ខេត្តកណ្តាល៖ ស្ត្រីម្នាក់ប្រើល្បិចខ្ចីម៉ូតូអ្នកស្គាល់គ្នាជិះយកទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ ពេលបានលុយយកទៅទិញគ្រឿងញៀនប្រើប្រាស់អស់ ក៏ត្រូវម្ចាស់ម៉ូតូចាប់ខ្លួនកាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅម្តុំវាលខ្សាច់ ស្ថិតក្នុងសង្កាត់ចាត់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាត់ការតាមច្បាប់ ។
ស្ត្រីជើងឆើតខ្ចីម៉ូតូគេយកទៅដាក់បញ្ចាំនោះមានឈ្មោះ តូច លក្ខិណា ហៅស្រីលក្ខ័ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ជនរងគ្រោះឈ្មោះ តឹប ចាន់ណេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិ-សង្កាត់ដើមមៀន ក្រុងតាខ្មៅ ជាម្ចាស់ម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់ ពណ៌ក្រហម ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ1X-9635 ។
ជនរងគ្រោះជាម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ឈ្មោះ តូច លក្ខិណា ហៅស្រីលក្ខ័ (ជនសង្ស័យ) បាននិយាយសុំខ្ចីម៉ូតូរបស់ខ្លួនទៅនោះមួយភ្លេត ។ ដោយយល់ថាជាអ្នកស្គាល់គ្នានោះខ្លួនក៏បានប្រគល់ម៉ូតូទៅឲ្យឈ្មោះ តូច លក្ខិណា ជិះ ។ ជនរងគ្រោះបានបន្តថា បន្ទាប់ពីយកម៉ូតូបានហើយជនសង្ស័យបានយកម៉ូតូរបស់ខ្លួនទៅដាក់បញ្ចាំ នៅឯផ្សារឃ្លាំងរំសេវ ស្ថិតក្នុងរាជធានីភ្នំពេញ ហើយក៏បានគេចខ្លួនរហូតទៅ ។ លុះដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ខ្លួននិងមិត្តភ័ក្របានជិះម៉ូតូតាមរកប្រទះឃើញជនសង្ស័យកំពុងស្ថិតនៅម្តុំវាលខ្សាច់ ក៏ល្បួងយកមកក្រុងតាខ្មៅប្តឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរគមន៍ចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាកស៊ុយហ្ស៊ូគី ស្មាស់ ពណ៌ក្រហម ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ1X-9635 យកទៅដាក់បញ្ចាំនៅឯផ្សារឃ្លាំងរំសេវប្រាកដមែន ។ ជនសង្ស័យបន្តថា ម៉ូតូរបស់ជនរងគ្រោះខ្លួនយកទៅបញ្ចាំក្នុងតម្លៃ២២០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់មកខ្លួនបានយកលុយទាំងនេះដើរស៊ីចាយ និងទិញគ្រឿងញៀនយកមកប្រើប្រាស់ ។ ពេលចាយលុយអស់ក៏ត្រូវបានម្ចាស់ម៉ូតូតាមរកឃើញចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលតែម្តង ៕
ដោយ៖ ស្អាងជ័យ