រថយន្តក្រុងប៉ះជាមួយម៉ូតូនៅលើស្ពានជ្រោយចង្វាបណ្តាលឲ្យនារីម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ:រថយន្តក្រុងដឹងអ្នកដំណើរប៉ះជាមួយម៉ូតូប្តីប្រពន្ធ២នាក់ជិះឌុបគ្នានៅលើស្ពានជ្រោយចង្វាបណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង៥ល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វាថ្មី ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធបើកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1B 8124 ប្តីមានឈ្មោះចិន្តា អាយុ៣០ឆ្នាំ និងសពស្ត្រីជាប្រពន្ធមានឈ្មោះ ម៉ន ពៅ អាយុ២៨ឆ្នាំ មុខរបរ ជាកម្មការិនីរោងចក្រ អ្នកទាំង២នាក់ មានទីលំនៅភូមិព្រៃក្រឡាញ់ ឃុំព្រៃស្រលិត ស្រុកពារាំង ខេត្តព្រៃវែង។ ចំណែករថយន្តក្រុង ពណ៌ស លាយខៀវ ពាក់ស្លាកលេខរដ្ឋ37 3.0017 មិនបានស្គាល់ឈ្មោះអ្នកបើកនោះទេ។

ប្រភពពត៌មានពីប្តីនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូឌុបប្រពន្ធឆ្លងស្ពានជ្រោយចង្វា ដោយបើកស្របទិសគ្នាជាមួយរថយន្តក្រុងខាងលើ ពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុម៉ូតូគាត់បានគេចម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យដៃចង្កូតម៉ូតូទៅប៉ះជាមួយរថយន្តក្រុង ដួលខ្ទាតប្រពន្ធចូលកង់រថយន្តកិនក្បាលស្លាប់តែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញមកយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print