ភ្នំពេញ៖ លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា កាលពីព្រឹកថ្ងទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ បានដឹកនាំមន្ត្រីរាជការជុំវិញសាលាខណ្ឌ និងសិស្សានុសិស្សមកជួបជុំគ្នានៅសួនច្បារក្បាលជ្រោយចង្វា ដើម្បីចុះរៀបចំធ្វើអនាម័យដើរប្រមូលសំរាម និងកាកសំណល់ផ្សេងៗ កាត់ដើមត្រែងនៅមាត់ច្រាំងទន្លេចាប់ពីគល់ស្ពានជ្រោយចង្វា រហូតមកដល់សណ្ឋាគារសុខា ម្តុំក្បាលជ្រោយដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ។
លោកឃ្លាំង ហួត បានមានប្រសាសន៍ថា ការចុះសម្អាតបរិស្ថាននៅតំបន់នេះមានសារសំខាន់ណាស់ដោយសារតំបន់នេះជាតំបន់កំពុងអភិវឌ្ឍន៍ និងជាបេះដូងរបស់ខណ្ឌជ្រោយចង្វាដូច្នេះលោកបានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមសំអាតបរិស្ថាននៅតំបន់នេះដែលជាមុខមាត់របស់យើងទាំងអស់គ្នា។
ជាមួយគ្នានេះដែរលោកអភិបាល បានចុះទៅច្រាំទន្លេដើម្បីពិនិត្យមើលប្រជាពលរដ្ឋខ្មែរអ៊ិស្លាមដែលចតទូកនៅច្រាំងទន្លេ ឲ្យនាំគ្នាទៅចតទូកនៅខាងជើងស្ពានជ្រោយចង្វាវិញ ព្រោះជាតំបន់សម្រាប់ភ្ញៀវទេសចរចូលមកទស្សនាបុណ្យអុំទូក។
ក្នុងឱកាសនោះលោកឃ្លាំង ហួត បានឧបត្ថម្ភថវិកាចំនួន៤លានរៀល ឱ្យប្រជាការពារសង្កាត់កាត់ដើម្បីចាត់ចែងប្រមូលសំរាមនៅតាមច្រាំងទន្លេ និងកាត់ដើមត្រែងចាប់ពីមុខសាលាសង្កាត់ជ្រោយចង្វាដល់សណ្ឋាគារសុខា ម្តុំក្បាលជ្រោយ ដើម្បីសំអាតច្រាំងទន្លេឱ្យមើលទៅមានសោភ័ណភាព ជាមួយគ្នានោះលោកអភិបាលខណ្ឌក៏បានផ្តល់ថវិការចំនួន៥០ដុល្លារដល់ស្ត្រីម្នាក់ដែលជាកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនសិុនទ្រី បានស្ពាយកូនតូចនៅពីក្រោយកំពុកប្រមូលសំរាម ៕
ដោយ៖ ជ្រោយពេជ្រ