ភ្នំពេញ៖ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួលស្ត្រីខ្មែរពពោះជំនួស ត្រូវបានលោកកោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង ជាចៅក្រមស៊ើបសួរ នៅល្ងាចថ្ងៃទី២៩ ខែមិថុនា នេះ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបសួរបន្តទៀត ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ពួកគេទាំង៥នាក់ ត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្សដោយឆ្លងដែននិងបទអន្តរការីជាមួយស្រ្តីពពោះ តាមមាត្រា១៦ច្បាប់ស្តីពីការបង្រ្កាបការជួញដូរមនុស្សនិងការពារអនីតិជន និងមាត្រា៣៣២ នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំងនគរបាល មូលដ្ឋាន បានចុះបង្ក្រាបករណីជួញដូរមនុស្ស សម្រាប់នាំឆ្លងដែន និងបទធ្វើអន្តរការីនៃអំពើ ពពោះជំនួស ដោយឃាត់ខ្លួនជនសង្ស័យស្រីប្រុស៥នាក់ និងរំដោះបាននារីរងគ្រោះចំនួន៣៣នាក់។
ប្រតិបត្តិការចុះបង្ក្រាបការពពោះជំនួសនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ចំណុចផ្ទះវីឡាលេខ ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានបញ្ជាក់ថា ដោយ រាល់ថ្ងៃខ្លូន ធ្វើការនៅរោចក្រ បន្ទាប់មកក៏មានមិត្តភក្តិបបួល ដោយនិយាយថា បានលុយច្រើនរហូតដល់១ម៉ឺនដុល្លារ ពេលគិតៗទៅ ក៏យល់ព្រម ពេលនោះ មិត្តភក្តិក៏បានឱ្យម៉ូតូឌុប ឌុបយកទៅបុរីវិមានភ្នំពេញ តែម្ដង។
នារីរងគ្រោះបានបន្តទៀតថា ពេលរូបនាងបានសម្រេចចិត្តធ្វើការងារស៊ីឈ្នួលពពោះនេះ ពេលនោះគេក៏បាននាំទៅមន្ទីពេទ្យ ដើម្បីបាញ់មេជីវិតចូល ដោយបានឈ្នួលក្នុងតម្លៃពពោះកូន១ បានចំនួន១ម៉ឺនដុល្លារ គិតចាប់ពីខែដំបូងឱ្យចំនួន៥០០ដុល្លារ ខែបន្ទាប់ៗមកទៀត៣០០ដុល្លារ រហូតដល់កើត ទើបទទួលបានចំនួន៦០០០ដុល្លារបន្ថែមទៀត។
ក្រោយប្រតិបត្តិការ ស្រ្តីពពោះជំនួសចំនួន៣៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ។ រីឯអ្នកមិនពាក់ព័ន្ធ បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ៖ ចេស្តា