ខេត្តពោធិ៍សាត់៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកភ្នំក្រវាញ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង ។
ប្រតិបតិ្ដការនេះប្រព្រឹត្តឡើងកាលពីវេលាម៉ោង ៨.៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅនឹងផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកវរៈសេនីយ៍ទោ ស៊ឹង សុភ័ក្រ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនត្រូវបានគេស្គាល់ឈ្មោះ មឿន ចាន់ថុន (មីញ) ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ.ឃុំខាងលើ ។ លោកនាយការិយាល័យបន្ដថា ការឃាត់ខ្លួនជនសង្ស័យរូបនេះគឺអនុវត្តន៍តាមដីកា បង្គាប់ឱ្យចាប់ខ្លួនលេខ ៣១២ ដកបចខ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង ខណៈជនសង្ស័យរូបនេះជាប់ពាក់ព័ន្ធពីបទឃាតកម្មប្រព្រឹត្តនៅភូមិ.ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ។
លោកនាយការិយាល័យបន្ដទៀតថា ទោះបីកិច្ចការជួបភាពលំបាកយ៉ាងណាក្ដី លោកនៅតែដឹកនាំកម្លាំងពុះពារប្រឹងប្រែងគ្រប់ឧបសគ្គដើម្បីអនុវត្ត ក្នុងនាមលោកជានាយនគរបាលបម្រើប្រជាពលរដ្ឋមួយរូប ហើយជនសង្ស័យកំពុងរងចាំសមត្ថកិច្ចជំនាញខេត្តស្ទឹងត្រែង ដើម្បីប្រគល់ខ្លួនជនសង្ស័យខាងលើបន្តតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន