ភ្នំពេញ៖មន្ត្រីយោធាម្នាក់ ដែលយកកាំភ្លើងវាយអ្នកលក់ប្រហិតបណ្ដាលឱ្យបែកក្បាល នៅថ្ងៃទី០៥ ខែសីហា នេះ ត្រូវបាននគរបាលខណ្ឌសែនសុខ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បញ្ជាក់ថា ជនសង្ស័យឈ្មោះ នួន ប៉ូ ភេទប្រុស អាយ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៥៩Q ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ែម វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសដៃខាងស្តាំ និងរបួសក្បាលលើសៀតផ្កាខាងឆ្វេង ។
សមត្ថកិច្ច អះអាងពីដំណើររឿងថា ករណីនេះ កើតឡើងកាលពីយប់ថ្ងៃទី០២ ខែសីហា នៅចំណុចតាមផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
មុនពេលកើតហេតុ ឈ្មោះ សៅ ចាន់ធី បានបើករថយន្តរបស់ខ្លួនម៉ាក កាមេរីបាឡែនរបស់ខ្លួន ដល់ចំណុចកើតហេតុ បានបុកជាមួយរឺម៉កម៉ូតូលក់ប្រហិតរបស់ឈ្មោះ យ៉ែម វណ្ណះ រួចឈ្មោះ សៅ ចាន់ធី មិនឈប់រថយន្តធ្វើការដោះស្រាយ ទើបឈ្មោះ យ៉ែម វណ្ណះ យកដុំថ្មគប់ទៅលើរថយន្តរបស់ឈ្មោះ សៅ ចាន់ធី បណ្តាឱ្យបែកញ្ចក់ខាងស្តាំ និងបានផ្លាតដុំថ្មទៅត្រូវរថយន្ត ម៉ាកព្រូស របស់ជនសង្ស័យឈ្មោះ នួន ប៉ូ ។
ភ្លាមនោះ ជនសង្ស័យឈ្មោះនួន ប៉ូ បានយកកាំភ្លើងខ្លី ម៉ាកP08ពីក្នុងឡានរបស់ខ្លួន វាយមកលើជនរងគ្រោះបណ្តាឱ្បែកក្បាលលើសៀតផ្កាខាងឆ្វេង ។
បន្ទាប់មកសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ នួន ប៉ូ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ៕