​កម្លាំង​សន្តិសុខ​ចិន​សម្លាប់​ក្រុម​ភេរវកម្ម​២៨​នាក់

ចែករំលែក៖

​ប្រទេស​ចិន​បាន​អះអាង​ថា​ ជនបរទេស​២៨​នាក់​ដែល​ដឹកនាំ​ការ​វាយប្រហារ​ភេរវកម្ម​ត្រូវ​បាន​សម្លាប់​ បន្ទាប់​ពី​ការ​វាយប្រហារ​ទៅ​លើ​តំបន់​អណ្តូងរ៉ែ​ ។​

paramilitary-police

​មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ កងកម្លាំង​សន្តិសុខ​ចិន​ស្ថិត​នៅ​ភាគ​ខាងលិច​ដាច់​ស្រយាល​ខេត្ត​ស៊ី​ន​ជាង​ បាន​សម្លាប់​ក្រុម​ភេរវកម្ម​២៨​នាក់​ បន្ទាប់​ពី​ក្រុម​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​ទៅ​លើ​អណ្តូងរ៉ែ​មួយ​កន្លែង​កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​ក្រោម​ការ​បញ្ជា​ដឹកនាំ​ដោយ​ក្រុម​ជ្រុលនិយម​ក្រៅប្រទេស​នោះ​ ។​

​ប្រភព​ព័ត៌មាន​ខាងលើ​នេះ​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង​ដោយ​រដ្ឋ​ស្ថិត​នៅ​តំបន់​ស៊ី​ន​ជាង​ ដែល​ជា​ការ​ផ្សព្វផ្សាយ​ដំបូង​គេ​បំផុត​ដែល​មានការ​បញ្ជាក់​ជា​សាធារណៈ​ដោយ​មន្ត្រី​រដ្ឋាភិបាល​នោះ​ ទាក់ទង​ការ​វាយប្រហារ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​អណ្តូង​ធ្យូងថ្ម​ Sogan​ ក្នុង​តំបន់​ AKSU​ ហើយ​ដែល​មានការ​ផ្សព្វផ្សាយ​ថា​ បាន​បណ្តាល​ឲ្យ​មនុស្ស​១៦​នាក់​បាត់បង់​ជីវិត​ ក្នុង​នោះ​រួម​មាន​មន្ត្រី​ប៉ូលិស​៥​នាក់​ផង​ដែរ​ និង​១៨​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ RFA​ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដំបូង​គេ​កាលពី​២​ខែ​មុន​មក​ហើយ​ទាក់ទង​ហេតុការណ៍​ហិង្សា​ខាងលើ​នេះ​ ដោយ​បាន​បញ្ជាក់​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​៥០​នាក់​បាន​បាត់បង់​ជីវិត​ ។​

​ប្រភព​ព័ត៌មាន​ Xinjiang​ Daily​ បាន​ផ្សព្វផ្សាយ​ថា​ ក្រុម​ជន​វាយប្រហារ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​រត់​ភៀសខ្លួន​ទៅ​កាន់​តំបន់​ភ្នំ​ ហើយ​អាជ្ញាធរ​បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​ស្វែងរក​ក្រុម​ជន​វាយប្រហារ​ទាំងនោះ​ ដោយ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ប្រមាណ​១០.០០០​នាក់​ផង​ដែរ​ ហើយ​បាន​រៀបចំ​អន្ទាក់​ចាប់​ក្រុម​ជន​វាយប្រហារ​ទាំងនោះ​តែ​ម្តង​ ។​

​ប្រភព​បន្ត​ទៀត​ថា​ ក្រោយ​រយៈពេល​៥៦​ថ្ងៃ​នៃ​ប្រតិបត្តិការ​នេះ​ កម្លាំង​សន្តិសុខ​ខេត្ត​ស៊ី​ន​ជាង​បាន​បំផ្លាញ​កម្ទេច​ក្រុម​ភេរវកម្ម​ទាំងនោះ​ ដែល​ជា​ក្រុម​ស្ថិត​ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី​ក្រុម​ផ្តាច់ខ្លួន​ជ្រុលនិយម​នៅ​ក្រៅប្រទេស​ ។​ ក្រុម​ជន​វាយប្រហារ​២៨​នាក់​ត្រូវ​បាន​សម្លាប់​ ។​

​រដ្ឋាភិបាល​ចិន​បាន​អះអាង​ថា​ ខ្លួន​ប្រឈម​ការ​គំរាមកំហែង​យ៉ាង​ខ្លាំងក្លា​ពី​ក្រុម​ឧទ្ទាម​ និង​ក្រុម​ជ្រុលនិយម​ស្ថិត​នៅ​ខេត្ត​ស៊ី​ន​ជាំ​ង​ដែល​សម្បូរ​ធនធាន​រ៉ែ​ ព្រំដែន​ភាគ​កណ្តាល​អាស៊ី​ ដែល​មនុស្ស​រាប់រយ​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​អំពើ​ហិង្សា​ក្នុង​មួយ​ឆ្នាំៗ​នោះ​ ។​

​ក្រុម​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ ប្រទេស​ចិន​មិន​ដែល​បាន​បង្ហាញ​ភស្តុ​តាង​ជាក់ស្តែង​ទាក់ទង​ក្រុម​ឧទ្ទាម​វាយប្រហារ​ទៅ​លើ​កម្លាំង​រដ្ឋាភិបាល​នោះ​ឡើយ​ ហើយ​ថា​ រដ្ឋាភិបាល​នេះ​បាន​រឹត​បន្តឹង​ទៅ​លើ​សិទ្ធិ​ជំនឿ​សាសនា​ វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​អ៊ុយ​ហ្គ័​រ​ដែល​រស់នៅ​ក្នុង​ខេត្ត​ស៊ី​ន​ជាង​នោះ​ ទើប​ជា​ហេតុ​នាំ​ឲ្យ​មានការ​ផ្ទុះ​ហិង្សា​កើតឡើង​ ។​ ទោះបី​យ៉ាងណា​ ការ​ចោទប្រកាន់​ពី​សំណាក់​ក្រុម​សិទ្ធិ​មនុស្ស​បែប​នេះ​ ត្រូវ​រដ្ឋាភិបាល​ចិន​ច្រានចោល​ជា​និច្ច​ ៕​

akusu

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print