ភ្នំពេញ៖រសៀលថ្ងៃទី០៦ ខែសីហា នេះ តាមប្រភពព័ត៌មានទទួលបាន គឺ លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មន្ត្រីយោធាម្នាក់ដែលយកកាំភ្លើងវាយក្បាលអ្នកលក់ប្រហិត ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស រួចបញ្ជូនជនត្រូវចោទនិងសំណុំរឿងទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ជនត្រូវចោទ ។
បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បញ្ជាក់ថា ជនសង្ស័យឈ្មោះ នួន ប៉ូ ភេទប្រុស អាយ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ៥៩Q ផ្លូវ២៦៥ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះឈ្មោះ យ៉ែម វណ្ណះ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រហិត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសដៃខាងស្តាំ និងរបួសក្បាលលើសៀតផ្កាខាងឆ្វេង ។
សមត្ថកិច្ច អះអាងពីដំណើររឿងថា ករណីនេះ កើតឡើងកាលពីយប់ថ្ងៃទី០២ ខែសីហា នៅចំណុចតាមផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
មុនពេលកើតហេតុ ឈ្មោះ សៅ ចាន់ធី បានបើករថយន្តរបស់ខ្លួនម៉ាក កាមេរីបាឡែនរបស់ខ្លួន ដល់ចំណុចកើតហេតុ បានបុកជាមួយរឺម៉កម៉ូតូលក់ប្រហិតរបស់ឈ្មោះ យ៉ែម វណ្ណះ រួចឈ្មោះ សៅ ចាន់ធី មិនឈប់រថយន្តធ្វើការដោះស្រាយ ទើបឈ្មោះ យ៉ែម វណ្ណះ យកដុំថ្មគប់ទៅលើរថយន្តរបស់ឈ្មោះ សៅ ចាន់ធី បណ្តាឱ្យបែកញ្ចក់ខាងស្តាំ និងបានផ្លាតដុំថ្មទៅត្រូវរថយន្ត ម៉ាកព្រូស របស់ជនសង្ស័យឈ្មោះ នួន ប៉ូ ។
ភ្លាមនោះ ជនសង្ស័យឈ្មោះនួន ប៉ូ បានយកកាំភ្លើងខ្លី ម៉ាកP08ពីក្នុងឡានរបស់ខ្លួន វាយមកលើជនរងគ្រោះបណ្តាឱ្បែកក្បាលលើសៀតផ្កាខាងឆ្វេង ។
បន្ទាប់មកសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ នួន ប៉ូ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ៕
ដោយ៖ ចេស្តា