ភ្នំពេញ៖ លោកគង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូបានបញ្ជាក់ពីការតស៊ូបណ្ដុះបណ្ដាល កីឡាករកីឡាការិនីហាប់គីដូទាំងជួបការខ្វះខាតទីលានហ្វឹកហាត់និងគ្មានទីតាំង ពិតប្រាកដសម្រាប់ប្រារឰពិធីផ្សេងៗ ដូចជាការដំឡើងដាន់ខ្សែក្រវាត់ក៏ដូច ជាកម្មវិធីប្រកួតប្រចាំខែប្រចាំឆ្នាំជា ដើម ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៥កន្លងទៅសហព័ន្ធ មួយនេះបានប្រគល់លិខិតសរសើរដល់ គ្រូបង្ហាត់និងដំឡើងដាន់ខ្សែក្រវាត់ដើម្បីលើកទឹកចិត្ដអត្ដពលិករបស់ខ្លួននៅទី តាំងសាលាប្រ៊ីជតុនខាងកើតផ្សារបឹង ត្របែកផ្លាហ្សា ។
លោក គង់ ចាន់ធីណា បានប្រាប់ដល់ ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា បច្ចុប្បន្នសហព័ន្ធខ្មែរកីឡាហាប់គីដូ កំពុងជួបការខ្វះខាតជាខ្លាំង គឺពុំមាន កន្លែងសម្រាប់ហ្វឹកហាត់ត្រឹមត្រូវនោះ ទេ ប៉ុន្ដែដោយការស្រឡាញ់របស់ថ្នាក់ ដឹកនាំក៏ដូចកីឡាករកីឡាការិនីហាប់គីដូផងពួកយើងតែងតែតស៊ូរាល់ការលំបាក គ្រប់បែបយ៉ាង ។
លោកបានបន្ដទៀតថា កីឡាករកីឡា ការិនីហាប់គីដូទាំងអស់ហ្វឹកហាត់នៅ តាមសាលារៀនចំនួន៦ក្នុងរាជធានី ភ្នំពេញហើយសហព័ន្ធនឹងព្យាយាមស្នើសុំទីតាំងសម្រាប់ការហ្វឹកហាត់កីឡា ហាប់គីដូទៅអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាដើម្បីបានកន្លែងហាត់សមរម្យដូចប្រភេទកីឡាផ្សេងៗទៀត ។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡា ហាប់គីដូរូបនេះបានបន្ដទៀតថា នាព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀប ចំកម្មវិធីប្រគល់លិខិតសរសើរដល់គ្រូ បង្ហាត់កីឡាករកីឡាការិនីដែលខិតខំតស៊ូហ្វឹកហាត់កន្លងទៅមានដូចជាកម្រិត ខ្សែក្រវាត់ខ្មៅបន្ទាប់ពីបានហ្វឹកហាត់រយៈពេល២ឆ្នាំត្រូវដំឡើងចំនួន១ដាន់មាន ៥នាក់កម្រិត២ដាន់មាន២នាក់ ។
រីឯកម្រិតខ្សែក្រវាត់ពណ៌ត្នោតមាន៥នាក់ ហ្វឹកហាត់រយៈពេល១៧ខែនិង មានការប្រគល់វិញ្ញាបនបត្រដល់សិស្សដែលទើបតែចូលហ្វឹកហាត់ចំនួន១៣ នាក់ដើម្បីលើកទឹកចិត្ដដល់សិស្សដែល ខិតខំហ្វឹកហាត់នាពេលកន្លងទៅ ។
គួររំលឹកថា បច្ចុប្បន្នសហព័ន្ធខ្មែរ កីឡាហាប់គីដូមានក្លិបចំណុះចំនួន៥ មានសិស្សកំពុងហ្វឹកហាត់ជិត១០០នាក់ក្នុងនោះសហព័ន្ធក៏មានបំណងរៀបចំ ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប៉ុន្ដែ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅ ឡើយទេ កន្លងទៅសហព័ន្ធធ្លាប់ធ្វើសំណើ ទៅក្រសួងអប់រំយុវជន និងកីឡាឱ្យទទួល ស្គាល់សហព័ន្ធខ្មែរកីឡាហាប់គីដូជាផ្លូវការតែក្រសួងមិនទាន់បានឆ្លើយតបនៅ ឡើយ ។
លោកម៉ក់ សំអុល ប្រធានសមាគម កីឡាក្រសួងមហាផ្ទៃមានប្រសាសន៍ថា ខ្ញុំយល់ឃើញថា ក្បាច់ហាប់គីដូដែល មានប្រភពចេញពីប្រទេសកូរ៉េដូចក្បាច់តេក្វាន់ដូដែរនោះមានលក្ខណៈអំណោយផលដល់កម្លាំងសមត្ថកិច្ចសម្រាប់យក ទៅហ្វឹកហាត់បើកាលណាកងកម្លាំងចេះក្បាច់គុនជាប់នឹងខ្លួនគឺជាការប្រសើរ ខ្លាំងណាស់ ។
លោកបានបញ្ជាក់ថា សព្វថ្ងៃនេះថ្វី ដ្បិតតែប្រទេសកម្ពុជាពុំសូវមានអំពើ ភេរវកម្មកើតឡើងមែនប៉ុន្ដែវាបាន កើតឡើងច្រើននៅតាមបណ្ដាប្រទេស នានាលើពិភពលោក ម្យ៉ាងវិញទៀត កីឡាមានផលប្រយោជន៍ច្រើនធ្វើឱ្យរាងកាយយើងមានសុខភាពរឹងមាំផងដែរ ៕
ដោយ៖ សារីម