មនុស្សជាច្រើននាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុងម៉ានីលដើម្បីប្រឆាំងកិច្ចប្រជុំកំពូល APEC ។ ប៉ុន្តែទោះបីយ៉ាងណា ការធ្វើបាតុកម្មប្រឆាំងនោះបានបែកខ្ញែកទៅវិញភ្លាមៗផងដែរ ដោយសារតែការបង្ក្រាប និងបំបែកពីក្រុមប៉ូលិស ។
កងកម្លាំងសន្តិសុខរបស់ប្រទេសហ្វីលីពីនបានប្រើប្រាស់រថយន្តបាញ់ទឹកដើម្បីការពារបាតុកររាប់រយនាក់ដែលធ្វើបាតុកម្មរំខានដល់មេដឹកនាំដែលកំពុងចូលរួមប្រជុំស្តីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC)នោះកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ក្នុងចំណោមមេដឹកនាំដែលចូលរួមកិច្ចប្រជុំAPEC នេះ មានលោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិកផងដែរ ។ ជំនួបស្តីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិកនេះធ្វើឡើងជាលក្ខណៈណី កើតឡើងជារៀងរាល់ឆ្នាំ ។
ក្រុមបាតុករភាគច្រើនមកពីក្រុម Bagong Alyansang Makabayan(សម្ព័ន្ធស្នេហាជាតិថ្មី) ដែលជាក្រុមសកម្មជននិយមឆ្វេង ។ ក្រុមបាតុករបានជួបជុំគ្នានៅចម្ងាយប្រមាណ១គីឡូម៉ែត្រពីសាលសន្នីសិទអន្តរជាតិហ្វីលីពីន ។ នៅទីនោះ មេដឹកនាំពិភពលោកសំខាន់ៗបាននិងកំពុងជួបជុំគ្នា ហើយប្រធានាធិបតីចិន លោកស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ នឹងធ្វើដំណើរទៅចូលរួមប្រជុំនៅទីនោះនាថ្ងៃទី២នៃកិច្ចប្រជុំកំពូលនេះ ។
ប៉ូលិសម្នាក់បានរងរបួស ប៉ុន្តែប៉ូលិសបានអត់ធ្មត់បំផុតដើម្បីបញ្ចៀសស្ថានការណ៍កុំឲ្យតានតឹងខ្លាំងជាងនេះ ។ នេះបើតាមអ្នកនាំពាក្យប៉ូលិសហ្វីលីពីនថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ។
ក្រុមបាតុករបានស្រែកពាក្យស្លោកដូចជា «យើងនឹងតស៊ូ» និង «លុបចោល APEC!» ខណៈក្រុមប៉ូលិសបង្ក្រាបបាតុកម្មរុញច្រានពួកគេឲ្យត្រឡប់ទៅក្រោយនោះ ។
ក្រុមសកម្មជនដែលអះអាងថា ជាអ្នករៀបចំបាតុកម្មនៅអះអាងថា ពួកគេនឹងបន្តធ្វើបាតុកម្មបើទោះបីមានកម្លាំងសន្តិសុខការពារច្រើនយ៉ាងណាក៏ដោយ ។
លោក Charisse Bernadine Banez ប្រធានសកម្មជនក្រុមនិស្សិតហ្វីលីពីនបានបញ្ជា់ថា ការធ្វើបាតុកម្មនេះនឹងមិនបញ្ឈប់ឡើយ ទោះបីមានកម្លាំងសន្តិសុខរារាំងច្រើនយ៉ាងណាក៏ដោយ ។ យើងត្រូវតែបំបែករាល់របាំងទាំងឡាយ ។
ក្រុមគាំទ្រកម្លាំងពលកម្ម និងសិទ្ធិមនុស្សបានចូលរួមធ្វើបាតុកម្មប្រឆាំងកិច្ចប្រជុំAPEC នេះផងដែរ ។ ក្រុមនេះបានអះអាងថា ផលកម្រៃដែលរកបាន គឺបានធ្លាក់ទៅលើប្រទេសជាច្រើន និងប្រទេសអ្នកមានដែលពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចនោះ ។
កម្លាំងសន្តិសុខប្រមាណ៣មឺននាក់ រួមជាមួយប៉ូលិសផងដែរត្រូវដាក់ពង្រាយនៅក្នុងរដ្ឋធានីហ្វីលីពីនដើម្បីការពារថ្នាក់ដឹកនាំកំពូល ។ ហ្វីលីពីនអះអាងថា គ្មានការគំរាមកំហែងខាងសន្តិសុខណាមួយដែលក្រុមចារកម្មសម្តាត់ស៊ើបដឹងថា អាចគំរាមកំហែងដល់ថ្នាក់ដឹកនាំទាំងនោះឡើយ ។
ហ្វីលីពីនបានបិទផ្លូវជាច្រើនខ្សែ នៅតាមមហាវិថីសំខាន់ សម្រាប់សន្តិសុខដល់ដឹកនាំកំពូលទាំងនោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត