ប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន រងការរិៈគន់ពីពលរដ្ឋ និងអាជីវករថា បើកដៃឲ្យនាំទំនិញចូលមិនបង់ពន្ធជូនរដ្ឋ បែជាចុះចាប់ទំនិញតាមក្រោយ ចោទពលរដ្ឋថាប្រព្រឹត្តបទល្មើស

ចែករំលែក៖

ខេត្តប៉ៃលិន៖ មានការសង្ស័យមួយថាប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន និងប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន បានឃុបឃិតគ្នាបង្កើតបទល្មើស ដោយបើកដៃ ឲ្យពលរដ្ឋនាំទំនិញចូលតាមច្រកទ្វារ ដោយមិនទាន់បង់ពន្ធ ព្រោះជាភារៈកិច្ច របស់ប្រធានការិយាល័យច្រកទ្វារអន្តរជាតិ ជាអ្នកទទួលខុសត្រូវ រហូតទំនិញទាំងនោះត្រូវនាំយកមកទុកនៅសំណង់កំពុងសាងសង់ ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ បានមន្ត្រីគយ និងរដ្ឋាករចល័ត ចុះមកបង្ក្រាប ហើយចោទពលរដ្ឋថាបានប្រព្រឹត្តបទល្មើស ។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ គេសង្កេតឃើញ រថយន្តរបស់ថៃចំនួនពីរគ្រឿងបានដឹកឥដ្ឋការ៉ូការពារកំដៅថ្ងៃចំនួន៣២ កេះ ធំៗ ដែលមានតម្លៃខ្ទង់ពាន់ដុល្លារ ចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  ស្របពេលនោះដែរ តំណាងម្ចាស់ឥដ្ឋ បានទូរស័ព្ទទៅលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វាអន្តរជាតិព្រំ សុំធ្វើលិខិតបង់ព័ន្ធតាមការកំណត់របស់ក្រសួង ប៉ុន្តែត្រូវបាន លោកបញ្ជាក់តាមទូរស័ព្ទថា ឲ្យយកចូលមកចុះចាំធ្វើលិខិតបង់ព័ន្ធតាមក្រោយ ។ លុះបានរយៈពេល៣ថ្ងៃគឺនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨ ស្រាប់តែមានមន្ត្រីគយ និងរដ្ឋាករចល័តមកពីភ្នំពេញ ចុះសហការជាមួយមន្ត្រីការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រំដកហូត យកទៅរក្សាទុក នៅផែស្ងួត រងចាំម្ចាស់ទៅបង់ពន្ធជាក្រោយ ។

បើតាមប្រភពព័ត៌មាន ពីពលរដ្ឋ និងអាជីវករ ដែលរកស៊ីក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា ទង្វើនេះវាហាក់បីដូចជា មិនសូវល្អប៉ុន្មាននោះទេ ព្រោះជាទង្វើ ដែលមន្ត្រីការិយាល័យ និងប្រធានសាខាគយ ឃុបឃិតគ្នា ធ្វើបាបពលរដ្ឋ និងអាជីវករ បើកឲ្យពួកគាត់នាំទំនិញចូលមកហើយ ប៉ុន្តែបែរជាចុះចាប់ទៅវិញ ព្រមទាំងចោទពួកគាត់ថាប្រព្រឹត្តបទល្មើសទៀត ។

ប្រភពព័ត៌មានបានបន្តថា ទំនិញដែលចូលមកតាមច្រកទ្វារអន្តរជាតិ គឺមន្ត្រីច្រកទ្វារជាអ្នកទទួលខុសត្រូវ ហេតុអ្វីមិនរាយការណ៍ប្រាប់ថ្នាក់លើឲ្យដឹងផង ។ ចំណែកមន្ត្រីសាខាគឺមានភារកិច្ចពិនិត្យទំនិញ ដែលឆ្លងកាត់មាត់ច្រករួចមកហើយ មានន័យថាទំនិញដែលនៅខាងក្នុង ដោយមន្ត្រីគយ និងរដ្ឋាករចល័ត គឺមានភារកិច្ចសហការជាមួយមន្ត្រីសាខាគយ ដើម្បីពិនិត្យនូវទំនិញផ្សេងៗ ប៉ុន្តែមានគោលដៅជាង៥០០ម៉ែត្រ ពីច្រកទ្វារព្រំដែន ។

ប្រភពព័ត៌មានក៏បានបញ្ជាក់ថា នៅពេលមន្ត្រីគយចល័ត ចុះដកហូតទំនិញ ដោយចោទថា មិនបង់ព័ន្ធនោះ គឺពុំមានលិខិតបទដ្ឋានអ្វី ឲ្យពលរដ្ឋ និងអាជីវករមើលឃើញនោះទេ គឺចុះមកចាប់ឆៅតែម្តង បើនៅតែរបៀបនេះក្រុមអាជីវករ និងក្រុមហ៊ុន ដែលរកស៊ីនៅខេត្តប៉ៃលិន ច្បាស់ជារត់រកកន្លែងថ្មី មិនខាន ។

បើតាមលោកសេងឈុនឡេងជាម្ចាស់ឥដ្ឋការ៉ូខាងលើបានឱ្យដឹងថា៖ការនាំឥដ្ឋចូលមកតាមច្រកទ្វារអន្តរជាតិព្រំ មកទុកនៅសំណង់អគារផ្ទះរបស់លោក តែដោយការនាំចូលប៉ះចំថ្ងៃសៅរ៍ ហើយណាមួយមន្ត្រីការិយាល័យគយ និង រដ្ឋាករសាខាខេត្តប៉ៃលិន អត់ទាន់ ចុះហត្ថលេខា លើក្រដាសស្នាម បង់ពន្ធ នាំចូលនោះទេ ឱ្យរង់ចាំ ដល់ថ្ងៃធ្វើការសិន ស្រាប់តែដល់ថ្ងៃទី២៣ ខែកក្កដា ជាថ្ងៃធ្វើការក៏មានមន្ត្រីគយ និង រដ្ឋាករចល័ត ចុះមករឹបអូស យកទាំងអស់ តែម្តង ។

 

លោកក៍បានបន្តទៀតថា ការនាំចូលឥដ្ឋការ៉ូទាំងនេះ មិនមែនខាងលោក គេចវេស មិនចង់បង់ពន្ធ ជូនរដ្ឋនោះទេ សំខាន់ គឺ ខាង គយ គេមិនធ្វើការ ហើយខាងលោក ប្រញាប់ឱ្យកម្មករ សាងសង់ផ្ទះ ព្រោះ ពួកគេ ម្នាក់ៗ ប្រញាប់នឹង ចេញទៅ ស្រុកកំណើតធ្វើការបោះឆ្នោត នៅ ថ្ងៃ ខាង មុខ ឆាប់ៗ ផងដែរ ។ពាក់ព័ន្ធបញ្ហានេះ តំណាងមន្ត្រីគយ និងរដ្ឋាករ ចល័ត ដែលចុះរឹបអូសទំនិញបានឲ្យដឹងថា លោកមកនេះគឺតាមបញ្ជាថ្នាក់លើ ព្រោះថ្នាក់លើជាអ្នកដាក់ផែនការមកឲ្យធ្វើ ដូច្នោះលោកមិនមានអ្វីនិយាយនោះទេ ប៉ុន្តែក៍បានបញ្ជាក់ថា ធម្មតាមន្ត្រីគយចុះមកកន្លែងណាមួយ គឺកន្លែងនោះច្បាស់ជាមានបទល្មើសហើយ ។

សូមបញ្ជាក់ថា នៅខេត្តប៉ៃលិន សាខាគយនិងរដ្ឋាករខេត្ត ដឹកនាំដោយលោក សំ សុវណ្ណារិទ្ធ ជាប្រធាន និងលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វាអន្តរជាតិព្រំ តែងតែប្រើមន្ត្រីរបស់ខ្លូនឲ្យគៀបសង្កត់ប្រជាពលរដ្ឋ និងអាជីវករជាញឹកញាប់ ជាក់ស្តែងដូចជានៅប៉ុន្មានខែមុន រហូតមានការតវ៉ានៅមុខសាលាខេត្តប៉ៃលិន ដើម្បីឲ្យអាជ្ញាធរខេត្តក៏ដូចមន្ទីរជំនាញជួយដោះស្រាយ ៕ ស សារ៉េត

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print