តុលាការឧក្រិដ្ឋកម្មមួយរបស់ប្រទេសបារែន (Bahrain) បានផ្តន្ទាទោសមនុស្ស១២នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ព្រមទាំងដកហូតសញ្ជាតិរបស់ពួកគេ បន្ទាប់ពីការស៊ើបអង្កេតរកឃើញថា ជនទាំងនេះបានធ្វើសកម្មភាពបំពាន់ច្បាប់យ៉ាងខ្លាំងក្លា ដោយការវាយប្រហារបំផ្ទុះគ្រាប់បែកទៅលើកម្លាំងប៉ូលិស ។ នេះបើតាមមន្ត្រីតុលាការបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយកាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
លោក Ahmed Al-Hammadiប្រធានគណៈមេធាវីរបស់ប្រទេសនេះបានថ្លែងថា ភស្តុតាងជាច្រើនត្រូវបង្ហាញឲ្យឃើញ ហើយត្រូវតុលាការផ្តន្ទាពីបទឧក្រិដ្ឋកម្មកម្រិតធ្ងន់ គឺមានការជាប់ទាក់ទងដោយផ្ទាល់ការវាយប្រហារគ្រាប់បែក៦លើកចន្លោះពីឆ្នាំ២០១៣ និងឆ្នាំ២០១៤ ។
មន្ត្រីបានលើកឡើងថា ការចោទប្រកាន់ផ្លូវការនឹងធ្វើឡើងប្រឆាំងទៅលើជនជាប់ចោទទាំងនេះ ក្រោយភស្តុតាងជាច្រើនត្រូវបានរកឃើញ ក្នុងនោះមានស្នាមផ្តិតមេដៃផងដែរ ដែលដូចគ្នាស្នាមមេដៃដែលបំផ្ទុះគ្រាប់បែក៥លើកដែលសមត្ថកិច្ចជំនាញបានរកឃើញនៅក្នុងលំនៅឋានមួយកន្លែងស្ថិតនៅក្នុងតំបន់ Saar ។
ជនជាប់ចោទមានសិទ្ធិនៅក្នុងការប្តឹងទាស់ចំពោះការសម្រេចរបស់តុលាការនេះ ។ នេះបើតាមសេចក្តីថ្លែងការណ៍ខាងលើ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត