ភ្នំពេញ៖ លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានដឹកនាំនិងបញ្ជាផ្ទាល់ និងបានបើកប្រតិបត្តិការណ៍រយៈពេល២ថ្ងៃ បង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់ ដោយសរុបឃាត់បានមនុស្សចំនួន ៨ នាក់ (ស្រីម្នាក់) នឹងដកហូតថ្នាំញៀន ២២កញ្ចាប់ (តូច) រួមជាមួយម៉ូតូ នឹងឧបករណ៍ នឹងវត្ថុតាងមួយចំនួនផងដែល ។ ប្រតិបត្តិការណ៍នេះអនុវត្តនៅថ្ងៃទី ១៤ នឹង ១៥ ខែ វិច្ចិកា ឆ្នាំ ២០១៥ ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការខណ្ឌដង្កោបានអោយដឹងថានៅថ្ងៃទី ១៤ ខែវិច្ចិកា ឆ្នាំ ២០១៥ រូបលោកបានដឹកនាំកម្លាំងចុះបង្ក្រាបបានមុខសញ្ញា ចែកចាយថ្នាំញៀនចំនួន៤ នាក់ ទី០១ឈ្មោះ អ៊ូ សារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ទី០២ឈ្មោះ សូ បណ្ឌិត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ទី០៣ឈ្មោះ មុំ ចាន់រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ (ជួញដូរ) ទី០៤ឈ្មោះ មុំ វ៉ាន់ដា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ (ប្រើប្រាស់) ជនសង្ស័យទាំង០៤នាក់ខាងលើមាន ទីលំនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកម្លាំងបានដកហូតវត្ថុតាងរួមមាន ទី០១ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ថង់តូច , ទី០២ ទុយោសម្រាប់ចូកថ្នាំញៀនចំនួន០១ ទី០៣ ដែកកេះចំនួន០១ ទី០៤ កញ្ចប់បារីហ្វីនចំនួន០១ ។ ការបង្ក្រាបនេះស្ថិតនៅចំណុចទំនប់វាលស្រែ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង ១២ រសៀល ។
លោកអធិការបន្តថាក្រោយឃាត់ខ្លនមនុស្ស៤ នាក់ខាងលើកម្លាំងជំនាញក៏បានសួរនាំ លុះដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង០៩.៤០នាទី កម្លាំងផ្នែកយុត្តិធម៌ខណ្ឌដង្កោ បានសហការជាមួយកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ទៀត ១.ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ៣១ឆាំ្ន មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ឡឹម អាម៉ី ភេទស្រី អាយុ១៨ឆាំ្ន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៣.ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ១៩ឆាំ្ន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ៤.ឈ្មោះ ណុប ភានិត ភេទប្រុស អាយុ៣២ឆាំ្ន មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយការឃាត់ខ្លួននេះស្ថិតនៅចំណុចភូមិព្រៃស្ពឺ និងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបានដកហូតវត្ថុតាងដូចជា ថ្នាំញៀន ក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់តូច និងសម្ភារៈប្រើប្រាស់ គ្រឿងញៀន មួយចំនួន យកមកអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា បញ្ជាក់ទៀតថាមនុស្សទាំង ៨នាក់ ដែលកម្លាំងលោកឃាត់ខ្លួនខាងលើនេះ កំពុងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការផ្តន្ទាទោសទៅតាមនីតិវីធីច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ