ភ្នំពេញ៖ បន្ទាប់ពីលើកពេលសវនាការជាច្រើនលើករួចមកសាលាដំបូងរាជធានីភ្នំពេញ បានកំណត់ថ្ងៃបើកសវនាការរឿងក្តី លោក ពេជ្រព្រហ្មមុន្នី អតីតឧត្តមសេនីយ៍យោធា ជាគ្រូមន្តអាគម និងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតីអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ សាជាថ្មី នៅព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះ ។
បញ្ជាក់ផងដែរ កាលពីរសៀលថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៥ តុលាការគ្រោងនឹងបើកសវនាការកាត់ទោស លោក ពេជ្រព្រហ្មមុន្នី តែត្រូវបានលើកពេលទៅថ្ងៃក្រោយវិញព្រោះម៉ោងជាង៥ល្ងាចទៅហើយ ។ ការអាក់ខាននេះក៏ព្រោះតែតុលាការជាប់រវល់កាត់ទោសសំណុំរឿងសម្លាប់សង្សារជានិស្សិតវិទ្យាស្ថានវ៉ាន់ដារ គណនេយ្យ ។
លោក ពេជ្រ ព្រហ្មមុន្នី ជាប់ចោទពីបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសម្គាល់ប្រើប្រាស់នគរបាល ឬ យោធា យោងតាមមាត្រា៦០៩ និង ៦១៥ នៃក្រមព្រហ្មទណ្ឌ ។ជនជាប់ចោទ ពេជ្រ ព្រហ្មមុនី្នអតីតនាយសេនាធិការរងកងទ័ពជើងគោកនៃក្រសួងការពារជាតិត្រូវបានលោកព្រះរាជអាជ្ញារង លី សុផាណា ចោទប្រកាន់ចំនួនពីរបទល្មើស តែនៅព្រឹកថ្ងៃទី ២០នេះ លោកលី សុផានណាប្រកាសជាសាធារណៈ តែ១បទល្មើសតែប៉ុណ្ណោះដោយចោទពីបទ ជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈមានចែងក្នុងមាត្រា ៦០៩នៃក្រមព្រហ្មទណ្ឌដោយតម្រូវអោយជាប់ពន្ធធនាគាររយៈពេល១៨ខែ អនុវត្តន៍ទោសត្រឹមតែ១០ខែតែប៉ុណ្ណោះ និងពិន័យជាប្រាក់២លានរៀលចូលជាថវិការដ្ឋ។
វត្ថុតាងបទល្មើសគ្រឿងញៀន គឺរថយន្តម៉ាកទំនើប ហាំមើរ មួយគ្រឿងនិងម៉ូតូធំចំនួន៣គ្រឿង ដែលត្រូវបានឈ្មោះ ពេជ្រ ព្រហ្មមុនី្នយកទៅប្រើប្រាស់ជាមធ្យោបាយផ្ទាល់ខ្លួនត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅសាលាដំបូងរាជធានីភ្នំពេញ វិញ ។ឧត្តមសេនីយ៍យោធារូបនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួនតាមដីការបស់តុលាការ កាលពីវេលាម៉ោង៦និង៣០នាទីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចមុខវត្តប្រសាទនាងខ្មៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវរួចបានបញ្ជូនមកកាន់តុលាការទាំងយប់ដើម្បីធ្វើការសាកសួរផងដែរ ៕
ដោយ៖ ចាន់ធឿន