យុទ្ធនាការ​ឃោសនារកសំឡេង ឆ្នោត​លើកទី៣ របស់គណបក្ស​ប្រជាជន​កម្ពុជាបានជួបជុំ​គ្នានៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង ​សន្និសីទ​កោះ​ពេជ្រ មានមនុស្សចូលរួម៣៥០០០នាក់

ចែករំលែក៖

ភ្នំពេញ ​៖ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ របស់គណបក្ស​ប្រជាជន​កម្ពុជាបានជួបជុំ​គ្នានៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង ​សន្និសីទ​កោះ​ពេជ្រ នៅព្រឹក​ថ្ងៃទី​២២ខែកក្កដា ឆ្នាំ​២០១៨នេះ ក្រោមវត្តមានសម្តេចវិបុសសេនាភក្តីសាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយមានការចូលរួមពីសមាជិក​ចូលរួម​ប្រមាណ​៣៥០០០​នាក់​ មកពី១២ខណ្ឌក្នុងរាជធានីភ្នំពេញ។

កម្មវិធី បើក​យុទ្ធនា​ការឃោសនាជាលើកទី៣របស់គណបក្ស​ប្រជាជន​កម្ពុជានេះ​បាន​ចាប់ផ្តើមឡើង​នៅ​ម៉ោង ៧និង៤០ ព្រឹក ជាមួយនឹងការ ថ្លែងសន្តរកថារបស់សម្តេចវិបុសសេនាភក្តី រួចទើបក្បួន​ឃោសនា​ធ្វើដំណើរបានចេញ​ពី​កោះ​ពេជ្រ​ ដោយបែបចែកជា២ខ្សែដើម្បីដង្ហែក្បួន ក្នុងនោះខ្សែទី១ ចាកចេញពីកោះពេជ្រ មកដល់នាគបាញ់ទឹក បត់ឆ្វេងឡើងផ្លូវសុធារស បន្តមកផ្លូវ ម៉ៅសេទុង ឆត់ឆ្វេងឡើងមុនីវង្ស ឡើងលើស្ពានព្រះមុនីវង្ស បត់ស្តាំមកផ្លូវព្រែកប្រា( ផ្លូវ៣៦៩) ឆ្ពោះមកស្ពានព្រែកសំរោង បត់ឆ្វេងមកស្តុបTiger បត់ធ្វេងមកផ្លូវជាតិលេខ១ បន្តឡើងមកកាន់ស្ពានព្រះមុនីវង្សវិញ ទើបបន្តមកក្បាលថ្នល់ ផ្លូវ២៧១ ឡើងផ្លូវ៣៧១ បន្តឡើងមកស្ពានដែក ហើយបន្តបត់ឆ្វេងឡើងផ្លូវ២១៧ ទៅស្តុបចំការដូង បត់ស្តាំទៅផ្លូវព្រៃស បត់ស្តាំទៅផ្លូវបេតុងមុខវត្តធម្មត្រៃ ឆ្ពោះមកផ្លូវ៣០ម៉ែត្រ មកផ្លូវផ្សារទួលពង្រ បត់ស្តាំមកផ្លូវចោមចៅ ហើយទើបមកបំបែកគ្នានៅច្រមុះជ្រូកស្ទឹងមានជ័យ។

ដោយឡែកសម្រាប់លោកឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំមហាជននិងក្រុមយុវជនរាជធានីកខ្សែទី២ ដោយចេញពីកោះពេជ្រនៅម៉ោង៧និង៤០នាទីព្រឹកដូចគ្នា ឆ្ណោះមកកាន់រង្វង់មូលជួន ណាត មកផ្លូវព្រះស៊ីសុវត្តិ បន្តមកក្រោមស្ពានជ្រោយចង្វា បន្តមកផ្លូវជាតិលេខ៥ មកក្រោមស្ពានព្រែកព្នៅ ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ បត់ឆ្វេងចូលវត្តច័ន្ទបុរីវង្ស ខណៈហួសវត្ត២គីឡូម៉ែត្រ បត់ធ្វេងចូលផ្លូវបេតុងសំរោង បត់ឆ្វេងចូលផ្លូវ១៥១ ឡើងមកផ្សារព្រែកព្នៅ ឡើងផ្លូវជាតិលេខ៥ មកស្ពានព្រែកព្នៅ បត់ស្តាំបន្តទៅផ្លូវកប់ស្រូវ រួចបត់ឆ្វេងចូលមកផ្លូវហាណូយ បន្តមកស្ពានអាកាសស្តុបផ្សារដីហុយ កាត់មកផ្លូវទ្រុងមាន់ បន្តបត់ស្តាំទៅឡើងផ្លូវចោមចៅហៅផ្លូវវេង ស្រេង ឆ្ពោះទៅរង្វង់មូលចោមចៅ រួចបន្តបត់ឆ្វេងទៅផ្លូវជាតិលេខ៣ ដើម្បីបញ្ចប់ក្បួន។

សូមបញ្ជាក់ថា៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦នេះ មានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង ហើយសម្រាប់យុទ្ធនាការឃោសនាជាលើកទី៣ នាព្រឹកថ្ងៃទី២២ កក្កដានេះ គេសង្កេតឃើញមានគណបក្សចំនួន៥ ដែលធ្វើសកម្មភាពឃោសនា ។ពាក់ព័ន្ធនឹងការឃោសនានេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដានេះ ក៏បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងការដង្ហែក្បួនយុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះផងដែរ ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print