ខេត្តមណ្ឌលគិរី ៖ ប្រធានស្នាក់ការច្រកទ្វេភាគីដាក់ដាំ លោក សៀក មុន្នី បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅ នឹងកិត្តិយសរបស់អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ខណៈគាត់ជាមេច្រក ហើយយកឈ្មោះលោក អភិបាលខេត្តលោក ស្វាយ សំអ៊ាងថា បានអនុញ្ញាតឲ្យឈើឆៅចំនួន៤ម៉ែត្រគូប ឆ្លងទៅប្រទេសវៀតណាម តាមច្រកទ្វេភាគីដាក់ដាំនារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ ប៉ុន្តែករណីនេះត្រូវបានបែកការណ៍ បន្ទាប់ពីសមត្ថកិច្ចមាត់ច្រក ប្រតិកម្ម និងមិនមានជំនឿថាអភិបាលខេត្តអនុញ្ញាតឲ្យឈើឆ្លងទៅប្រទេសវៀតណាម ស្របពេលគ្មានការ បញ្ជា និងលិខិតស្នាមណាមួយពីអភិបាលខេត្ត។
តាមគម្រោង លោក សៀក មុន្នី ត្រូវអនុញ្ញាតឲ្យឈើនេះចេញទៅវៀតណាម ក្នុងចន្លោះម៉ោង២រសៀលថ្ងៃ នេះ ប្រសិនបើផែនការរបស់គាត់យកឈ្មោះអភិបាលខេត្តមកប្រើ ហើយត្រូវបានសមត្ថកិច្ចដទៃទៀតទុកចិត្ត ប៉ុន្តែផែនការណ៍នេះបានបរាជ័យ ។
ប្រភពគួរឲ្យទុកចិត្តបង្ហើ់បថា លោក សៀក មុន្នី បាននិយាយពាក់ព័ន្ធយកឈ្មោះចៅហ្វាយខេត្តនាំឈើចេញ នេះគឺល្បីរន្ទឺនៅតាមមាត់ច្រក ហើយសមត្ថកិច្ចមិនព្រមអនុញ្ញាត បើទោះជាលោកសៀក មុន្នី អះអាងថាឡាន ដឹកឈើ៤ម៉ែត្រគូបនេះ នឹងត្រូវមានកម្លាំងកងរាជអាវុធហត្ថខេត្តជូនដំណើរផងដែរ ។
ដោយឡែកលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានប្រាប់អង្គភាព នគរដ្រេហ្គន តាមទូរស័ព្ទ ថា «ខ្ញុំមិនបានដឹងទាំងអស់នេះទេ ហើយក៏គ្មានកម្លាំង និងបញ្ជាពីលោកអភិបាលខេត្តឲ្យជូនឡានឈើទាំង នោះដែរ…លោកបន្តថា ខ្ញុំមានភារកិច្ចនៅរាជធានីភ្នំពេញ ចាំឆែកទៅថ្នាក់ក្រោមខេត្ត ដើម្បីសិក្សាពីរឿងនេះ»
លោក សៀក មុន្នី ប្រធានស្នាក់ការទ្វេភាគីដាក់ដាំ ជាមួយនគរដ្រេហ្គនតាមទូរស័ព្ទនារសៀលបានបដិសេធ ថា លោកអភិបាលខេត្តមិនបានប្រាប់មកលោកផ្ទាល់ទេ ហើយប្រាប់ឲ្យឈើ៤ម៉ែត្រគូបនោះឆ្លងទៅវៀតណាម មែន តាមរយៈជំនួយការអភិបាលខេត្តប្រាប់តាមទូរស័ព្ទ ប៉ុន្តែមកទល់ម៉ោងនេះមិនទាន់ឃើញបញ្ជាក់មកម្តង ទៀត ។
លោក សៀក មុន្នីបញ្ជាក់ថា តាមពិតនេះជាកាដូរបស់អភិបាលខេត្តជូនទៅភាគីវៀតណាម ដែលតែងតែមាន ទំនាក់ទំនងល្អនឹងគ្នា រវាងប្រទេសជិតខាង និងខេត្តជាប់ព្រំប្រទល់គ្នា ។
ពាក់ព័ន្ធនឹងការរិះគន់ថា ហេតុម្តេចបានអភិបាលខេត្ត ក៏ដូចជាមេស្នាក់ការ កាដូឈើឆៅជាឡាំងឲ្យទៅភាគី វៀតណាម ដែលជាឈើគ្មានច្បាប់? លោកសៀក មុន្នីបានបញ្ជាក់ថា នេះគ្រាន់តែជាកាដូ ប្រភេទឈើដែល អាចយកទៅឆ្លាក់ ធ្វើជារូប ឬវត្ថុអនុស្សាវរីយ៍តែប៉ុណ្ណោះ ។
បើទោះជាប្រធានស្នាក់ការទ្វេភាគីដាក់ដាំ បកស្រាយក្នុងចេតនាយករួចខ្លួនក៏ដោយ ប៉ុន្តែសមត្ថកិច្ចដទៃផ្សេង ទៀតបានរិះគន់ធ្ងន់មកលើមេច្រករូបនេះ ចាត់ទុកថាគឃ្លើននឹងច្បាប់ ក្នុងនោះសូម្បីតែលោក សុក សារ៉ា នាយករដ្ឋបាលសាលាខេត្ត ក៏អាចពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តៃអង្គភាពនគរដ្រេហ្គនមិនអាចសុំការបំភ្លឺបានទេ នៅរសៀលនេះ ខណៈគ្មានលេខទូរស័ព្ទ ។
ដោយឡែកនៅច្រកប៉ុស្តិ៍៧ណាំលៀ ក៏បានលួចចេញឈើទៅប្រទេសវៀតណាម ដោយមធ្យោបាយរថយន្ត ឡង់គ្រីស័រកែច្នៃ ។ រំលង២ថ្ងៃមុន ឈ្មួញគ្រោងចេញឈើទៅវៀតណាមតាមច្រកប៉ុស្តិ៍ណាំលៀនេះ ប្រមាណ ជិត១០០រថយន្តឡង់គ្រីស័រកែច្នៃ ប៉ុន្តែដំបូងក្នុងចំណោមរថយន្តចំនួន២០គ្រឿង បានចេញដល់ទឹកដីវៀត ណាមចំនួន១៨គ្រឿង ក៏បែកការណ៍ ខាងថ្នាក់លើដឹង រថយន្តដឹកឈើ២គ្រឿងនៅទឹកដីខ្មែរ ត្រូវបានទម្លាក់ ចោល នឹងជាច្រើនគ្រឿងទៀតផ្អាកបណ្តោះអាសន្ន បន្ទាប់ពីមានវត្តមានកងរាជអាវុធហត្ថខេត្ត ក៏ដូចខាងបរិ ស្ថានឃ្លាំមើល ត្រៀមបង្ក្រាប ។
គេបានបញ្ជាក់យ៉ាងលម្អិតថា សកម្មភាពចេញឈើតាមច្រកប៉ុស្តិ៍៧-ណាំលៀ គឺមានមេខ្លោង២រូបជាអ្នករត់ ការ មានឈ្មោះ កែវ ចិន្តា និង លោក មេនគរបាលវរៈការពារព្រំដែនលេខ៣០៣ តែងតែរត់ការបង់លុយផង និងចេញឈើលោតឆត្រផង បន្ទាប់ពីមេច្រកប៉ុស្តិ៍៧-ណាំលៀញៀននឹងទទួលផលប្រយោជន៍ពីបទល្មើសដឹក ជញ្ជូនឈើខុសច្បាប់នេះយ៉ាងដុះស្នឹម ល្បីរន្ទឺពេញខេត្តមណ្ឌលគិរី ។ ប៉ុន្តែបុគ្គលមេច្រកនេះ មិនត្រូវទទួល ការស្តីបន្ទោសពីថ្នាក់លើ ដូចជា ស្នងការ ស្នងការរងទទួលបន្ទុកនោះទេ ខណៈឈើឆ្លងទៅវៀតណាមកាន់តែ ច្រើន ក៏អាចក្លាយជាប្រភពសេដ្ឋកិច្ចឆ្នាំងបាយមេៗថ្នាក់លើ និងសមត្ថកិច្ចជាច្រើនស្ថាប័នទៀត ៕ សិលា