ភ្នំពេញ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក៣នាក់បានរងរបួសធ្ងន់ ដេកដួលនៅកន្លែងកើតហេតុ និង២នាក់ទៀតបានរត់យកតែរួចខ្លួន ខណៈពួកគេចេញពីរាំលេងកំសាន្តនៅក្នុងក្លឹបមួយកន្លែង ក្នុងបំណងត្រឡប់ទៅផ្ទះ ត្រូវក្រុមក្មេងស្ទាវមានគ្នាជិត១០នាក់ប្រដាប់ដោយដំបង និងដុំថ្មគ្រប់ដៃបានមកវាយហើយជិះម៉ូតូគេចខ្លួនអស់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនមានគ្នា៣នាក់ដើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើតដោយទើបតែចេញពីរាំងលេងកំសាន្តនៅ ឌីស្កូ ម៉ីងក្លឹប បំណងត្រលប់ទៅផ្ទះ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមក្មេងទំនើងមានគ្នាជិត១០នាក់ជិះម៉ូតូមកពីក្រោយប្រដាប់ដោយដំបងនិងដំថ្មមកស្ទាក់វាយបណ្តាលរងរបួសម្នាក់និង២នាក់ទៀតភ័យពេកក៏រត់ចោលគ្នាបាត់ ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីវាយអោយយុវជនទាំងនោះរងរបួសហើយក្រុមបង្កបានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។
បើតាមជនរងគ្រោះបនអោយដឹងថា ពួកគេមិនដែលស្គាល់ក្រុមបង្កនោះទេ ហើយនៅពេលរាំងលេងនៅក្នុងក្លឹប ក៏មិនបានរករឿងជាមួយនរណាដែរ។ ក្រោយពេលកើតជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ៕
ដោយ៖ ភារ៉ា ដង្កោ