ខេត្តកណ្តាល៖ នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ មានកម្មការីនីប្រមាណ៥០នាក់ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរPPNT ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស7NGស្រុកខ្សាច់កណ្តាល មានអការៈទន់ដៃទន់ជើងដួលសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុក ។
កម្មការីនីដែលដួលសន្លប់ខាងលើនេះត្រូវគេសង្ស័យថា បានពុលក្លិនថ្នាំបាញ់សម្លាប់សត្វល្អិតដែលប្រជាកសិករបានបាញ់កាពារដំណាំស្រូវរបស់ពួកគាត់ ស្ថិតនៅក្បែរទីតាំងរោងចក្រខាងលើនេះ ។ ប្រជាកសិករដែលបាញ់ថ្នាំសម្លាប់សត្វល្អិតនោះមានឈ្មោះ អឿន អ៊ន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃចាស់ ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោPPNT មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ហើយតំបន់សេដ្ឋកិច្ចពិសេសនេះស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហាសួគ៌ ស្រុកខ្សាច់កណ្ដាល ។ រោងចក្រនេះមានកម្មករចំនួន២២៦នាក់ កម្មការីនីដែលមានអការៈទន់ដៃ ទន់ជើងដួលសន្លប់នោះមានចំនួន៣០នាក់ រហូតមកដល់ថ្ងៃត្រង់ថ្ងៃដដែលនេះមានអការៈជាសះស្បើយវិញហើយបន្ទាប់ពីគ្រូពេទ្យព្យួរស៊ីរ៉ូមម្នាក់មួយប្លោករួចមក និងបានត្រឡប់ទៅផ្ទះជាធម្មតា ។ ដោយឡែកកម្មករ-កម្មការីនីដែលមិនបានពុលដួលសន្លប់ក៏ត្រូវបានរដ្ឋបាលរោងចក្របញ្ជាឲ្យឈប់សម្រាករយៈពេលមួយថ្ងៃផងដែរ ៕
ដោយ៖ ស្អាងជ័យ