ខេត្តស្ទឹងត្រែងៈ បុរសវ័យជាង៣០ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម អមដោយភក់ប្រឡាក់ពេញខ្លួននៅកណ្ដាលវាលស្រែ បន្ទាប់ ពីរូបគាត់ដឹកក្របីទៅស៊ីឈ្នួលភ្ជួរដីស្រែឲ្យគេ ប៉ុន្តែកម្មអកុសលណាស់ ត្រូវក្របីវ័ធត្រូវចំនួន២កន្លែង ក៏ស្លាប់មួយរំពេច។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃចន្ទ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសាម៉(ទន្លេ) ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នគរបាលស្រុក សៀមប៉ាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាន់ ធុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ ផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ត្រូវបានក្របីឈ្មោលឡើងក វ័ធចំគល់ថ្គាមខាងឆ្វេង នឹងលើចិញ្ចើមខាងស្តាំបណ្តាលឲ្យស្លាប់កប់ភក់នៅនឹងកន្លែង ក្រោយពីជនរងគ្រោះដឹកក្របីស៊ីឈ្នួលឲ្យគេនៅភូមិខាងលើ ហើយគ្មានអ្នកណាឃើញទៅជួយទាន់ឡើយ ។ ចំណែកសត្វក្របីកំណាចមួយក្បាលនេះ ត្រូវបានអ្នកភូមជួយចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកោសល្យវិច័យ ឃើញថា ជនរងគ្រោះស្លាប់ដោយក្របីវ័ធ ប្រា កដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ មាសសុផាត