ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ បានស្នើឱ្យអ្នកវិនិយោគទុនបរទេសទាំងអស់ចាប់អារម្មណ៏ប្រទេសកម្ពុជាសន្ដិសុខ សុវត្ថិភាព និងអំណោយផលគ្រប់យ៉ាង និងជាដីមាស ប្រាក់ សម្រាប់ការវិនិយោគ គ្រប់វិស័យ ដូច្នេះទេ ខ្ញុំសូមឱ្យអ្នកវិនិយោគទាំងអស់ ចាប់អារម្មណ៏ចូលរួមវិនិយោគបន្ថែមទៀត ។ ជាងនេះទៅទៀត សម្រាប់កម្ពុជា អ្នកវិនិយោគទាំងអស់ ក៏ត្រូវបានការពារដោយច្បាប់ផងដែរ ។
នេះជា ការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ អាទិត្យ០៩ រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៥ សីហា ២០១៨ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព បើកសម្ពោធគំរោងលក់អភិវឌ្ឍន៏លំនៅដ្ឋាន ក្រុមហ៊ុនអចលនៈទ្រព្យលីងណាន ហ្គាដិនរបស់ប្រទេសចិនដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាមតំណាងឱ្យអាជ្ញាធរដែនដី លោកសូមចូលអបអរសាទរចំពោះគំរោងវិនិយោគនេះ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យថ្មី១ទៀតនៃការអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលខិតខំទាក់ទាញការវិយោគទាំងក្នុងនិងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើនទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់វិនិយោគិន។
នេះជាការសំរេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនលីងណានដែលបានបណ្តាក់ទុនវិនិយោគក្នុងទំហ៊ំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យឧស្សាហកម្មសំណង់ និងការអភិវឌ្ឍន៏ផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញក្នុងគំរោងអភិវឌ្ឍន៏អគារមជ្ឈមណ្ឌលលំនៅដ្ឋានចំរុះ។កម្ពុជា គឺពិតជាទឹកដីមាសសក្ដិ សម បំផុតសំរាប់ធ្វើការវិនិយោគដូច្នេះអ្នកវិនិយោគក៏ត្រូវចាប់យកឧិកាសនេះឲ្យបាន ។
លោកឃួង ស្រេង បានប្រសាសន៏ថា៖ នៅកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី គឺផលប្រយោជន៏របស់អ្នកវិនិយោគត្រូវបានការពារដោយច្បាប់។ យើងពិតជាមិនដែលឃើញក្រុមហ៊ុនណាដាក់ទុនវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។ សំរាប់ប្រជាជនកម្ពុជាពិតជាមានមោទនៈភាពដែលមានបុរសខ្លាំងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៏គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។កាលពី៥ឆ្នាំមុនក្រោយបោះឆ្នោតគឺគ្មានក្រុមហ៊ុនណាមកសម្ពោធគំរោងរបស់ខ្លួននៅកម្ពុជា ក៏ដូចនៅរាជធានីភ្នំពេញនោះដែរ ព្រោះនៅតាមដងផ្លូវពោរពេញទៅដោយបាតុកម្ម កូដកម្មបំផ្លិចបំផ្លាញនិងបង្កអំពើហឹង្សាពីក្រុមអគតិដែលមាននិន្នាការប្រឆាំង។
ដោយឡែកសំរាប់ឆ្នាំ២០១៨នេះ តំលៃអចលនះទ្រព្យទាំងមុន និងក្រោយការបោះឆ្នោតគឺនៅតែរក្សាស្ថេរភាពនិងធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត។ឯ លោកអភិបាលលើកឡើងថា៖នេះជាគំរោង១ក្នុងចំណោមគំរោងជាច្រើនដែលបានកើតឡើងដោយមានការគិតគូទុកជាមុន មិនមែនកើតឡើងដោយចៃដន្យនោះទេ៕ ដោយ៖ សំរិត