ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ដែលដកកាំភ្លើងវាយជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរបណ្តាលអោយរងរបួសបែកក្បាលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នោះសមត្ថកិច្ចគ្រោងនិងបញ្ជួនជននេះទៅតុលាកានៅថ្ងៃស្អែកនេះបើតាមការអោយដឹងពីមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានបញ្ជាក់ប្រាប់។
ជនបង្កឈ្មោះ នួន ប៉ូ កើតឆ្នាំ ១៩៦៩ ជាមន្ត្រី យោធា ឋានន្តរសក្តិ វរសេនីយ៍ទោ ( សក្តិ ៤ កន្លះ ) អត្តលេខ ០៥៩០៥១ មុខងារ នាយរងការិយាល័យហ្វឹកហ្វឺន នៃ កងឯកភាព ទីចាត់ការបំភ័ន្ត អក្ខរៈ ប្រើប្រាស់ អាវុធ ខ្លី P08 លេខ ៥៨៥៤ ។
សូមរំលឹកថាមុនដំបូងឡើយមានបុរសម្នាក់ទំនងពិសារគ្រឿងស្រវឹងបើករថយន្តកាមរីបាឡែន ទៅបុករទេះលក់ប្រហិត ហើយមិនឈប់ទទួលខុសត្រូវ សូម្បីតែនិយាយគ្នាមួយមាត់ក៏អស់ចិត្តដែរ បែជាបើករថយន្តរត់គេច តាំងពីមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ហើយរថយន្តបង្កបើករត់ចេញទៅដល់ កែងផ្លូវហាណូយ ជនរងគ្រោះដេញតាមទាន់ ស្រែកឲ្យគេជួយឃាត់បាន តែត្រូវបានភាគីខាងរថយន្តបង្ក ហៅបក្ខពួកជាមន្រ្តីយោធា ពាក់សក្តិ៤កន្លះ បើករថយន្តព្រុសមកដល់ កើតជាប្រទូស្តរ៉ាយគ្នា ឈានដល់មន្រ្តីយោធារូបនោះ យកកាំភ្លើងខ្លីមកវាយចំសៀតថ្កាជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាម សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់នាំខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ។
ជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះ ស្នាក់នៅ ផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ ចំណែកជនបង្កគ្រោះថ្នាក់ចរាចរណ៍ មិនស្គាល់ឈ្មោះ បើកបររថយន្តកាមេីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB- 4119 ។ រីឯជនបង្កដកកាំភ្លើងវាយលើជនរងគ្រោះ ជាមន្រ្តីយោធា មានឋានន្តរសក្តិ វរសេនីយ៍ទោ បើកបររថយន្តព្រុស ពណ៌ស ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តកាមរីបាឡែន ទំនងអ្នកបើកបរពិសារគ្រឿងស្រវឹង បើកពីលិចទៅកើត ដល់ចំណុចមុខវត្តសំរោងអណ្តែត ជ្រុលចង្កូតទៅបុករទេះប្រហិត ខ្លាតខ្លាញ់រលាក អ្នកលក់ និងអ្នកទិញម្នាក់ ហើយរថយន្តបង្កមិនបានឈប់ និយាយគ្នា ទទួលខុសត្រូវឡើយ បែរព្យាយាមបើករត់ ចេញទៅដល់ក្លោងទ្វារវត្ត សំរោងអណ្តែត កែងផ្លូវហាណូយ ទើបជនរងគ្រោះដេញតាមទាន់ ស្រែកឲ្យគេឯងជួយ កើតជាជម្លោះសម្តី ដោះស្រាយគ្នាមិនចេញផង បែបុរសខាងលើទូរស័ព្ទហៅ បក្ខពួកជាមន្រ្តីយោធាម្នាក់ ពាក់សក្តិ៤កន្លះ មកដល់ កើតជាប្រទូស្តរ៉ាយគ្នា ជាមួយប្រជាពលរដ្ឋ ជាមួយជនរងគ្រោះ ឈានដល់ មន្រ្តីយោធារូបនោះដកកាំភ្លើងខ្លីមកវាយលើជនរងគ្រោះ បណ្តាលឲ្យបែកសៀតថ្កាខាងឆ្វេងហូរឈាម ធ្វើឲ្យស្ថានភាព ហេតុការណ៍កាន់តែផ្អើលឡើង រហូតដល់កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ជនបង្កទាំង២នាក់នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ។
តែបើតាមមន្រ្តីយោធារូបនោះ អះអាងថា ពេលដែល ពលរដ្ឋប្រទូស្តរ៉ាយជាមួយគាត់ ពលរដ្ឋ ជនរងគ្រោះ វាយទាំងរថយន្តគាត់បណ្តាលឲ្យបែកកញ្ចក់ ទើបគាត់សម្រេចចិត្ត ទាញកាំភ្លើងមក កាន់ខាងចុងកាណុង វាយលើជនរងគ្រោះតែម្តង ។
ទោះបីយ៉ាងណាក្តី ជនបង្កឈ្មោះ នួន ប៉ូ កើតឆ្នាំ ១៩៦៩ ជាមន្ត្រី យោធា ឋានន្តរសក្តិ វរសេនីយ៍ទោ ( សក្តិ ៤ កន្លះ ) អត្តលេខ ០៥៩០៥១ មុខងារ នាយរងការិយាល័យហ្វឹកហ្វឺន នៃ កងឯកភាព ទីចាត់ការបំភ័ន្ត អក្ខរៈ ប្រើប្រាស់ អាវុធ ខ្លី P08 លេខ ៥៨៥៤ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
ដោយ៖ តុង សីហា