ផ្ទះល្វែងនៅបុរីពិភពថ្មីរបស់អ្នកឧកញ៉ាហុង ពីវ អាចសំណង់កេងចំណេញបច្ចេកទេសបណ្តាលឲ្យ​ប្រេះស្ទើរគ្រប់ទីកន្លែង (មានវីដេអូជនរងគ្រោះ)

ចែករំលែក៖

ភ្នំពេញ ៖ អតិថិជនជាវផ្ទះល្វែងសំណង់បុរីពិភពថ្មីខកចិត្តយ៉ាងខ្លាំង ខណៈសំណង់​មាន​តែសោភណ្ឌភាព ប៉ុន្តែគ្មានគុណភាព សង្ស័យការសាងសង់នេះ កេងចំណេញបច្ចេកទេសច្រើនពេក ឬ​សាងសង់​ខ្វះការទទួលខុសត្រូវ​លើគុណភាពបច្ចេកទេស ។

សំណង់ផ្ទះល្វែងមួយកន្លែងនៅបុរីពិភពថ្មី (សាខាកំបូល) ត្រូវបាន​ម្ចាស់​ផ្ទះ​អះអាងថា មានករណីប្រេះជាច្រើនកន្លែង​(ប្រេះសុសគ្រប់ទីកន្លែងដូចទូរស័ព្ទបែកអេក្រង់) ក្នុងនោះ​ អ្នកជាវថែមទាំង​សំណូមពរ​ឲ្យ​សេដ្ឋីចិត្តធម៌ គឺអ្នកឧកញ៉ា ហុង ពីវ សូមចេញមុខមកដោះស្រាយ​ចំពោះសំណង់របស់គាត់ ដែល​សង់គ្មានគុណភាពនេះដល់​អ្នកជាវនោះផង ។ ម្ចាស់អាខោនហ្វេសប៊ុកមួយមានឈ្មោះ Limspirations នាង​បាន​រ៉ាយរាប់​ទាំងបង្ហាញរូបភាព និងផ្ញើសារជាសំឡេងលើវីដេអូឃ្លីបទៅកាន់អ្នកឧកញ៉ា ហុង ពីវ ម្ចាស់សំណង់បុរីពិភពថ្មី ដើម្បី​ចូលខ្លួនមកដោះស្រាយ ក្នុងនោះ នាងបានបញ្ជាក់យ៉ាងលម្អិតថា នាងខ្ញុំបានទិញផ្ទះល្វែងមួយខ្នងនៅបុរីពិភពថ្មី(សាខាកំបូល) បានជួប្រទះ​បញ្ហា ដូចខាងក្រោម៖ ទី១ ប្រេះខ្លាំងស្ទើរគ្រប់កន្លែង ទី២ជាន់ឡៅតឿ បន្ទប់មុខក្រោយប្រេះប្លង់សេ ទី៣ ជញ្ជាំងជណ្តើរប្រេះកាត់ទទឹង៣កន្លែង ប្រវែងជាង២ម៉ែត្រ ទី៤កែងក្រោមជណ្តើរប្រេះ ទី៥ បន្ទប់ទទួលភ្ញៀវប្រេះជញ្ជាំងបញ្ឈរ និងទី៦ ជញ្ជាំងខាងក្រៅផ្ទះប្រេះឡើងសុសដូចទូរស័ព្ទបែកអេក្រង់ ។ នេះនាងមិនទាន់ទាំងបានបូករួមនូវបញ្ហាធំៗមួយចំនួនទៀតនៃសំណង់គ្មានគុណភាពនេះ ។

ម្ចាស់អាខោនឈ្មោះLimspirations បានបង្ហោះជាវីដេអូឃ្លីប ក្នុងន័យផ្ញើទៅកាន់​អ្នកឧកញ៉ា ហុង ពីវ ដែលត្រូវជាម្ចាស់បុរីពិភពថ្មី មេត្តាចេញមុខដោះស្រាយពីបញ្ហាសំណង់ផ្ទះល្វែងរបស់នាង ដោយនាងបញ្ជាក់ថា ក្នុងនាមខ្ញុំជាភ្ញៀវ ទិញចំរបស់គ្មានគុណភាព ហើយព្យាយាមទាក់ទងខាងបុរី ប៉ុន្តែគ្មានដំណោះស្រាយ គ្មានពាក្យសម្តីពិតប្រាកដ គ្មានពេលវេលាជាក់លាក់ តែង​តែបង្អង់ពេល ពន្យារពេល ទាំងដែលផ្ទះ​នៅក្នុង​ការធានាជួសជុលនៅឡើយ ។

ម្ចាស់អាខោនរូបនេះបានបន្តថា ការសន្យា និងកំណត់ថ្ងៃចូលជួសជុលផ្ទះទាក់ទងទៅបុគ្គលិកម្តងៗ គឺរុញឲ្យទាក់ទងទៅមេជាងផ្ទាល់ ឬសុំពេលខ្លះ​ តែងតែសុំពេល៧ថ្ងៃ ថាមានជាងចូលមើល ចូលជួសជុល តែមិនដែលមានជាងមកទេ ៧ថ្ងៃក្លាយទៅជា៧អាទិត្យ ហើយក៏ក្លាយទៅជារាប់ខែ…។ បើខលទៅមេជាង លើកណាក៏គ្មានពេល ក៏រវល់ ក៏ជាប់ដៃ… ហេតុអីផ្ទះគេមានជាងធ្វើ ឯផ្ទះខ្ញុំគ្មាន??? ។ ម្ចាស់អាខោនខាងលើបានបញ្ចេញជាមតិ និងបង្ហាញឲ្យអស់ពីបេះដូរបស់ខ្លួន​ពីការយោគយល់ច្រើនណាស់ដល់បុរីពិភពថ្មីនេះ ក្នុងនោះនាងបាន​បញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំដឹងថា ផ្ទះធ្វើរួច គេតែងតែដកជាង ទើបខ្ញុំតែងតែផ្តល់ពេលវេលាសម្រាប់ពួកគាត់ ប៉ុន្តែការយល់យោគរបស់ខ្ញុំ បានតបស្នងមកវិញ ជាការមើលងាយ ជំនឿទុកចិត្តរបស់ខ្ញុំចំពោះពួកគាត់ទៅវិញ ។

ម្ចាស់អាខោនរូបនេះ​ មិនត្រឹមតែសូមឲ្យសេដ្ឋីចិត្តធម៌ អ្នកឧកញ៉ាហុង ពីវ ចេញមុខមកដោះស្រាយប៉ុណ្ណោះទេ រាល់បញ្ហាខាងលើ ក្នុងនោះ នាងថែមទាំងបញ្ជាក់យ៉ាងលម្អិតអំពី បុគ្គលិកលក្ខណៈរបស់​បុគ្គលិក និងជាងរបស់​បុរីពិភពថ្មី ជូន​ទៅ​អ្នកឧកញ៉ាហុង ពីវ នោះទៀតផងថា បុគ្គលិកមួយចំនួនតូច មាន​អាកប្បកិរិយាមិនសមរម្យ សម្តីមធ្យម ងំទឹកមុខហ្នឹងហ្នង ខ្ញុំមិនចង់បង្ហោះរូបពួកគាត់ទេ ព្រោះមិនចង់ឲ្យប៉ះពាល់ដល់ការងាររបស់ពួកគាត់ ឬអាចនិយាយបានថា ខ្ញុំគោរពសិទ្ធិរបស់ពួកគាត់ ខ្ញុំសូមសំណូមពរដល់បងៗ មេត្តារួសរាយដល់អតិថិជនផង មិនថា ពួកគាត់ជាអ្នកមាន អ្នកមធ្យម អ្នកក្រ ឬក្ររហាម ពាក់ខោមិនខោ អាវមិនអាវក៏ដោយ ក្នុងនាមពួកបងជាអ្នកលក់ គួរគោរព​ដល់អតិថិជន នេះជាចំណេះដឹងមូលដ្ឋានគ្រឹះរបស់អ្នកលក់ (Selling the most basic knowledge) ។

ម្ចាស់អាខោនលើកឡើងទៀតថា បើមេជាងមិញ មហាសន្យា អត់កូនជាងរហូត គិតថា ខ្ញុំអត់គ្រាប់ភ្នែកមែន? ផ្ទះជិតខ្ញុំចូលធ្វើម្តងៗ ជាង​១០កូនជាង តែ​ផ្ទះខ្ញុំ​ ប្រាប់ចង់ស្ទិកមាត់ ក៏គាត់ថា អត់ដែរ ហើយអាសូរតែការិយាល័យនៅឯណា ព្រះអើយ នៅជិតផ្ទះខ្ញុំសោះ ។ ដោយសារតែពុំទាន់មានដំណោះស្រាយ ទើបម្ចាស់អាខោនរូបនេះ ថែមទាំង​លើកឡើងអំពីនីតិវិធីនៃការជាវផ្ទះនេះថែមទៀត ក្នុងនោះ នាងលើក​អំពីកាលបរិច្ឆេទបង់ប្រាក់ ដោយបញ្ជាក់ថា នាងខ្ញុំជាមនុស្ស ដែលគោរពលក្ខខណ្ឌ និងសំណើរបស់អ្នកដទៃ ជាពិសេស​គឺបញ្ហា​ដែលពាក់ព័ន្ធនឹងលុយ នាងខ្ញុំពុំដែលបង់ប្រាក់ជូនបុរីខកខាន ឬមិនទៀងទាត់រហូតឈានដល់ការផាកពិន័យនោះទេ ។ ប៉ុន្តែ​ខាងបុរីវិញ ទី១ ប្រគល់ផ្ទះឲ្យខ្ញុំយឺត១ខែ(ទាំងខ្ញុំតឿនផង បើមិនតឿនមិនដឹងប៉ុន្មានខែទេ) ទី២ សន្យាប្រគល់សោ រួចចូលប៉ះប៉ូវបន្ថែម តែ​មិនឃើញទង្វើ… ទាំងដែលខាងបុរីនិយាយផ្ទាល់ សុំឲ្យខ្ញុំទទួលសោសិន រួចគាត់នឹងចូលធ្វើតាមក្រោយ ៣ សន្យាជួសជុល តែពន្យារពេលឥតល្ហែ ពន្យារពេលដល់ជិតផុតកុងត្រា ។ ក្នុងកិច្ចសន្យា សរសេរថាពិន័យចំពោះអតិថិជនដែលបង់ប្រាក់យឺតយ៉ាវ ចាប់ពីរយះពេលប៉ុន្មានៗ… នឹងត្រូវពិន័យ៥ភាគរយ ប៉ុន្តែពេលដែលបុរីមានកំហុសយឺតវិញ យឺតរហូតរាប់ខែ ហេតុអ្វីគ្មានការបញ្ចុះការប្រាក់ជូនអតិថិជន? ឬក៏បុរីតែងតែត្រូវ អតិថិជនតែងតែខុស ។

ម្ចាស់អាខោនបានបន្តថា ចំពោះបញ្ហាទំនួលខុសត្រូវ ប្រសិនបើផ្ទះខ្ញុំផុតកុងត្រា ខ្ញុំមិននិយាយទេ តែនេះនៅក្នុងកុងត្រា ហេតុអ្វីតែងតែព្រងើយកន្តើយចំពោះបញ្ហារបស់អតិថិជនដែលបានជូនដំណឹងទៅ? ចាំដល់បាក់គ្រឹប ចុះមកទើបបុរី​រកជាងបាន? ឯណាទៅទំនួលខុសត្រូវ? តើ​កិច្ចសន្យា​នៅមានសុពលភាពដែរទេ បើអ្នកលក់មិនគោរពកិច្ចសន្យាផងនោះ ។

អាចជាការក្តៅក្រហាយ​ ឈឺចុកចាប់ក្នុងចិត្តពេក ទើបអតិថិជន ដែលបានជាវផ្ទះល្វែង​បុរីពិភពថ្មី (សាខាកំបូល) ដែល​ម្ចាស់អាខោនឈ្មោះ Limspirations ថែមទាំង​បញ្ចេញនូវ​សំណួរ ដោយបញ្ជាក់ថា សំណួរខ្លីៗ សួរទៅកាន់អ្នកលក់ ១ បើគេធ្វើផ្ទះបែបនេះលក់ឲ្យអស់លោកវិញ តើមានអារម្មណ៍យ៉ាងណា? ទទួលបានទេ? ទី២ តើលោកនឹងរកវិធីអ្វីមកដោះស្រាយ បើសិនផ្ទះមានបញ្ហា តែគ្មាន​ការអើពើពីអ្នកលក់? ទី៣ បើបាក់ស្រុតចុះមក នរណាទទួលខុសត្រូវ ។ នាង​បាន​រំលឹកទៀតថា ចុះបើក្នុងលក្ខខណ្ឌ​ ទី១ ខ្ញុំរកជាងមកធ្វើដោយផ្ទាល់ ហើយបុរីជាអ្នកទូទាត់លុយ ព្រោះបុរីពិបាករកជាងខ្លាំងណាស់? ទី២ ប្រគល់លុយដែលខ្ញុំបានបង់ តាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ មកដល់បច្ចុប្បន្ននេះមកខ្ញុំវិញ (ទាំងការទាំងដើម) ហើយសងជំងឺចិត្តខ្ញុំ៥០ភាគរយនៃតម្លៃផ្ទះទាំងមូល ខ្ញុំនឹងរើចេញក្នុងរយៈពេល១០ថ្ងៃ ព្រោះអ្នកលក់បានបំផ្លាញជំនឿទុកចិត្តរបស់ភ្ញៀវ ។

ម្ចាស់អាខោនខាងលើ​បានគូសបញ្ជាក់ថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ខ្ញុំបានបញ្ជាក់​ជាមួយបងស្រីផ្នែកបេឡាឈ្មោះ សំផស់ ថា ប្រសិនបើនៅតែសន្យាខ្យល់មិនដោះស្រាយឲ្យខ្ញុំទៀត ខ្ញុំនឹងលេងតាមហ្នឹងហើយ, ហើយគាត់ក៏បានឆ្លើយថា ចាស់ (ក្នុងទូរស័ព្ទដៃរបស់ខ្ញុំ ក៏បានថតសំឡេងគាត់ទុកដែរ) ។ ជាចុងក្រោយ នាង​សូមសំណូមពរដល់ពុកម៉ែ បងប្អូន ដែលមានបំណងចង់ទិញផ្ទះនៅបុរីពិភពថ្មីសាខាកំបូល សូមប្រយ័ត្នប្រយែង ឲ្យមានមែនទែនណា ចៀសវាសមានការស្តាយក្រោយទៅថ្ងៃមុខ បំណងល្អពីនាងខ្ញុំ ដែលឆ្លងកាត់ផ្ទាល់ ។ ក្នុងនោះនាងថែមទាំងបញ្ជាក់ថា មួយជីវិតខ្ញុំនេះ មិនដែលមានគំនុំគំគួនជាមួយនរណាម្នាក់ឡើយ ប្រសិនបើសម្តីខ្ញុំដែលនិយាយចេញមកថ្ងៃនេះ អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនាងខ្ញុំទៅថ្ងៃមុខ សូមពុកមែបងប្អូនជួយធ្វើជាសាក្សីដល់នាងខ្ញុំផង ។

ជាក់ស្តែង នៅក្នុង​ការខមមិនចូលលើ​អាខោនមួយនេះ ពិតជាមាននូវពាក្យពេចន៍អសុរោះ និងរិះគន់យ៉ាងពេញទំហឹងពីអតិថិជនទៅលើសំណង់​បុរីពិភពថ្មីរបស់សេដ្ឋីអ្នកឧកញ៉ា ហុង ពីវ ដូច​ជាពាក្យ​ខ្លះថា ហៅជាងដូចអូសឫស្សីបញ្ច្រាសចុង… អ្នកខ្លះទៀត បរិយាយថា ខ្ញុំមិនតែជញ្ជាំងបូកធ្វើមារៀលៗដូចទ្រុងមាន់ និងមួយចំនួនធំទៀត​បានលើកឡើងថា ឆ្ងាញ់តែសម្តីពួកបុគ្គលិកលក់ខ្លះ សម្តីពួកវាខ្លាំងៗណាស់ ដូចវាហ្នឹងម្ចាស់បុរីអឺចឹង ធ្វើការឲ្យគេដែរសោះ មើលសម្តីពួកហ្នឹងទៅ យកមុខណាស់ ឲ្យឆាប់បានឡើងតំណែង ជាបុគ្គលិកឆ្នើម លាមកស្អុយអី? ស្អប់ត្រង់សម្តីពួកហ្នឹង និយាយពេលខ្លះ គ្មានការអនុគ្រោះ ឬសម្តីជាអ្នកចេះដឹងសោះ ។ អ្នកខ្លះទៀត ថែមទាំងបញ្ជាក់ថា ខ្ញុំបានឃើញពួកគេធ្វើហើយ យកខ្សាច់ស្អុយមកបូក រឿងអីផ្ទះមិនប្រេះ ហើយមានអ្នកខ្លះទៀតថែមទាំងខមមិន និយាយត្រង់ៗថា មកពីបុរីនេះ ជួលមេជាងជំនួសវិស្វករ ក្នុងនោះ ក៏មានទាំង​បង្ហាញនូវរូបភាពជញ្ជាំង ពិដាន ប្លង់សេ កន្លែងប្រេះ នៃសំណង់​ផ្ទះល្វែងរបស់បុរីពិភពថ្មីនេះ​យ៉ាងសន្ធឹកសន្ធាប់ថែមទៀត ។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា សំណង់បុរីនីមួយៗ ចាំបាច់​ត្រូវមានច្បាប់សាងសង់ ចាប់តាំងពីថ្នាក់ភូមិ រហូតដល់សង្កាត់ ខណ្ឌ ភូមិបាលខណ្ឌ មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ សាលារាជធានីភ្នំពេញ និង​ឆ្លងកាត់លោកទេសរដ្ឋមន្ត្រីជា សុផារ៉ា ។ ដូច្នេះ រាល់ការសាងសង់ម្ចាស់សំណង់ត្រូវតែទទួលខុសត្រូវ​ចំពោះ​គុណភាព ក៏ដូចជា​សោភណ្ឌភាពទៅតាមអ្វីដែលច្បាប់អនុញ្ញាត ក្នុងនោះមានទាំងការធានាបញ្ហាប្រព័ន្ធលូ ទឹក ភ្លើង សំណង់​ធ្វើតាមស្តង់ដារបច្ចេកទេស មិនឲ្យមានករណីស្រុតប្រេះស្រាំ ដែលជាហានិភ័យចំពោះអតិថិជន ក៏ដូចជាមុខមាត់ក្រុងផងដែរ ។

ផ្ទុយទៅវិញ សំណង់បុរីពិភពថ្មីរបស់អ្នកឧកញ៉ា ហុង ពីវ បើយោងទៅតាមការលើកឡើងពីអតិថិជនរងគ្រោះ​ទិញសំណង់ផ្ទះល្វែង ជួបប្រទះបញ្ហាប្រេះ​គ្រប់ទីកន្លែងហើយ អ្វីដែលឈឺចាប់បំផុតនោះ​ត្រង់ថា ទាំងបុគ្គលិក ទាំងមេជាង ទាំងថៅកែមិនបានយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះសំណង់របស់ខ្លួន ទោះជា​មានការអង្វរកផង សំណូមពរផង ទៅជម្រាប ជូនផង ក៏គ្មាននរណាមកជួសជុល មិនខុសពីអ្វីដែលម្ចាស់អាខោនខាងលើបានរៀបរាប់នោះឡើយ ។

បើទោះជាមានករណីបែបនេះក៏ដោយ អង្គភាពនគរវត្ត មិនអាច​ទំនាក់ទំនងសុំការបំភ្លឺបានទេពី​ម្ចាស់បុរីពិភពថ្មីចិត្តធម៌អ្នកឧកញ៉ា ហុង ពីវ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។

ដោយឡែក ក៏មានមតិមួយចំនួន បានលើកឡើងផងដែរថា បញ្ហាសំណង់​គ្មានគុណភាពដូចជាប្រេះនេះគឺ​កើតឡើងជារឿយៗ ក្នុងនោះ​ករណីខ្លះ ក៏មិនបានសង់ទៅតាមស្តង់ដារបច្ចេកទេសច្បាប់អនុញ្ញាតដែរ ដូច្នេះគួរតែខាងជំនាញសាលារាជធានីភ្នំពេញ ក៏ដូចជាខាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មេត្តា ពិនិត្យជាក់ស្តែងផងថា តើម្ចាស់បុរីគាត់​បានគោរពទៅតាមច្បាប់អនុញ្ញាតដែរឬទេ បើពុំនោះទេ អតិថិជនជាប្រជាពលរដ្ឋ គាត់​នឹងរងគ្រោះ​ ហើយគ្មានទេដំណោះស្រាយ ក៏ដូចជាភាពយុត្តិធម៌សម្រាប់ពួកគាត់ មានន័យថា អ្នកទិញចាំតែខុស អ្នកលក់ចាំតែត្រូវ ជាវប្បធម៌ដ៏អាក្រក់បែបនេះរហូតឬ ៕ សុខខេមរា

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print