ភ្នំពេញ ៖ ជំនួយមនុស្សធម៌ជាទឹកប្រាក់១០០.០០០ ដុល្លារ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនដល់ប្រជាជនឡាវ ដែលរងគ្រោះមហន្តរាយទឹកជំនន់ពីការរលំបាក់ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ (Xepien Xenamnouy) នៅក្នុងខេត្តអាតាពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ការប្រគល់ជំនួយធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ រវាងលោកអ៊ុច បូររិទ្ធ រដ្ឋលេខាធិការ តំណាងឲ្យលោកទេស រដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ជូនលោក ប្រាសិទ្ធ សាយ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាជំនួយមនុស្សធម៌ដែលមានទំហំទឹកប្រាក់ ១០០.០០០ដុល្លារ។
គួររំឭកថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ជូនលោកបណ្ឌិត ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដោយបានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់នៅក្នុងឧបត្តិហេតុដ៏សោកនាដកម្ម និងអកុសលនេះជូនចំពោះប្រជាជនដែលរងផល ប៉ះពាល់ និងជនរងគ្រោះ សម្រាប់ការឈឺចាប់ និងការបាត់បង់ដ៏សោកនាដកម្មនេះ៕ ជាយក្រុង