ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ២០១៨នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី,លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទបាន នាំយកទេយ្យទានវស្សាទៅប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន១៨អង្គ គង់នៅក្នុងវត្តព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ទេយ្យទានវស្សាដែលនាំយកទៅប្រគេនព្រះសង្ឃមាន១៨អង្គ ក្នុងមួយអង្គទទួលបាន បច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក ១កញ្ចប់ អង្ករចំនួន១០០គីឡូក្រាម ប្រេងឥន្ធនៈមួយកាន ចំណុះ៣០ លីត្រ ស្កស១បាវទំងន់ ២៥គីឡួក្រាមទឹកដោះគោ ចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិ សុទ្ធ២កេស មី២កេស។
សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សា មានរយៈ ៣ខែ ដោយចាប់ពីថ្ងៃ១រោចខែអាសាឍ ត្រូវនឹងថ្ងៃទី២៨ខែកក្កដា រហូតដល់ថ្ងៃ១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី២៤ខែតុលាឆ្នាំ២០១៨។
បច្ចុប្បន្នទូទាំងរាជធានីភ្នំពេញមានវត្តចំនួន១៥០ វត្ត មានព្រះសង្ឃជាង៥០០០អង្គទាំងមហានិកាយ និងធម្មយុត្តិកនិកាយ៕