ភ្នំពេញ៖ លោក Lee Tea Hoon គ្រូបង្វឹកក្រូមជម្រើសជាតិកម្ពុជាបាន ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិក្រោយពីប្រកួតចាញ់ក្រុមជម្រើសជប៉ុន០-២កាលពីរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ថា មូលហេតុដែល លោកសម្រេចចិត្ដដាក់កីឡាករឱ្យឡើងការពារច្រើនជាងប្រយុទ្ធ ពីព្រោះការ ប្រកួតនៅលើទឹកដីខ្លួនឯងមានការ លំបាកខ្លាំងជាងប្រកួតលើទឹកដីរបស់គេ។
លោក Lee Tea Hoon មាន ប្រសាសន៍បន្ដថាហេតុផលដែលធ្វើឱ្យ ខ្ញុំសម្រេចចិត្ដបែបនេះគឺ ទី១-ខ្ញុំខ្លាច កីឡាកររបស់យើងបាក់ទឹកចិត្ដ ទី២- ប្រសិនបើខ្ញុំឱ្យពួកគេប្រយុទ្ធច្រើន គឺខ្លាចក្រុមជម្រើសជាតិរបស់យើង ចាយគ្រាប់បាល់ច្រើនធ្វើឱ្យប៉ះពាល់ ទម្រង់លេងកាន់តែខ្លាំងឡើង ទី៣-នៅ ពេលណាកីឡាករយើងបែកទម្រង់លេងគឺនៅពេលនោះហើយដែលត្រូវចាយ គ្រាប់បាល់ច្រើន ម្យ៉ាងវិញទៀតក៏ធ្វើឱ្យ ប៉ះពាលដល់អារម្មណ៍ក្រុមអ្នកគាំទ្រខ្លាំងដែរ ។
លោក Lee បានលើកហេតុផលថា យើងដឹងហើយកីឡាករជម្រើសជាតិ របស់យើងប្រាក់ខែក៏មានកម្រិត ប៉ុន្ដែអ្វី ដែលក្រុមជម្រើសជាតិកម្ពុជាធ្វើបាន ល្អនាពេលនេះគឺកម្លាំងចិត្ដបានមកពី អ្នកគាំទ្រដ៏ច្រើនលើសលប់បើទោះបី ការប្រកួតនេះក្រុមកម្ពុជាលេងចាញ់ ក្រុមជប៉ុនក្នុងលទ្ធផល ០-២ មែនពិត ប៉ុន្ដែយើងអាចបន្ថយចំនួនគ្រាប់បាល់ ចាញ់ពី៣គ្រាប់មកនៅត្រឹម២គ្រាប់ ប៉ុណ្ណោះ ។
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបបានបន្ដទៀតថា ពួកយើងគ្រប់គ្នាប្រហែល ដឹងច្បាស់ពីក្រុមជប៉ុនហើយ ដូច្នេះ ក្រុមបាល់ទាត់កម្ពុជាមិនអាចប្រៀប ធៀបជាមួយក្រុមជប៉ុនបានទេ ។ ចំពោះ ក្រុមជប៉ុនពួកគេពុំធ្លាប់ចាយគ្រាប់បាល់១គ្រាប់ណានៅឡើយសម្រាប់ការប្រកួតវគ្គជម្រុះ FIFA World Cup តំបន់អាស៊ី កន្លងទៅ ។
គួររំលឹកថា ជំនួបប្រកួតរវាងក្រុម ជម្រើសជាតិកម្ពុជានឹងក្រុមជម្រើស ជាតិជប៉ុនកាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥មានអ្នកគាំទ្រចូលរួមទស្សនា ប្រមាណ២៩៨៧១នាក់ ក្នុងនោះក្រុម ជម្រើសជាតិទាំង២ប្រទេសសុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំកីឡាក្នុងប្រទេសកម្ពុជា និង មានការអញ្ជើញចូលរួមទស្សនាការ ប្រកួតផ្ទាល់នៅទីលានពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជា ប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី ក្រសួងអប់រំយុវជននិងកីឡា លោក សៅ សុខា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេស កម្ពុជាលោក សៅ សុខា ប្រធានសហព័ន្ធ កីឡាបាល់ទាត់កម្ពុជានិងប្រធានសហ ព័ន្ធកីឡាបាល់ទាត់ប្រទេសជប៉ុន ៕
ដោយ៖ សារីម