកដើរទៅដល់វាលស្រែមិនឃើញជនរងគ្រោះនៅក្នុងរោង ក៏នាំគ្នាដើររកតាមភ្លឺស្រែស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់នៅលើភ្លឺស្រែសង្កត់ពីលើខ្សែលួស ទើបឈ្មោះ សុន សន និងបុរសជាឪពុកប្រញាប់ប្រញ៉ាលមកប្រាប់ស្ត្រីជាប្រពន្ធជនរងគ្រោះ និងអាជ្ញាធរមូលដ្ឋាន ។

ប្រភពដដែលបានបន្តថា ក្រោយពីទទួលបានព័ត៌មានថាមានមនុស្សដេកស្លាប់នៅលើភ្លឺស្រែ សមត្ថកិច្ចនគរ​បាលជំនាញបច្ចេកទេសស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋានចុះទៅកន្លែងកើតហេតុពិនិត្យសាកសពជនរងគ្រោះ ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារឧបករណ៍ឆក់កណ្តុរ មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅ ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

20151115191126 20151115191128

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print