ភ្នំពេញ៖ ពិតជារឿងមួយដ៏រំភើបសម្រាប់សិល្បករក្មេងចាស់ប្រុសស្រីដែលបានចូលរួមក្នុងកម្មវិធីកម្សាន្តទូរទស្សន៍ គឺកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” របស់តារាចម្រៀង លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ ។ រំភើបព្រោះតែកម្មវិធីនេះត្រូវបានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ចូលទស្សនា តាមរយៈការ Live តាម Page បីថ្ងៃជាប់គ្នា ដែលសរបញ្ជាក់ពីទឹកចិត្តសម្តេច ដែលចំណាយពេលគាំទ្រសិល្បៈខ្មែរ។
ទាំងសិល្បករ ផលិតករ និងទស្សនិកជនដែលបានទស្សនាកម្មវិធីផ្សាយផ្ទាល់កម្មវិធី “ចម្រៀងគ្រួសារខ្មែរ” បានភ្ញាក់ផ្អើល និងកោតសរសើរអំពីទឹកចិត្តស្រលាញ់រាប់អានអស់ពីដួងចិត្តរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការComment បានសរសេរ កោតសរសើរនាយព្រែក ដោយច្រៀងបានពិរោះ ពេលដែលសម្តេចស្តាប់បទនេះ ធ្វើអោយសម្តេច នឹកអាណិតខ្លួនឯង ត្រឹមអាយុ១៣ឆ្នាំ ត្រូវបែកពី ឪពុកម្តាយ មកនៅជាមួយព្រះសង្ឃ ដើម្បីបន្តការសិក្សា។ បទដែលនាយព្រែក យកមកច្រៀង ហើយត្រូវបានសម្តេច កោតសរសើរនោះ គឺ បទ “ជីវិតក្មេងវត្ត”។
កម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ដែលរៀបចំនិងដឹកនាំ ដោយ
តារាចម្រៀងល្បីឈ្មោះ លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ ដោយកម្មវិធីតម្រូវឲ្យមាន តារាជាច្រើនចូលរួមបកស្រាយចម្រៀង គោលបំណងកម្មវិធីបានធ្វើឡើងថែរក្សា និងអភិរក្សសិល្បៈបុរាណ និងច្រៀងចម្រៀងតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ បាន live តាមFacebook គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន។អ្វីដែលកាន់តែធ្វើឲ្យអ្នកសិល្បៈ រំភើបនោះគឺ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន សម្តេចបានចូលទស្សនាកម្មវិធី ដោយផ្ទាល់រយៈពេល៣ថ្ងៃជាប់គ្នា។
មិនតែប៉ុណ្ណោះ សម្តេចបាន Comment ឲ្យតារាៗដែលចូលរួម បកស្រាយបទចម្រៀងមួយចំនួន ដែលមានដូចជា បទ “ជីវិតក្មេងវត្ត” , “អកព្រាត់ទ្រនំ”, “ពាមកោះស្នា”, និងបទមួយចំនួនទៀត។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ សម្តេចតេជោ បានពោលសរសើរពីការបកស្រាយបទចម្រៀងពិរោះ និងធ្វើឲ្យសម្តេចនឹកឃើញពីជីវិតកំសត់របស់ខ្លួនផងដែរ៕ ដោយ វឌ្ឍនា