សម រង្ស៊ី មិនអាចចូលទឹកដី​ប្រទេសបារាំង​ក្នុងអំឡុងពេលនេះជាដាច់ខាត

ចែករំលែក៖

ភ្នំពេញ៖ បើទោះជាប្រធានគណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួនពន្យារក្នុងការត្រឡប់មកកាន់ប្រទេសកម្ពុជា ហើយ​មានមតិខ្លះ​លើក​ហេតុផលថា លោកសម រង្ស៊ី​ ដែលមានសញ្ជាតិពីរ នឹងត្រូវត្រឡប់ទៅប្រទេសបារាំង ប៉ុន្តែ​ការលើកឡើងបែបនេះគឺជារឿងដែលមិនពិត ហើយក៏ពុំមានហេតុផលណាមួយ​ដែលត្រូវលោកសម រង្ស៊ី មានឱកាស​ ឬសិទ្ធិហោះហើរទៅកាន់ប្រទេសបារាំងបាននោះឡើយ ។

4736192-3x2-700x467

ប្រធានាធិបតីបារាំង លោកហ្រាំងស័រ ហូឡង់ បានប្រកាសរួចហើយថា ប្រទេសបារាំង​ត្រូវបិទការហោះហើរមួយរយៈ មិនអនុញ្ញាតឲ្យ​ភ្ញៀវជាតិ អន្តរជាតិ ឬអ្នកទេសចរណ៍ហោះហើរ​ទៅកាន់ប្រទេសបារាំងនោះទេ ដោយសារតែប្រទេសនេះ​បានប្រកាសភាពអាសន្ន​ បន្ទាប់ពីមានការវាយប្រហារដោយភេរវកម្ម ដោយក្រុមរដ្ឋអិស្លាម IS យ៉ាងតិចមានមនុស្ស១០០នាក់ជាងបានស្លាប់ ។ ប្រធានាធិបតីប្រទេសបារាំងបានបង្កើនសន្តិសុខយ៉ាងតឹងរ៉ឹង ក្នុងនោះក៏ប្រកាសអំពីជំហររបស់ខ្លួនថា នឹងវាយប្រហារបកសងសឹក​ទៅកាន់ក្រុមភេរវកម្មខ្លាំងក្លាវិញផងដែរ ។ កុំថាឡើយតែប្រទេសបារាំងត្រូវបង្កើនសន្តិសុខ ព្រមទាំងបិទជើងហោះហើរចូលទឹកដីរបស់ខ្លួន ប្រទេសនៅតាមតំបន់ជាច្រើនទៀត ក៏ត្រូវពង្រឹង និងបង្កើនបញ្ហាសន្តិសុខ ដើម្បីសុវត្ថិភាពប្រទេសពួកគេយ៉ាងខ្លាំង ចាប់ពីមានហេតុការណ៍នៅប្រទេសបារាំងនោះ ។

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងកាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅប្រទេសកូរ៉េខាងត្បូងទៅកាន់ក្រុមពលករជាច្រើនពាន់នាក់ថា លោកនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ប៉ុន្តែគម្រោងនេះត្រូវខកខាន ដោយលោកសម រង្ស៊ីគ្រាន់តែបញ្ជាក់នៅក្នុងហ្វេសប៊ុកខ្លួនថា ពន្យារពេលវិលត្រឡប់មកប្រទេសកម្ពុជា ដើម្បីទុកពេលពន្ធូរកម្តៅនយោបាយនៅប្រទេសកម្ពុជា ។

គួររំលឹកថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសម រង្ស៊ី ពាក់ព័ន្ធករណី​ប្រព្រឹត្តបទបរិហារកេរ​ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨ ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះហត្ថលេខាដោយលោកស្រី សឺ វណ្ណី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយដីកានេះបញ្ជាក់ថា ក្រោយពីបានពិនិត្យ​នាមត្រកូល នាមខ្លួនសម រង្ស៊ី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាប្រធានគណបក្សសង្គ្រោះជាតិ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី៣១ ភូមិព្រែកតាគង់ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវចោទពីបទ«បរិហារកេរជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តនៅសារមន្ទីរជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីមេសា ឆ្នាំ២០០៨ តាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ។

ដីកានេះបញ្ជាក់ទៀតថា អំណាចសាលក្រម និងសាលដីកាស្ថាពរខាងលើ​បានចូលជាស្ថាពរ​ មានប្រសិទ្ធភាពអនុវត្តហើយ ។ ឈ្មោះ សម រង្ស៊ី ត្រូវសាលាដំបូងរាជធានីភ្នំពេញ​សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់៨លានរៀល ហើយសាលាឧទ្ធរណ៍ បានសម្រេច​ចំណាយសំណុំរឿងចេញពីបញ្ជីក្តីសាលាឧទ្ធរណ៍ តាមសាលដីកាស្ថាពរលេខ១៧ក្រ៥ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ តែឈ្មោះសម រង្ស៊ី ពុំទាន់បានអនុវត្តទោសនៅឡើយ ដូច្នេះ បង្គាប់ឲ្យចាប់ខ្លួន ឈ្មោះសម រង្ស៊ី ដែលមានអត្តសញ្ញាណខាងលើ​តាមអំណាចសាលដីកាស្ថាពរ ។

...

បើទោះជាលោកសម រង្ស៊ី បានពន្យារពេលចូលប្រទេសកម្ពុជា ឬគ្មានភាពក្លាហាន ខ្វះការទទួលខុសត្រូវក្នុងការទទួលទោសក៏ដោយ ក៏ពេលនេះ លោកសម រង្ស៊ី ក៏មិនអាចមានសិទ្ធិ ឬសម្ងំគេចខ្លួនទៅជ្រកកោននៅប្រទេសបារាំងបានឡើយ ខណៈប្រទេសបារាំងបានប្រកាស​បិទការហោះហើរមួយរយៈ មិនឲ្យចូលទឹកដីរបស់ខ្លួន ដើម្បីជា​ការពង្រឹងសន្តិសុខពេលដែលមានអំពើភេរវកម្មកើតឡើងនោះ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print