ខេត្តកណ្តាល៖ បុរសវ័យចំណាស់ផ្ទះត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់ នៅក្នុងទឹកអូរជម្រៅប្រមាណកន្លះម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅត្រង់ចំណុចទឹកអូរដំណាក់ក្រសាំង ស្ថិតក្នុងភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា សាកសពជនរងគ្រោះត្រូវគេស្គាល់ឈ្មោះអំ ភាព ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករនិងនេសាទ មានទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីផ្ទះឆ្ពោះទៅទឹកអូរដំណាក់ក្រសាំង ដើម្បីទៅលើទ្រូយកត្រីមកធ្វើម្ហូប បន្ទាប់ពីទៅបាត់ជាច្រើនម៉ោងមិនឃើញជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ស្ត្រីជាប្រពន្ធនិងកូនបាននាំគ្នាតាមរករហូតប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងទឹកអូរជម្រៅ០,៦ម៉ែត្រ ។ ក្រោយមកស្ត្រីជាប្រពន្ធនិងកូនបានរាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និង វិទ្យាសាស្ត្រស្រុកពញាឮបានដាក់ការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជម្ងឺខ្យល់គ មិនមានជាប់ពាក់ព័ន្ធករណីអ្វីផ្សេងនោះទេ ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ