ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់បានទទួលរងរបួសយ៉ាងដំណំចំក្រោមក្លៀកខាងស្តាំដោយសាររាលកៃគ្រាប់ព្រួញបាញ់សត្វកណ្តុរខណៈក្មេងរងគ្រោះបានដើរជាមួយក្មេងប្រុសម្នាក់ទៀតនាំគ្នារកបាញ់សត្វកណ្តុរ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ជុំវិញនៃហេតុការណ៍នេះបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុមានក្មេងប្រុស២នាក់ឈ្មោះ អៀប វីន ភេទប្រុស អាយុ១៤ឆ្នាំ ជាក្មេងរងគ្រោះ និងឈ្មោះ ស្រៀង ស្រេង ភេទប្រុស អាយុ១៤ឆ្នាំជាអ្នកកាន់ព្រួញ អ្នកទាំង២នាក់រស់នៅភូមិខាងលើជាមួយគ្នា បាននាំគ្នាដើរទៅរកបាញ់សត្វកណ្តុរ ដោយក្មេងរងគ្រោះឈ្មោះ អៀប វីន ដើរពីមុខចំណែកក្មេងឈ្មោះ ស្រៀង ស្រេង ដើរនៅពីក្រោយ។ លុះបន្ទាប់មកស្រាប់ព្រួញដែលដាក់ផ្លែរួចហើយនោះបានរាលកៃត្រូវក្មេងឈ្មោះអៀប វីន ធ្លាយ ចំត្រង់ក្រោមក្លៀកខាងស្តាំជាប់គ្រាប់ព្រួញ នៅនឹងតែម្តង។ បន្ទាប់មកក៏ត្រូវក្រុមគ្រួសារបាននាំក្មេងរងគ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើ ការវះកាត់យកគ្រាប់ព្រួញចេញ។ ក្មេងរងគ្រោះមកដល់ពេលនេះត្រូវគេរាយការណ៍ឱ្យដឹងថា ត្រូវគ្រូពេទ្យជួយសង្គ្រោះបាននោះហើយ ។
បើតាមប្រភពព័ត៌មានដដែលប្រាប់ឱ្យដឹងទៀតថាករណីនេះជារឿងអចេតនារវាងក្រុមគ្រួសារក្មេងទាំងពីរនាក់ធ្វើការសម្របសម្រួលគ្នា មិនមានការប្តឹងផ្តល់គ្នានោះឡើយ ដោយ គ្រាន់តែក្រុមគ្រួសារភាគីក្មេងកាន់ព្រួញជួយថ្លៃព្យាបាលមុខរបួសតែប៉ុណ្ណោះ ៕
ដោយ៖ សំ វិច្ឆិកា