ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ជ័យ សុវ៉ាត ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងនឹងបទចម្រៀងថ្មីៗមួយចំនួននៅផលិតកម្មសាន់ដេ។ ក្រៅពីចេញបទចម្រៀងថ្មីល្បីកក្រើកតែប៉ុន្មានបទធ្វើឲ្យតារារូបនេះអាចលេចមុខមាត់ខ្ពស់ ជាមួយតារារាមច្បង ហើយថ្ងៃទី០២សីហានេះលោកក៏ចេញដំណើរទៅច្រៀងរាំក្នុងកម្មវិធីសប្បុរសធម៌មួយនៅប្រទេសកូរ៉េជាមួយតារាតួមដំបូលផងដែរ។
លេចមុខមិនទាន់បានមួយឆ្នាំនៅផលិតកម្មសាន់ដេផងតារាចម្រៀងប្រុសស្រស់សង្ហា ជ័យ សុវ៉ាតអាចក្តោបបានឱកាសទីផ្សារការងារក្នុងស្រុកយ៉ាងច្រើន។ លោកថាគឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ខ្លួនឯងពិសេសការផ្តល់ឱកាស និងបទចម្រៀងល្អៗពី ផលិតកម្ម ហើយក៏ស្របពេលដែលទស្សនិកជនបានលើកទឹកចិត្តគាំទ្រខ្លាំងផងដែរ។ លោកថាថ្ងៃទី០២ខែសីហានេះលោកនឹងតារាចម្រៀងរួមដំបូងលជាច្រើនរូបមាន លោក ខាត់ ជេម កញ្ញា សុខ ពិសី នាយចឺម និងតារាចម្រៀងប្រុសស្រីជាច្រើនទៀតនឹងចូលរួមកម្មវិធីប្រគុំតន្ត្រីបម្រើការកម្សាន្ត និងស្វែងរកថវិកាជួយដល់សកម្មភាពសប្បុរសធម៌នៅកម្ពុជាផងដែរ។ លោកថាកម្មវិធីប្រគុំតន្ត្រីនេះធ្វើឡើងចំនួនពីរថ្ងៃគឺថ្ងៃសៅរ៍ទី០៤នៅទីក្រុងក្វាងជូ និងថ្ងៃអាទិត្យទី០៥សីហានៅទីក្រុងអាន់សាន់ ដែលជាតំបន់សម្បូរដោយបងប្អូនពលករជនជាតិខ្មែរ។ លោកថាជាមោទនភាពមួយដែលផលិតកម្មបានផ្តល់ឱកាសសម្រាប់លោកដែលបានបំពេញការងារសម្បុរសធម៌មួយនេះហើយលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
គួរបញ្ជាក់ផងដែរថា ជ័យ សុវ៉ាតអតីតម្ចាស់ជ័យលាភី ផ្កាយរះក្នុងសួន បានបង្ហាញវមុខក្នុងផលិតកម្មសាន់ដេកាលពីចុងឆ្នាំ២០១៧ បទចម្រៀងថ្មីរបស់លោកត្រូវបានអ្នកគាំទ្រជាច្រើនចែកផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានដូចជាបទ”ក្រចេះស្នេហ៍បង” បទ”ស្រលាញ់អូនមែនទែនមិនមែនលំៗ” និងបទចម្រៀងដែលកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជនគឺបទ”កុំប៉ះសង្សារខ្ញុំ”៕
ដោយ វឌ្ឍនា