ខេត្តព្រះសីហនុ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជាបានចាប់ផ្តើមលំហាត់សមយុទ្ធប្រចាំឆ្នាំលើកទី៦ ស្តីពីការហ្វឹកហ្វឹន និងការសហប្រតិបត្តិការ ត្រៀមជាស្រេចលើផ្ទៃទឹក (CARAT) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយធ្វើពិធីបើកនាមូលដ្ឋានជើងទឹករាម។
នៅក្នុងឆ្នាំរយៈពេល៦ ជាប់គ្នារបស់ លំហាត់សមយុទ្ធទ្វេភាគី CARAT នៅកម្ពុជា វានៅតែជាមធ្យោបាយច្បាស់មួយ សំរាប់បង្កើននូវកិច្ចសហប្រតិបត្តិការសន្តិសុខ លំហសមុទ្រជាមួយកងទ័ពជើងទឹកកម្ពុជា។
លោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ បានថ្លែងនៅក្នុងពិធីបើក លំហាត់ CARAT ថា បច្ចុប្បន្នពិភពលោកទាំងមូល កំពុងទទួល នូវការគំរាមកំហែង នៃអំពើភេវរកម្ម សង្គ្រាមប្រកាន់ពូជសាសន៍ សាសនា នៅអឺរ៉ុបនិងមជ្ឈិមបូព៌ា និងការប្រែប្រួលអាកាសធាតុ ហើយពេលថ្មីៗនេះ ការធ្លាក់យន្តហោះ របស់រុស្ស៊ី សំលាប់មនុស្សអស់ជាង២០០នាក់ និងការវាយប្រហារ ដោយក្រុមភេវរករឥស្លាមជ្រុលនិយម (ISIS) នៅច្រើនកន្លែងនាទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាសោកនាដកម្មមួយដ៏រន្ធត់ និងសូមថ្កោលទោស យ៉ាងខ្លាំងក្លា ចំពោះអំពើដ៏អមនុស្សធម៌នេះ។
លោក អ៊ុក សីហា ថ្លែងបន្តថា បើយើក្រឡេកមកមើលនៅលើផ្ទៃសមុទ្រ ទាំងក្នុងដែនអធិបតេយ្យភាព របស់ប្រទេសនីមួយៗ និងលំហរសមុទ្រអន្តរជាតិ ក៏មានប្រឈម ទៅនឹងការគំរាមកំហែង នានាដូចជា ការប្លន់ប្រដាប់អាវុធ ចោរសមុទ្រ និគ្រោះធម្មជាតិ ជាដើម ដែលចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការពីកងកំលាំងកងទ័ពជើងទឹក ដោយធ្វើការត្រួតពិនិត្យឆែកឆេរ រុករកសង្គ្រោះ ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ធានាសន្តិសុខនៅលើផ្ទៃសមុទ្រ ក្នុងគោលដៅជម្រុញអោយមានស្ថិរភាពនៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។
លោកមេបញ្ជាការរងបន្ថែមថា អស់រយៈពេល៦ឆ្នាំមកហើយ (២០១០-២០១៥) ដែលកងទ័ពជើងទឹកប្រទេសទាំងពីរ (សហរដ្ឋអាមេរិក-កម្ពុជា) បានអនុវត្តកិច្ចសហប្រតិបត្តិការក្នុងការធ្វើលំហាត់ហ្វឹកហ្វឹន មានដូចជា លំហាត់ CARAT លំហាត់ MAREX រួមទាំងលំហាត់នានាចម្រុះពូជសាសន៍ ជាមួយ កងយោធពលខេមរភូមិន្ទ។
លោកបញ្ជាក់ទៀតថា ការអនុវត្តលំហាត់ ការ៉ាត់លើកនេះ មិនត្រឹមតែជួយពង្រឹង សមត្ថភាព ចំណេះដឹង របស់កងទ័ពជើងទឹកប្រទេសទាំងពីរនោះទេ គឺថែមទាំងបានជួយពង្រឹង នូវទំនាក់ទំនង មិត្តភាព កិច្ចសហប្រតបត្តិការល្អ រវាងប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) និងកងទ័ពជើងទឹក ទាំងពីរ អោយកាន់តែរឹងមាំ ដែលសកម្មភាណទាំងនោះ បានស្តែងចេញ ជារូបរាង តាមរយៈ ការចូលសំចតរបស់កងនាវាចម្បាំងសហរដ្ឋអាមេរិក ចំនួន២៦លើក ស្មើ៣១គ្រឿង ដើម្បីធ្វើទស្សនកិច្ច គាំទ្រការធ្វើលំហាត់សមយុទ្ធនានា ជាមួយ កងទ័ពជើងទឹក ក៏ដូចជាកងយោធពលខេមរភូមិន្ទ ការជួយបំពាក់បរិក្ខារ បន្ទប់ពិសោធន៍ ដល់គិលានដ្ឋានមូលដ្ឋានសមុទ្រ ការធ្វើការងារមនុស្សធម៌ និងជួយកសាងរាល់ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស។
លោក Charles William មេបញ្ជាការកំលាំងលេខ៧៣ បានមានប្រសាសន៍ថា CARAT ធ្វើអោយយើងអាចពង្រឹងទំនាក់ទំនងរឹងមាំ ជាមួយកងទ័ពជើងទឹកកម្ពុជា ដែលជាដៃគូរបស់យើង។ តាមរយៈទំនាក់ទំនងនឹងវត្តមានជាបន្ត យើងបន្តធ្វើអោយមានភាពជឿនលឿនជាលំដាប់ ក្នុងការបង្កើតភាពស្មុគស្មាញ នៃការហ្វឹកហ្វឹន។
លោកបន្តថា CARAT នៅកម្ពុជារួមមនានព្រឹត្តការណ៍រយៈពេល៥ថ្ងៃ នៅកំពង់ផែ និងនៅលើសមុទ្រ ដោយបញ្ចប់នៅថ្ងៃទី២០ ខែវិច្ឆិកា។ នៅលើគោក បុគ្គលិក យោធានឹងធ្វើការហ្វឹកហ្វឹនជាក់ស្តែង ក្នុងការកាត់បន្ថយការខូចខាត ការកំណត់ផ្លូវនាវា ការថែទាំអ្នកស្លាប់ និងរងរបួសក្នុងការប្រយុទ្ធ ទស្សនកិច្ចនិងការការពារកំលាំង ការឡើងលើនាវា ការឆែកឆេរ និងបច្ចេកទេសចាប់នាវា។ ការ រៀនសូត្រជាលក្ខណៈសិក្ខាសាលានេះនឹងមានការចូលរួមនៃអ្នកជំនាញមកពីកងទ័ពជើងទឹកទាំង ពីរ ដើម្បីពិភាក្សាពីការប្រតិបត្តិល្អដែលមាននិយាយនៅក្នុងច្បាប់របស់យោធា ពេទ្យយោធា និងការរុករកនិងជួយសង្គ្រោះតាមយន្តហោះ។ តន្ត្រីរបស់កងនាវាជើងទឹកទី ៧ របស់សហរដ្ឋអាមេរិក ក៏នឹងធ្វើការប្រគំផងដែរ នៅក្នុងសកម្មភាពប្រាស្រ័យជាមួយសហគមន៍ នៅជុំវិញទីក្រុងព្រះ សីហនុ។
នៅលើសមុទ្រ នាវាឈ្មោះ USS Fort Worth (LCS 3) ដែលមានបុគ្គលិក ៧ នាក់មក ពីក្រុមនាវាពិឃាត Destroyer Squadron (DESRON) និងឧទ្ធម្ភាគចក្រប្រភេទ MH-60R មួយ គ្រឿង នឹងធ្វើការហ្វឹកហ្វឺនជាមួយទូកល្បាតតូចចំនួន ២ គ្រឿង និងនាវាល្បាតតាមឆ្នេរចំនួនមួយ គ្រឿង។ បន្ថែមពីលើការធ្វើការបត់បែន និងការហាត់បាញ់កាំភ្លើងនៅលើនាវា សកម្មភាព សំខាន់ៗរួមមានការឡើងលើនាវា លំហាត់រុករកនិងសង្គ្រោះ។
លោកឧត្តមនាវីត្រី H.B.Le មេបញ្ជាការមកពីក្រុមនាវាពិឃាតលេខ ៧ បានមានប្រសាសន៍ថា “យើងរំពឹងនឹងដំណើរការទៅមុខ នៅក្នុងដំណាក់កាលហ្វឹកហាត់នៅលើសមុទ្រនៃលំហាត់ សមយុទ្ធ CARAT ជាមួយដៃគូរបស់យើងក្នុងកងទ័ពជើងទឹកកម្ពុជា។ នៅឆ្នាំនេះ នាវា USS Fort Worth នឹងចូលរួមនៅក្នុង CARAT នៅកម្ពុជាជាលើកដំបូង ដែលជាការផ្តល់ឱកាសពិសេស ដល់ យើងក្នុងការធ្វើការហ្វឹកហ្វឺនពីកន្លែងមួយទៅកន្លែងមួយក្នុងនាវាដែលថ្មី និងរហ័សបំផុតមួយ”។
ពលទាហានជើងទឹកអាមេរិកចំនួនប្រហែល ២០០ នាក់ និងពលទាហានជើងទឹកកម្ពុជាចំនួនប្រហែល ៣០០ នាក់ចូលរួមនៅក្នុង CARAT ឆ្នាំ ២០១៥ នៅកម្ពុជា។ នាវានៃកងទ័ពជើង ទឹកសហរដ្ឋអាមេរិកដែលចូលរួម រួមមាននាវាប្រយុទ្ធក្បែរតំបន់ឆ្នេរ ដែលមានឈ្មោះថា USS Fort Worth (LCS 3) និងនាវាដែលមានឈ្មោះថា USNS Safeguard (T-ARS 50)។ អ្នកចូលរួម ដទៃទៀតរួមមានអ្នកមុជទៅក្រោមទឹកមកពីក្រុមមុជទឹកចល័ត Mobile Dive និងអង្គភាពជួយ សង្គ្រោះ Salvage Unit (MDSU) ក្រុមទាហានប្រចាំតាមតំបន់ឆ្នេរមួយក្រុម ក្រុមទាហានជាង នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងក្រុមតន្ត្រីរបស់កងនាវាទី៧ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
CARAT គឺជាលំហាត់សមយុទ្ធលំហសមុទ្រទ្វេភាគីប្រចាំឆ្នាំដែលមានធ្វើជាបន្តបន្ទាប់ រវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងកំលាំងនៃប្រទេសបង់ក្លាដេស ប្រ៊ុយណេ កម្ពុជា ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ និងប្រទេសទីម៉ខាងកើត។
ក្រុមការងារពិសេសលេខ ៧៣ និងក្រុមមកពីនាវាពិឃាតលេខ ៧ បានធ្វើផែនការលំអិត កំរិតខ្ពស់ រៀបចំធនធាន និងជួយដោយផ្ទាល់ដល់ដំណើរការសមយុទ្ធ លំហសមុទ្រ ដូចជាលំហាត់ សមយុទ្ធ CARAT សកម្មភាពចូលរួមនិងប្រាស្រ័យរបស់កងទ័ពជើងទឹកជាមួយប្រទេសវៀតណាម និងការហ្វឹកហ្វឺន និងសហប្រតិបត្តិការពហុភាគីនៅតំបន់អាស៊ីអាគ្នេយ៍ (SEACAT) ជាមួយ ប្រទេសប្រ៊ុយណេ ឥណ្តូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី និងប្រទេសថៃ៕
ដោយ៖ ស ដារ៉ា