ស្លាប់ម្នាក់របួសធ្ងន់ ២នាក់ត្រឹមរយៈពេលជាង ១ម៉ោងប៉ុណ្ណោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងតិចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងស្រ្តីចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយសារការគ្រោះថ្នាក់ចរាចរណ៍ ២ផ្សេងគ្នា នៅស្រុកវាលវែង។

ប្រភពព័ត៌មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា នៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃពុធ ១៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចផ្លូវបំបែកបត់ចូលទៅភូមិស្ទឹងថ្មី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយស្រ្តីម្នាក់ឈ្មោះ ឌឿន រុំ អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ញ៉ោន ស្រីវុីន ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ បានធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម គ្មានស្លាកលេខ បានធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំង ២នាក់រដូករណេលតែម្ដង ដែលករណីនេះគេសង្ស័យបណ្ដាលមកពីស្រ្តីបើកបរម៉ូតូខឹងនឹងកូន។

ប្រភពខាងលើបន្តថា លុះក្រោយមកបន្តិចនៅវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃដដែល ត្រង់ចំណុចអន្លង់ក្រូច ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែងដដែល ក៍មានករណីគ្រោះថ្នាំចរាចរណ៍មួយបានកើតឡើងម្ដងទៀត ដោយគោយន្តកន្រ្តៃរអិលថយក្រោយកៀបមនុស្សជាមួយដើមឈើ បណ្ដាលឲ្យស្លាប់ភ្លាមៗម្នាក់ឈ្មោះ សើន កន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្ន មកស្នាកនៅចំណុចកើតហេតុ។

ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍មន្រ្តីនគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងកម្លាំងពាក់ព័ន្ធ សហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ហើយបានជួយចាត់ចែងសម្រួលបញ្ជូនទៅសង្រ្គោះ ដើម្បីធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី រួមទាំងបន្តការងារជាវត្ថុតាងផងដែរ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print