ខេត្តតាកែវ៖ មនុស្សយ៉ាងតិច៥នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកស៊ីម៉ង់ត៍សង្ស័យងងុយដេកបើកបុកជាមួយរថយន្តដឹកភេសជ្ជៈខារ៉ាបាវ បញ្ច្រាស់ទិសគ្នា ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទួលតាចិន ឃុំខ្វាយ ស្រុកសំរោង ខេត្តតាកែវ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះ៥នាក់បានបាត់បង់ជីវិតសុទ្ធតែប្រុស រីឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ សមត្ថកិច្ចនៅមិនទាន់ដឹងពីអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ។
ភ្នាក់ងារយកព័ត៌មានកាសែតនគរវត្តប្រចាំខេត្តតាកែវ លោក ជី សូរកា បានរាយការណ៍ថា មុនពេលកើតហេតុ រថយន្តដឹកស៊ីម៉ង់ត៍បានបើកបរក្នុងទិសដៅពីត្បូងមកជើង ។ លុះមកដល់ចំណុចកើតហេតុ ក៏បុកជាមួយរថយន្តម្ខាងទៀតដែលធ្វើចរាចរណ៍បញ្ច្រាស់ទិសគ្នានោះតែម្តង ៕
ដោយ៖ ជី សូរកា