យកកាំបិតផ្គាក់ប៉ងកាប់សម្លាប់គេ ចោទគេធ្វើអំពើមន្តអាគមអាក្រក់ដាក់ខ្លួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានផ្ទុះកំហឹងខឹងគ្រួសារ ជនរងគ្រោះដោយចោទថាបានធ្វើអំពើមន្តអាគមន៍ដាក់លើខ្លួន រហូតបានយកកាំបិតផ្កាក់ស្ទុះកាប់ប្រហារ តែមិនបានសម្រេចដោយសារតែមានស្ត្រីម្នាក់ឃើញទាន់ស្រែកនិងជួយឃាត់ រួចដាក់ពាក្យបណ្តឹងអោយនគរបាលចាត់ការតាមច្បាប់ ។

នគរបាលស្រុកត្បូងឃ្មុំបានអោយដឹងថា បុរសដែលបាន ប្រើហិង្សាខាងលើត្រូវបានចាប់ឃាត់ខ្លួនតាមបណ្តឹងរបស់ ជនរងគ្រោះពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា។

នគរបាលអោយដឹងថា តាមពាក្យបណ្តឹងបញ្ជាក់ ថា កាលពីថ្ងៃសៅរ៍ ១០រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង៣០នាទី មានករណីប៉ុនប៉ងមនុស្សឃាតមួយកើត ឡើង នៅភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ បង្កឡើងដោយជនល្មើសឈ្មោះផាន រិទ្ធ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាព ដោយយកកាំបិតផ្គាក់មកប៉ុនប៉ងកាប់ពីក្រោយខ្នងឈ្មោះ រ៉ា វាសនា ភេទប្រុស អាយុ៣៤ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិម្រាមទាក ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នគរបាលបញ្ជាក់ថា ការប៉ុនប៉ងកាប់ប្រហារមិនបានសំរេច នោះទេ ដោយសារមានការអន្តរាគមន៍ពីឈ្មោះ ផាន នី ភេទស្រី អាយុ៣៣ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ រ៉ា វាសនា និងឈ្មោះផាន ភាន ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាបង បង្កើត បានស្រែកឆោឡោ និង ជួយចាប់ឃាត់ ទាន់ពេល មិនបណ្ដាលឲ្យឈ្មោះ រ៉ា វាសនា រងរបួសនោះទេ។

ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចភ្លាមមកកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទី២ បានចុះទៅដល់កន្លែងកើតហេតុធ្វើការ ស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន រិទ្ធ បញ្ជូនមអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសា លាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី ។

ក្រោយការឃាត់ខ្លួនសួរនាំ ជនសង្ស័យបានសារភាពថា ដោយសារខឹងគ្រួុសារជនរងគ្រោះបានធ្វើមន្តអាគមន៍អូមអាមដាក់លើខ្លួន ទើបខ្លួនខឹងចងកំហឹងរហូតថ្ងៃកើតហេតុ ធ្វើសកម្មភាពកាប់ប្រហារតែម្តង ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print