ខេត្តកណ្តាល៖ មានចោរកម្មមួយកើតឡើងដែលធ្វើសកម្មភាពលួចម៉ូតូ មួយគ្រឿងយកទៅបាត់ទាំងព្រឹកព្រលឹម ម៉ោង៤និង៥០នាទី ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៥ នៅចំណុច ហាងលក់កាហ្វេ លក់បាយ យីហោ( ម្លប់ស្វាយបាយមាន់ស្រែ)មានទីតាំងឋិតនៅតាមបណ្តោយ ផ្លូវលេខ៦ ក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ប្រភពពីម្ចាស់ផ្ទះដែលត្រូវចោរលួចម៉ូតូឈ្មោះ សេង សុថា អាយុ៤៦ឆ្នាំ បានឱ្យដឹងថា ជារៀងរាល់ព្រឹក រូបគាត់បានអូសម៉ូតូចេញពីក្នុងបន្ទប់មកទុកនៅខាងក្រៅផ្ទះ ហើយរូបគាត់រៀបចំតុកាហ្វេ និងអាំងសាច់ដើម្បីរៀបចំលក់ ដោយភ្លេចខ្លួនមួយភ្លែត ក៏ត្រូវចោរចូលលួចម៉ូតូទៅបាត់ ។ ម៉ូតូដែលចោរយកទៅបាត់ នោះ ម៉ាកហុងដា ឌ្រីមសង់ សេរី ឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1o 8271 ។
នៅក្នុងហេតុការណ៍បាត់ម៉ូតូនេះ សមត្ថកិច្ច បានត្រឹមតែធ្វើកំណត់ហេតុ និងតាមដានជនសង្ស័យ ពីព្រោះកន្លងមក ការបាត់ម៉ូតូជាញឹកញាប់របៀបនេះ គឺកើតមានៅក្នុងឃុំព្រែកអញ្ចាញ ជាពិសេស ក្នុងស្រុកមុខកំពូល និងនៅតាមបណ្តាផ្សារនានាក្នុងស្រុក ដែលសមត្ថកិច្ចត្រួតពិនិត្យ មានភាពចន្លោះប្រហោង ។ តែទោះជាយ៉ាងណា ការបាត់ម៉ូតូនេះមានសង្ឃឹមតិចណាស់ថា នឹងមានពន្លឺរកឃើញមុខសញ្ញានោះ ។
លោកសម សុផល់ មេប៉ុស្តិ៍ ព្រែកអញ្ចាញ ក៏បានសនិដ្ឋានថា ពួកចោរទាំងនោះតាមឃ្លាំមើលជាយូរ ទើបហានចូលលួចបែបនេះ ៕
ដោយ៖ ឡូ សំអាត