ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាបាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការចាប់ឆ្នោតរើសពូលប្រកួតដណ្ដើម ពានរង្វាន់ Soccer League លើកទី៣ឆ្នាំ ២០១៥នៅសណ្ឋាគារណាហ្គាវើលកាលពីរសៀលថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅថាសហភាពសហព័ន្ធយុវជន កម្ពុជាចង់ឃើញយុវជនកម្ពុជាដែល ជាកីឡាករបាល់ទាត់មកពីតាមបណ្ដា ក្រសួងស្ថាប័នរដ្ឋនិងឯកជននានាទូទាំង ប្រទេសចេះរស់នៅក្នុងសង្គមប្រកប ដោយភាពសុខដុមរមនា ។
លោកបានបន្ដទៀតថា គោលបំណង សំខាន់របស់ព្រឹត្ដិការណ៍ប្រកួតដណ្ដើម ពានរង្វាន់បាល់ទាត់ Soccer League ផ្ដោតសំខាន់ទៅលើយុវជនដែលជាកីឡាករបាល់ទាត់លេងដោយប្រកាន់នូវវិន័យច្បាប់ប្រកួតតាមរយៈការហ្វឹកហាត់ និងបណ្ដុះបណ្ដាលតាមបណ្ដាក្លិប សមាគម អង្គភាពស្ថា ប័នរៀងៗខ្លួន ។
លោកហ៊ុន ម៉ានី មានប្រសាសន៍ ទៀតថា កីឡានាំឱ្យយុវជនបណ្ដុះគំនិត ថ្មីៗទាំងការរស់នៅក្នុងសង្គមក៏ដូចជា ការលេងបាល់ទាត់ប្រកបដោយសេចក្ដី ថ្លៃថ្នូរស័ក្ដិសមជាយុវជនកម្ពុជាដែលជាកម្លាំងស្នូលមិនអាចខ្វះបាន ។
អ្វីដែលសំខាន់សហភាពសហព័ន្ធយុវជនកម្ពុជាចង់ពង្រឹងសមត្ថភាពយុវជន ដែលជាកីឡាករបាល់ទាត់គោរពវិន័យ ទាំងក្នុងទីលានប្រកួត និងក្រោយបញ្ចប់ ការប្រកួត ជាពិសេសកីឡាករត្រូវតែ គោរពការសម្រេចរបស់អាជ្ញាកណ្ដាល រាល់ការកាត់សេចក្ដី ។
ទន្ទឹមនឹងការលើកឡើងរបស់លោក ហ៊ុន ម៉ានី ខាងលើនេះដែរ លោក ស សុផា ប្រធានគណៈកម្មការរៀបចំការ ប្រកួតមានប្រសាសន៍ថា រាល់ពាក្យ បណ្ដឹងរបស់ក្រុមនីមួយៗគណៈកម្មការ នឹងទទួលយកហើយព្យាយាមដោះស្រាយ ឱ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់មិន ឱ្យមានការប៉ះទង្គិចគ្នានៅលើទីលាននាំឱ្យខូចសេចក្ដីថ្លៃថ្នូរ ។
លោកបានបន្ដទៀតថា បើទោះបីកន្លង ទៅមានក្រុមបាល់ទាត់ខ្លះបានបញ្ចេញ អាកប្បកិរិយាមិនសមរម្យទៅលើអាជ្ញា កណ្ដាលព្រមទាំងបានប្រើពាក្យសម្ដីជេរ អាជ្ញាកណ្ដាលយ៉ាងណាក៏ដោយខ្ញុំសង្ឃឹម ថា ចាប់ពីវគ្គជម្រុះ៣២ក្រុមនេះតទៅ កីឡាករគ្រប់ក្រុមបានយល់ច្បាស់អំពីច្បាប់ ប្រកួតបាល់ទាត់ ។
លោកបានលើកឡើងថា ចំពោះក្រុម មួយចំនួនដែលមានសមាសភាពកីឡាករ អាជីពគួរតែបង្ហាញនូវភាពស្មោះត្រង់ ដោយបញ្ជូនកីឡាករទាំងនោះមកបង្ហាញ ឱ្យគណៈកម្មការរៀបចំការប្រកួតបានឃើញ ជៀសវាងនៅពេលប្រកួតរងការចោទ ប្រកាន់ថាមានកីឡាករអាជីពចូលរួម ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅសហភាព សហព័ន្ធយុវជនកម្ពុជាបានរៀបចំកម្ម វិធីចាប់ឆ្នោតរើសពូលប្រកួតវគ្គ៣២ ក្រុមជុំទី២បន្ទាប់ពីបានប្រកួតជម្រុះវគ្គ៤៧ក្រុមរួច ។ នៅក្នុង៣២ក្រុមនោះបាន បែងចែកជា៨ពូលចាប់ពីពូលកដល់ពូលជ ក្នុង១ពូលៗមានចំនួន៤ក្រុម និងធ្វើ ការប្រកួតរៀងរាល់ថ្ងៃចាប់ពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៥ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៥ ៕
ដោយ៖ សារីម