ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅសង្កាត់ឬស្សីកែវ ត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង

ចែករំលែក៖

 ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅតាមជួរមាត់ទន្លេ ហូសពីស្ពានបេឡេប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ  ខណ្ឌឫស្សីកែវ ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ​ រួមទាំងសមត្ថកិច្ចកាលពីវេលម៉ោង៣ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រាន មិនដឹងថាមានអគ្គីភ័យឆេះផ្ទះរបស់ពួកគាត់នោះទេ ហើយស្រាប់តែអគ្គីភ័យឆេះផ្ទះរបស់ពួកគាត់តែម្ដង ហើយភ្លាមៗពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ រួមជាមួយនិងពួកគាត់បានយកទឹកមកជះជាបណ្ដើរៗផងដែរ តែទោះជាយ៉ាងណាក្ដី ពួកគាត់មិនអាចពន្លត់អគ្គីភ័យដោយខ្លួនឯងបាននោះទេ រហូតមានការរាលដាលឆេះយ៉ាងសន្ធោសន្ធៅពីផ្ទះមួយ ទៅផ្ទះមួយអស់ជាច្រើនខ្នងតែម្ដង ។
ខណះពេលនោះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ តែដោយសារការចូលរថយន្តពន្លត់អគ្គីភ័យនោះមានការពិបាកផ្លូវតូចបន្តិច រួមជាមួយផ្ទះពួកគាត់សង់ឡើងសុទ្ធតែឈើ ប្រក់សង្ហសី ទើបធ្វើឲ្យការបាញ់ពន្លត់ពិបាក ទើបមានការឆាបឆេះរហ័ស បណ្ដាលឲ្យឆេះអស់ជាច្រើនខ្នង ។ តែទោះជាយ៉ាងណា កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យ បានខិតខំបាញ់ទឹកពន្លត់ និងប្រើពេលវេលាជាង២ម៉ោង ទើបបាញ់រលត់នៅវិញជាស្ថាពរនៅវេលាម៉ោង៥ជិតភ្លឺ ។
  ចំពោះការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ និងការខាតបង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងផ្ទះប៉ុន្មានខ្នងនោះ ខាងអាជ្ញាធរនៅមិនទាន់ដឹងថាអស់ប៉ុន្មាននោះទេ   ដោយគ្រាន់តែសន្និដ្ឋានថា ឆេះអស់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ប្រើទឹកបាញ់ពន្លត់ជាច្រើនគ្រឿង តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ ហើយក៏នៅមិនទាន់ដឹងថា មូលហេតុអ្វីដែលបណ្ដាលឲ្យមានការឆាបឆេះនេះនោះដែរ ដោយខាងអាជ្ញាធររងចាំធ្វើកំណត់ហេតុនាពេលព្រឹកបន្ត៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print