ភ្នំពេញ ៖ អគ្គិសនីកម្ពុជាបានចេញ លិខិតបដិសេធមួយថា មិនមានភាព មិនប្រក្រតីណាមួយពាក់ព័ន្ធនឹងនាឡិកា ស្ទង់(កុងទ័រ) ដែលបង្កឱ្យការប្រើប្រាស់ ភ្លើងកើនឡើងខុសប្រក្រតីនោះទេ ។ សេចក្ដីបដិសេធចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៥ បានបន្ថែមថា ការកត់ត្រាខុស លេខកុងទ័រក៏មិនមាននោះដែរ ។ សេចក្ដីបំភ្លឺជាសាធារណៈនេះបាន បញ្ជាក់ចំពោះអតិថិជនណាដែលមាន ការសង្ស័យលើបញ្ហានាឡិកាស្ទង់ ឬកុង ទ័រអាចទៅដាក់ពាក្យបណ្ដឹងនៅអាជ្ញាធរ អគ្គិសនីកម្ពុជាដែលមានទីតាំងនៅអគារ លេខ០២ ផ្លូវលេខ២៨២ សង្កាត់បឹងកេង កង១ ខណ្ឌចំការមន ក្បែរវិមានឯករាជ្យ។ អគ្គិសនីកម្ពុជាក៏បានជំរុញឱ្យអតិថិជន ដែលជាអ្នកប្រើប្រាស់ភ្លើងសព្វថ្ងៃឱ្យ បញ្ជូនកុងទ័រ ឬនាឡិកាវាស់ស្ទង់ប្រើ ប្រាស់ភ្លើងទៅឱ្យអ្នកជំនាញនៅក្រៅ ប្រទេសពិនិត្យបន្ថែមទៀត ប្រសិនបើ នៅតែមិនអស់ចិត្ដនោះ ។ សេចក្ដីបំភ្លឺរបស់អាជ្ញាធរអគ្គិសនី កម្ពុជាមើលទៅហាក់ដូចជាប្រជាពល រដ្ឋក្នុងរាជធានីភ្នំពេញមានចេតនា អាក្រក់ក្នុងការដាក់កំហុសទៅលើអាជ្ញា ធរអគ្គិសនីអំពីបញ្ហាកុងទ័រភ្លើងឬនិយាយ ឱ្យខ្លីការប្រើប្រាស់ភ្លើងខែមុនអស់លុយ ច្រើន ។ ប្រជាពលរដ្ឋស្ទើរតែទាំងអស់ ក្នុងរាជធានីភ្នំពេញដែលជាអ្នកប្រើភ្លើង អគ្គិសនីកម្ពុជា ហើយបង់លុយឱ្យអគ្គិសនី កម្ពុជា(លើកលែងអ្នកប្រើភ្លើងមិនបង់លុយ) សុទ្ធតែនិយាយដូចៗគ្នាថា របស់ របរប្រើប្រាស់ក្នុងផ្ទះក្នុងចំនួនដដែល ប៉ុន្ដែការចំណាយទៅលើការប្រើភ្លើង អំឡុងខែមុននោះកើនឡើងស្ទើរទ្វេដង ។ នេះគ្រាន់តែជាការលើកឡើងរបស់ប្រជា ពលរដ្ឋដែលជាអ្នកប្រើប្រាស់ភ្លើងអំពី ការពិត មិនមែនប្រឌិតដើម្បីបង្កាច់ បង្ខូចអគ្គិសនីកម្ពុជានោះទេ ។ យ៉ាងនេះ ក៏គ្មានន័យថា សេចក្ដីលើកឡើងទាំង ឡាយរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការ ប្រើភ្លើងអស់លុយច្រើនកាលពីខែមុន ក្នុងប្រយោជន៍ជាផ្លូវនយោបាយអ្វីនោះ ដែរ ។ និយាយឱ្យខ្លីទៅ គឺប្រជាពលរដ្ឋ ក្រីក្រខ្វល់ខ្វាយពីជីវភាព ចេះតែស្រែក នៅពេលដែលមានភាពមិនប្រក្រតីអ្វី មួយកើតឡើង ។ លោក កាន់ សម្បត្ដិ ប្រជាពលរដ្ឋ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខបាន និយាយថា “ខ្ញុំស្បថ ភ្លើងផ្ទះខ្ញុំប្រើអស់ ច្រើនមែនកាលពីខែមុន, គ្មានប្រយោជន៍ ទេដែលខ្ញុំត្រូវអួតពីការប្រើភ្លើងអស់ លុយច្រើន, ខ្ញុំគ្រាន់តែឆ្ងល់, ខ្ញុំគ្មានពេល ប្ដឹងផ្ដល់អីទេ” ។ ក្នុងនាមមន្ដ្រីរាជការ លោកសម្បត្ដិ បានអះអាងថា ការចំណាយ ទៅលើការប្រើប្រាស់ភ្លើងកាលពីខែមុន បានកើនឡើងមិនមែនតែផ្ទះលោកនោះ ទេ ។ ផ្ទះអ្នកជិតខាងផ្សេងទៀតក៏ឮគេ និយាយរអ៊ូរទាំដូចគ្នានេះដែរ ។ មិនមែនតែប្រជាពលរដ្ឋនៅសង្កាត់ ទឹកថ្លាម្នាក់នេះទេដែលនិយាយអំពីបញ្ហា ភ្លើងដែលបានកើតឡើងកាលពីខែមុន ។ នៅកណ្ដាលរាជធានីភ្នំពេញម្ដុំបុរីកីឡា លោក អ៊ីង អេន ដែលជាអ្នករកស៊ីគួក ជេរម៉ូតូបានសួរត្រឡប់មកអ្នកកាសែត វិញថា “ផ្ទះបងឯងប្រើភ្លើងអស់លុយ ច្រើនទេខែមុន?” ។ លោកបានស្ដីបន្ទោស ភរិយាអំពីការដែលមិនសន្សំសំចៃភ្លើង ព្រោះជាធម្មតានៅរដូវក្ដៅលោកថា ភ្លើងស៊ីបន្ដិចហើយ ។ លោក អ៊ីង អេន ឆ្លើយតបដោយលើកសម្ដីរបស់គាត់ ប្រាប់មកវិញថា “សូម្បីតែហូបបាយ ពេលល្ងាចក៏ចង់បើកភ្លើងផង” ។ នរណាៗក៏និយាយពីរឿងភ្លើងដែរ ក្នុង រង្វង់ខែឧសភា និងខែមិថុនាកន្លងទៅ ។ នៅឯតំបន់ជាយក្រុងក្នុងសង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ក៏ដូចសង្កាត់ និរោធន៍ ខណ្ឌច្បារអំពៅ តំបន់ដែលទើប តែមានការអភិវឌ្ឍខ្លាំង ប៉ុន្ដែភ្លើងបាន ដាច់ញឹក ។ សម្រាប់អ្នកដែលប្រើប្រាស់ ភ្លើងនៅទីនោះក៏មិនខុសពីអ្នកនៅកណ្ដាល ទីក្រុងដែរ ។ ពួកគាត់បានរអ៊ូរទាំអំពីការ ចំណាយក្នុងការប្រើប្រាស់ភ្លើងអំឡុងខែ ឧសភា និងខែមិថុនាកន្លងទៅថា មានការ កើនឡើងគួរឱ្យកត់សម្គាល់ ។ មន្ដ្រីសាលារាជធានីភ្នំពេញមួយរូប បានអះអាងក្នុងលក្ខខណ្ឌមិនឱ្យបញ្ចេញ ឈ្មោះថា អគ្គិសនីកម្ពុជាត្រូវទទួលស្គាល់ ការពិតថា ខែមុនភ្លើងដាច់ច្រើន ហើយ អ្នកប្រើប្រាស់រអ៊ូរទាំអំពីការចំណាយ ថវិកាច្រើនទៅលើបញ្ហាភ្លើង ។ លោក ថា សាលារាជធានីភ្នំពេញបានទទួល ព័ត៌មានស្ដីអំពីអ្វីដែលប្រជាពលរដ្ឋលើក ឡើងពាក់ព័ន្ធទៅនឹងបញ្ហាភ្លើង ប៉ុន្ដែ “វាមិនមែនជាបញ្ហាដែលសាលាក្រុង ត្រូវដោះស្រាយទេ” ។ មន្ដ្រីរូបនេះនិយាយ ថា ត្រូវទទួលស្គាល់ការពិត មិនមែនអ្វីៗ ចេះតែបដិសេធនោះទេ ។ សម្រាប់ប្រជាពលរដ្ឋដែលមានការ ចេះដឹងយល់ថា សេចក្ដីបដិសេធរបស់ អាជ្ញាធរអគ្គិសនីកម្ពុជាចំពោះបញ្ហា ដែលបានកើតឡើងក្នុងការប្រើប្រាស់ អគ្គិសនីនាពេលកន្លងមកថា ជាការមើល ស្រាលទឹកចិត្ដប្រជាពលរដ្ឋអ្នកបោះ ឆ្នោត ។ វាជាការពិតប្រសិនបើមិន ចំណាយអស់ច្រើនក្នុងការប្រើភ្លើងទេ នោះក៏គ្មានប្រជាពលរដ្ឋណាស្រែករអ៊ូរទាំ យ៉ាងនេះដែរ ។ ប្រជាពលរដ្ឋទាំងឡាយ គ្មានចេតនាអាក្រក់ជាមួយអគ្គិសនី កម្ពុជានោះទេ ។ ផ្ទុយទៅវិញប្រសិនបើ ការប្រើប្រាស់ភ្លើងកាន់តែចំណាយតិច នោះប្រជាពលរដ្ឋកាន់តែសប្បាយចិត្ដ ហើយកាន់តែមានសមានចិត្ដជាមួយ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណ បក្សប្រជាជនកម្ពុជា ៕ ហេង សូរិយា