ហេតុការណ៍បាក់ដីនៅប្រទេសចិនបានបណ្តាលឲ្យមនុស្សបាត់បង់ជីវិត២៥នាក់ ខណៈដែលក្រុមជួយសង្គ្រោះកំពុងប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន ។
ក្រុមជួយសង្គ្រោះប្រមាណ២ពាន់នាក់បាននិងកំពុងស្វែងរកអ្នកនៅបាត់ខ្លួន ក្រោយហេតុការណ៍បាក់ដីស្ថិតនៅភាគខាងកើតប្រទេសចិនដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច២៥នាក់បាត់បង់ជីវិត ។
ជាច្រើនថ្ងៃកន្លងមកហើយ ភ្លៀងបានបន្តធ្លាក់មិនឈប់ ធ្វើឲ្យមានការលំបាកដល់ពលរដ្ឋរស់នៅក្នុងតំបន់នោះជាខ្លាំង ។ លំនៅឋានពលរដ្ឋមួយចំនួនបានរងផលប៉ះពាល់ ។ ហេតុការណ៍បាក់ដីនេះស្ថិតនៅក្នុងភូមិ Lidong ខេត្ត Zhejiang ប្រទេសចិន ។
គ្រោះបាក់ដីនេះបានកើតឡើងភ្លាមៗ នៅវេលាម៉ោងប្រមាណ២៣ ម៉ោងនៅក្នុងតំបន់ នាយប់ថ្ងៃសុក្រ ចុងសប្តាហ៍មុន និងបានកប់មកលើនៅឋានពលរដ្ឋប្រមាណ៣០ខ្នង ។
ផ្នែកខ្លះក្នុងភូមិនៅតែរងគ្រោះដោយទឹកជំនន់ ។ ជាមួយគ្នានេះដែរ ការស្វែងរកអ្នកបាត់ខ្លួនពីសំណាក់ក្រុមជួយសង្គ្រោះនៅតែបន្តខិតខំឡើងជានិច្ច ។ សេចក្តីរាយករណ៍បានបញ្ជាក់ថា មនុស្សរហូតដល់១២នាក់ នៅតែបាត់ខ្លួននៅឡើយ មិនទាន់រកខ្លួនឃើញ ។
មន្ត្រីនៅក្នុងតំបន់បានថ្លែងថា មនុស្សម្នាក់ត្រូវជួយសង្គ្រោះរហូតមកដល់ពេលនេះ ហើយស្ថិតក្នុងស្ថានភាពល្អប្រសើរ ពុំទទួលរងរបួសនោះទេ ។
ក្រុមជួយសង្គ្រោះបានប្រើប្រាស់គ្រឿងចក្រ និងសត្វសុនខផងដែរដើម្បីតាមហិតក្លិន ស្វែងរកអ្នកបាត់ខ្លួន ។ អ្នកដែលនៅបាត់ខ្លួនភាគច្រើនជាកុមារ និងមនុស្សចាស់ជរា ៕
ប្រែសម្រួល៖ ថាច់ យ៉ាត