ប្រទេសថៃ៖ ក្រុមអ្នកមុជទឹកយ៉ាងស្ទាត់ជំនាញ នាំមុខនៅក្នុងការជួយសង្គ្រោះកុមារថៃជាប់គាំនៅក្នុងរូងភ្នុំថាំលួងដោយជោគជ័យ ប៉ុន្តែកត្តាសំខាន់បំផុត ដែលមកនូវជោគជ័យទាំងនោះ គឺ កងជំនួយរឹងមាំ។
នៅក្នុងសកម្មភាពជួយសង្គ្រោះដំណាក់កាលទីពីរ ចាប់ផ្តើមនៅវេលាម៉ោង១១ថ្ងៃទី៩ខែកក្កដា កម្លាំងជួយសង្គ្រោះថៃនិងអន្តរជាតិ បានបញ្ជូនកុមារ៤នាក់ទៀតចេញក្រៅរូងភ្នុំដោយជោគជ័យ ។ នៅថ្ងៃដំបូង ក៏បានជួយសង្គ្រោះកុមារ៤នាក់ចេញក្រៅផងដែរ។ សរុបពេលនេះក្រុមជួយសង្គ្រោះបានបញ្ជូនកុមារ៨នាក់ចេញក្រៅដោយសុវត្ថិភាព នៅសល់តែ៥នាក់នៅខាងក្នុង ។
អភិបាលខេត្តឆៀងរ៉ៃ លោក Narongsak Osottanakorn បានប្រកាសថា៖ កុមារដែលនៅក្នុងរូងភ្នុំនោះមានសុខភាពល្អប្រសើរ ។
សកម្មភាពជួយសង្គ្រោះលើកទីពីរ គឺធ្វើឡើង លឿនជាងពេលកំណត់២ម៉ោង ដោយពេលដំបូង បានកំណត់ថានឹងបញ្ជូនចេញនៅម៉ោង ១៩និង៣០នាទី ដល់ម៉ោង ២០និង៣០នាទី ប៉ុន្តែកុមារ ដំបូងបញ្ជូនចេញនៅដំណាក់កាលទីពីរ គឺនៅម៉ោង ១៦និង២៣នាទី ។ ប្រធានក្រុមជួយសង្គ្រោះបានប្រកាសថាការជួយសង្គ្រោះតំណាក់កាលទី៣ និងជាដំណាក់កាលចុងក្រោយ ធ្វើឡើងក្នុងរយៈពេល ២០ម៉ោង ទៀតគិតចាប់ពីការសង្គ្រោះដំណាក់កាលទីពីរបានបញ្ចប់។ ប៉ុន្តែ លោក Narongsak Osottanakorn ប្រធានក្រុមជួយសង្គ្រោះបានបញ្ជាក់ថា នឹងមានការផ្លាស់ប្តូរយុទ្ធសាស្ត្រដោយសារតែ គម្រោងកន្លងមក បញ្ជូនបានតែ៤នាក់ប៉ុណ្ណោះ ហើយតំណាក់កាលចុងក្រោយមានដល់ទៅ៥នាក់។
កន្លងមក កុមារ៤នាក់ដែលបានរំដោះចេញពីរូងភ្នុំនៅតំណាក់កាលទីមួយ ពេលនេះមានសុខភាព ល្អប្រសើរ ហើយទទួលបានការមើពីគ្រូពេទ្យថៃ យ៉ាងយកចិត្តទុកដាក់បំផុត។ តាមការលើកឡើងរបស់អ្នកទទួលបន្ទុក ជួយសង្គ្រោះបានឲ្យដឹងថា កុមារ៤នាក់ដំបូង នឹង អនុញ្ញាត្តិឲ្យជួប ឪពុកម្តាយ នៅយប់នេះ ក្រោយរយៈពេល២៤ម៉ោង កាត់ផ្តាច់ ដោយខ្លាច កុមារមានជម្ងឺផ្សេងពេលនៅក្នុងរូងភ្នុំ។
មួយវិញទៀតការអនុញ្ញាត្តិឲ្យឪពុកម្តាយជួបគឺអាចកើតឡើងក្រោយ ការជួយសង្គ្រោះដំណាក់កាលទី៣បានបញ្ចប់។ មកទល់ពេលនេះអត្តសញ្ញាណ កុមារដែលបានបញ្ជូនចេញមក្រៅមិនត្រូវបានប្រកាសជាសាធារណនោះឡើយ រងចាំរហូតដល់ការជួយសង្គ្រោះចុងក្រោយបញ្ចប់៕
ដោយ៖ មែវ សាធី