ខេត្តកណ្តាល៖ រសៀលថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំកម្លាំងទប់ទល់ជាមួយនឹងទឹកជំនន់ស្ទឺងព្រែកត្នោត ដើម្បីការពារភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។
សូមបញ្ជាក់ជូនថា ទោះបីជាទឹកជំនន់នៅក្នុងខេត្តកំពង់ស្ពឺបានធូរស្រាលបន្តិច ប៉ុន្តែពេលនេះ ទឹកកំពុងហូរធ្លាក់យ៉ាងគំហុកទៅកាន់ផ្នែកខាងក្រោម តាមស្ទឺងព្រែកត្នោត និងកំពុងគម្រាមកំហែងរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ ចំពោះមុខបញ្ហានេះ លោករដ្ឋមន្ត្រីបានដឹកនាំកម្លាំងផ្ទាល់ ចុះទប់ទល់ជាមួយនឹងទឹកជំនន់នៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ដើម្បីការពារកុំឱ្យមានការហូរច្រោះ លិចចូលតំបន់ទំនាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានរៀបចំឱ្យមានក្រុមប្រចាំការ ២៤ ម៉ោង លើ ២៤ ម៉ោង សម្រាប់ប្រចាំការ និងតាមដាន ដើម្បីធានានូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្សួលទឹកនេះ ត្រូវការរយៈពេលប្រមាណ ១០-១២ ម៉ោងទៀត ទើបបានធូរស្រាលទៅវិញ៕
ដោយ៖ សុខ ខេមរា