ប្រទេសថៃ៖ ក្រោយរយៈពេល១សប្តាហ៍ដែលរំដោះកុមារទាំង១២នាក់និងគ្រូបង្វឹកម្នាក់ ក្នុងក្រុមកីឡា «ជ្រូកព្រៃ» U 16 ដែលជាប់នៅក្នុងរូងភ្នុំថាំលួង ខេត្តឈៀងរ៉ៃ ពេលនេះបានបង្ហាញខ្លួនជាសាធារណលើកដំបូង នៅក្នុងសន្និសីទ កាសែត ។
ក្រុមអ្នកសារព័ត៌មានបានសួរនៅសំណួរជាង ១០០សំណួរទៅកាន់សមាជិកក្រុមកីឡាករខាងលើនឹងគ្រូបង្វឹកនៅក្នុងសន្និសីទកាសែតនាថ្ងៃទី១៨ខែកក្កដា។
ហេតុអ្វីបានជាក្រុមកីឡាករ ចូលទៅក្នុងរូងភ្នុំថាំលួង?
គ្រូបង្វឹងវ័យ២៥ឆ្នាំ លោក Ekaphol Chantawong បានបញ្ជាក់ថា៖ សមាជិកក្រុមទាំងអស់បានព្រមព្រៀងគ្នាចូលក្នុងរូងភ្នុំ ដើម្បីចង់ដឹងចង់ឃើញ ក្នុងរយៈពេល១ម៉ោង។ គ្រូបង្វឹកក៏បានបញ្ជាក់ទៀតថា៖ ពួកគាត់មិនបានចូលទៅទីនោះដើម្បីធ្វើខួបកំណើតដល់សមាជិក ក្រុមនោះឡើយ ដូចការផ្សាយរបស់សារព័ត៌មានកាលពីកន្លងមក។ គ្រូបង្វឹកបានបញ្ជាក់បន្តថា៖ នៅពេលដែលវិលត្រឡប់ចេញក្រៅវិញទើបដឹង ថាខ្លួនជាប់គាំងនៅខាងក្នុង ។
គ្រូបង្វឹក Ekaphol Chantawong បានបញ្ជាក់ថា៖ ក្រុមកីឡាករគឺចេះហែលទឹកទាំងអស់ដោយក្រោយការហ្វឹកហាត់ប្អូនៗតែងតែ ទៅហែលទឹក ។ កន្លងមក សារព័ត៌មានបានផ្សាយថា គ្មានកុមារណាម្នាក់នៅក្នុងក្រុមចេះហែលទឹកនោះឡើយ។ លោក Ekaphol Chantawong បន្តទៀតថា ពេលដំបូង ក្រុមទាំងមូលបានសម្រេច រកផ្លូវចាកចេញ ។ ពេលដំបូង ក្រុមកីឡាករ មិនមានការភ័យខ្លាចនោះឡើយ ដោយគិតថា ទឹកនឹងស្រកចុះវិញ ហើយនឹងមានមនុស្សមកជួយនៅថ្ងៃបន្ទាប់។
គ្រូបង្វឹងក Ekaphol Chantawong បានព្យាយាមលើកទឹកចិត្ត ស្មារតីកូនសិស្សរបស់ខ្លួនក៏ឲ្យភ័យខ្លាច ហើយក៏បានរកទឹកផឹក ដោយផឹកទឹកស្រក់ពីភ្នុំ មិនហានផឹកទឹក ហូរនោះឡើយខ្លាច មានជម្ងឺ។ ប្អូនៗគ្មានអ្វី ញាំឡើយមានតែទឹកផឹកប៉ុណ្ណោះ មុនពេលត្រូវក្រុមអ្នកមុជទឹករកឃើញ។
តើអ្នកណាជាអ្នកសម្រេច ឲ្យក្រុមកីឡាករ ចេញមកក្រៅតាមលំដាប់?
គ្រូបង្វឹក Chantawong បានបញ្ជាក់ថា គ្មានកីឡាករណាម្នាក់ដណ្តើមចេញក្រៅមុនឡើយ ។លោកChantawong បាននិយាយ បែបកំប្លែងទៀតថា កីឡាកររូបណា ដែលមានផ្ទះនៅឆ្ងាយពីរូងភ្នុំជាងគេនិង ចេញមុនគេ ។គ្រូពេទ្យដែលចូលទៅក្នុងរូងភ្នុំបានបញ្ជាក់ថា សុខភាពនិងស្មារតីកុមារទាំងអស់ល្អប្រសើរ ដូច្នេះ ការសម្រេចចេញមកក្រៅ អ្នកណាមុន ក្រោយជាការស្ម័គចិត្ត។ គ្រូបង្វឹកខាងលើ បានបញ្ជាក់ថា គ្មានកីឡាករណាម្នាក់ចង់ចេញក្រៅមុន មិត្តភក្តិរបស់ខ្លួននោះឡើយ (ចេញចោលមិត្តភក្តិ) ដោយពួកគេមានទំនាក់ទំនងជិតស្និតនឹងគ្នាយ៉ាងខ្លាំង ចេះថែរក្សាគ្នា រួមសុខទុក្ខ នឹងគ្នាបានយ៉ាងល្អបំផុត។
តើកីឡាករ ៣នាក់និងគ្រូបង្វឹកម្នាក់ នឹងក្លាយជា ពលរដ្ឋថៃពេញសិទ្ធដែរឬទេ?
មន្ត្រីក្នុងតំបន់ដែល មានវត្តមាននៅក្នុងសន្និសីទកាសែតនោះបានបញ្ជាក់ថា ឯកសារទាំងឡាយបានដាក់បញ្ជូនទៅឲ្យនាយកដ្ឋាន ។ ដូច្នេះ កីឡាករ៣រូបនិងគ្រូបង្វឹក នឹងក្លាយជាពលរដ្ឋថៃពេញសិទ្ធនៅពេលដ៏ខ្លីខាងមុខ។
ក្រៅពីរៀបរាប់ជីវិតឯកោក្នុងរូងភ្នំរយៈពេល ៩ថ្ងៃ ក្មេងទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេក៏បានប្រាប់ថា ក្នុងពេលសម្រាកក្នុងមន្ទីរពេទ្យ ពួកគេក៏បានមើលការប្រកួតបាល់ទាត់ពិភពលោកក្នុងវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជ្រើសជាតិបារាំង និងក្រូអាត នាយប់ថ្ងៃអាទិត្យ ទី១៥ កក្កដាដែរ។ បន្ទាប់មក មានអ្នកខ្លះបានប្រាប់ឲ្យដឹងពីការចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់ជំនាញទៀតផង។ គួររម្លឹកជូនឡើងវិញថា ក្មេងទាំង ១២នាក់ដែលមានអាយុពី ១១ឆ្នាំទៅ ១៦ឆ្នាំ និងគ្រូបង្វឹកបាល់ទាត់របស់គេម្នាក់អាយុ ២៥ឆ្នាំបាននាំគ្នាចូលក្នុងរូងភ្នំ Tham Luang ស្ថិតក្នុងខេត្តឈៀងរ៉ៃកាលពីថ្ងៃទី២៣ មិថុនា និងបានជាប់កុនចេញមិនរួចដោយសារទឹកឡើងខ្លាំងក្នុងរូងភ្នំ។
គេត្រូវរង់ចាំរហូតដល់ ៩ថ្ងៃទើបក្រុមអ្នកជំនាញមុជទឹកជនជាតិអង់គ្លេសបានរកឃើញទីកន្លែងរបស់ពួកគេដែលមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីច្រកផ្លូវចូល។ តាំងពីពេលនោះមក រដ្ឋាភិបាលថៃដោយមានជំនួយពីអន្តរជាតិបានព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីរំដោះពួកគេចេញ។ ទីបំផុត ប្រតិបត្តិការរំដោះពួកគេបានចាប់ផ្តើមជាផ្លូវការក្នុងថ្ងៃអាទិត្យ ទី៨ កក្កដា និងបញ្ចប់ក្នុងថ្ងៃអង្គារ ទី១០ កក្កដាដោយរំដោះបានក្មេងទាំង ១២នាក់ រួមទាំងគ្រូបង្វឹកបាល់ទាត់របស់ពួកគេដោយសុវត្ថិភាព។ តែពួកគេត្រូវបានរដ្ឋាភិបាលបញ្ជូនភ្លាមៗទៅឲ្យសម្រាកពិនិត្យសុខភាពក្នុងមន្ទីរពេទ្យជាង ១សប្តាហ៍ទើបអនុញ្ញាតឲ្យបង្ហាញខ្លួនជាសាធារណៈក្នុងថ្ងៃពុធ ទី១៨ កក្កដា។
ក្នុងឱកាសសន្និសីទកាសែតរួមគ្នានោះដែរ ក្មេងទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធចំពោះអ្នកជំនាញមុជទឹកជនជាតិថៃម្នាក់ដែលបានស្លាប់នៅក្នុងប្រតិបត្តិការសង្រ្គោះពួកគេ ព្រមទាំងលុតជង្គង់ក្រាបក្បាលចុះនៅចំពោះមុខរូបថតព្រះមហាក្សត្រថៃ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា ក្មេងទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់អាចនឹងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគេនាពេលឆាប់ៗខាងមុខ៕
ដោយ៖ មែវ សាធី