ខេត្តព្រៃវែង៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ណាហ្គាវើលបេះដូងសប្បុរសបានសហការជាមួយក្លឹបបាល់ទាត់ណាហ្គាវើល ដែលជាក្លឹបដ៏ល្បីឈ្មោះមួយ ដើម្បីផ្តល់ការបណ្តុះបណ្តាលបាល់ទាត់ដល់សិស្សសាលាអនុវិទ្យាល័យ ព្រៃស្រឡិត។
នៅម៉ោងប្រហែល៥ព្រឹកព្រហាម ក្រុមស្ម័គ្រចិត្តណាហ្គាវើលបេះដូងសប្បុរស និងក្លឹបបាល់ទាត់ណាហ្គាវើល បានធ្វើដំណើរទៅសាលាអនុវិទ្យាល័យព្រៃស្រឡិត ក្នុងស្រុកពារាំង ខេត្តព្រែវែង ដែលមានចំងាយប្រហែលជា ៧៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីផ្តល់ការបណ្តុះបណ្តាលបាល់ទាត់ដល់សិស្សានុសិស្សអនុវិទ្យាល័យព្រៃស្រឡិតចំនួន ២០នាក់។
លោក James Maនាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើលបានមានប្រសាសន៍ថា “នៅពេលដែលយើងបានចុះទៅទស្សនៈកិច្ចសាលាអនុវិទ្យាល័យព្រៃស្រឡិតដំបូងលោកគ្រូអ្នកគ្រូបានស្នើសុំសម្ភារកីឡា និងការបណ្តុះបណ្តាលបាល់ទាត់ ដូច្នេះដើម្បីជួយអភិវឌ្ឍសកម្មភាពកីឡានៅក្នុងសាលារបស់ពួកគេ។ ថ្ងៃនេះ យើងបាននាំយកបាល់ទាត់មួយចំនួន និងគ្រូបង្វឹកបាល់ទាត់ ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សនៅទីនេះ។ គ្រូបង្វឹករបស់យើងសប្បាយរីករាយដើម្បីចែករំលែកនូវបទពិសោធន៍បាល់ទាត់របស់ពួកគេជាមួយនិងសិស្សានុសិស្ស”។
លោកបានបន្ថែមទៀតថា “តាំងពីខែមិនាឆ្នាំ២០១៤មក ណាហ្គាវើលបេះដូងសប្បុរសបានឧបត្ថម្ភបាល់ទាត់ និងបាល់ទះជាង ៦០០បាល់ ដល់សាលាបឋមសិក្សា សាលាអនុវិទ្យាល័យ សាលាវិទ្យាល័យ និងអង្គការមិនមែនរដ្ឋាភិបាលប្រហែលជា៩០ សម្រាប់សម្រួលដល់សកម្មភាពកីឡារបស់ពួកគេ។ កម្មវិធីកីឡារបស់យើងមានកុមារកម្ពុជាប្រមាណជា ១៥០០នាក់ នៅតាមបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ ដែលបានទទួលផលប្រយោជន៍ពីកម្មវិធី។ តាមរយៈការបណ្តុះបណ្តាលបាល់ទាត់នេះ វានឹងជួយអភិវឌ្ឍកីឡាបាល់ទាត់ក៏ដូចជាវិស័យកីឡាក្នុងប្រទេសកម្ពុជាឲ្យបានល្អមួយកំរិតទៀត។ យើងសង្ឃឹមថា កីឡាករវ័យក្មេងរបស់យើងអាចក្លាយជាអ្នកលេងបាល់ទាត់អាជីពនៅថ្ងៃអនាគត ហើយអាចផ្ទេរជំនាញរបស់ពួកគេដល់ក្មេងជំនាន់ក្រោយបាន”។
ឈាងឡេង ជាយុវសិស្សថ្នាក់ទី៨ ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលបាល់ទាត់នេះ បាននិយាយថា “ខ្ញុំរំភើបខ្លាំងណាស់ដែលមានកីឡាករបាល់ទាត់អាជីពជាច្រើនរូបមកពីក្លឹបបាល់ទាត់ណាហ្គាវើល ដែលជាក្រុមបាល់ទាត់ដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា បានមកផ្តល់ឲ្យយើងនូវជំនាញបច្ចេកទេសបាល់ទាត់ដូចជា ការទប់បាល់ ការគ្រប់គ្រងបាល់ ការបណ្តើរបាល់ ការស៊ុតបាល់ និងវិន័យនៃការលេងបាល់ដល់ពួកយើង។ កាលពីមុន ខ្ញុំលេងបាល់ដោយគ្មានដឹងពីរបៀបលេងឲ្យបានត្រឹមត្រូវ។ ប៉ុន្តែឥឡូវនេះ ខ្ញុំដឹង និងអាចលេងបានល្អ។ ខ្ញុំសង្ឃឹងថា ពួកគេនឹងផ្តល់ការបណ្តុះបណ្តាលបាល់ទាត់បន្ថែមទៀតដល់យើងនៅថ្ងៃអនាគត”។
ថុន សិស្សថ្នាក់ទី៧ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលបាល់ទាត់នេះ បាននិយាយថា “នេះគឺជាលើកទីមួយហើយសម្រាប់រូបខ្ញុំ ដែលបានចូលរួមក្នុងការបណ្តុះបណ្តាលបាល់ទាត់ដែលបានរៀបចំដោយ ណាហ្គាវើលបេះដូងសប្បុរស។ ការបណ្តុះបណ្តាលបាល់ទាត់នេះ ខ្ញុំបានរៀន និងលេងជាមួយកីឡាករអាជីពជាច្រើនរូប។ យើងមិនត្រឹមតែបានទទួលការបណ្តុះបណ្តាលបាល់ទាត់ និងសម្ភារកីឡាពីក្លឹបបាល់ទាត់ណហ្គាវើលប៉ុណ្ណោះទេ ថែមទាំងបានទទួលការលើកទឹកចិត្តពីពួកគេទៀតផង។ យើងសូមអរគុណដល់ណាហ្គាវើលសម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងនេះ”។
លោក ម៉ៅ សៀង នាយកសាលាអនុវិទ្យាល័យព្រៃស្រឡិត បានប្រសាសន៍ថា “យើងរីករាយខ្លាំងណាស់ដែលឃើញណាហ្គាវើលមកទីនេះ។ គ្មានក្រុមហ៊ុនណាមកទីនេះដើម្បីជួយ និងបណ្តុះបណ្តាលសិស្សានុសិស្ស អំពីរបៀបលេងបាល់ទាត់នោះទេ។ ឥឡូវនេះ ណាហ្គាវើលបានមក និងបាននាំយកគ្រូបង្វឹកមកបង្រៀនសិស្សរបស់យើង។ យើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលសម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងឡាយ ហើយក៏បានឧបត្ថម្ភទាំងបច្ចេកទេសបាល់ទាត់ និងសម្ភារកីឡាដល់ពួកយើងផងដែរ”៕
ដោយ៖ ស ដារ៉ា