ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈជិះម៉ូតូរំលោភផ្លូវទៅបុករថយន្តពេញទំហឹង កំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៣ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវកៅស៊ូ ត្រង់ចំណុចផ្លូវបំបែកចូលទៅឃុំខ្នាទទឹង ចម្ងាតប្រមាណ ៥៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះស្លាប់ជាម្ចាស់ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅលាយផ្ទៃមេឃ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អ៊ុន ម៉ុន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិរហាទិល ឃុំតាលោក ស្រុកបាកាន ខេត្តពោធិ៍សាត់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ បានជ្រុលបុករថយន្តម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2D-8706ពេញទំហឹងខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យភាគីខាងម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ចំណែកអ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះ ឆាន់ រ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (រត់គេចខ្លួន) ម្ចាស់រថយន្តឈ្មោះ ហួន អ៊ឹម ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅជាមួយអ្នកបើកបរខាងលើ នេះតាមការបញ្ជាក់ពីនគរបាលស្រុកបាកាន ។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុកបាកាន ឱ្យដឹងទៀតថា វត្ថុតាងរថយន្ត និងម៉ូតូបានប្រគល់ឱ្យនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយគ្នាជាក្រោយ ចំណែកសាកសពប្រគល់ឱ្យក្រុមសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន