ឃាតក​សម្លាប់​បុរស​ចំណាស់​ដល់​ក្នុង​ផ្ទះ​ នៅ​ស្រុក​សូទ្រ​និគម​ ត្រូវ​បាន​ចាប់​ខ្លួន​

ចែករំលែក៖

ខេត្តសៀមរាប​ ៖​ ឃាតកដែលអារ.​កសម្លាប់បុរសវ័យចំណាស់ដោយកាំបិតប៉័ងតោនៅស្រុកសូទ្រនិគម ត្រូវនគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបាននៅ​ល្ងាច​ថ្ងៃ​ទី​០៦​ ខែ​សីហា​ នេះ​ ក្នុងភូមិគុតតាសត ឃុំគុតតាសតស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បាន​ឱ្យ​ដឹង​ថា បន្ទាប់ពីកើតហេតុ លោកបានប្រជុំកម្លាំងនគរបាលជំនាញចេញប្រតិបត្តិការភ្លាមៗ​ ។ ក្នុងនោះមានកម្លាំង​សហការរួមមានកម្លាំងនគរបាលស្រុកសូទ្រនិគម, នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលសន្តិសុខផ្ទៃក្នុង,នគរបាលខេត្តបន្ទាយមានជ័យនិងដោយមានការសម្របសម្រួលពីតំណាងអយ្យការខេត្តទាំង២ផងដែរ ទើបអាចចាប់ឃាតក​ដៃឆៅនេះបាន។

ឃាតក​ ឈ្មោះអ៊ុច ចាន់ណា ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅភូមិឃុំជាមួយ ជនរងគ្រោះ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២០៖២០នាទី យប់ ថ្ងៃអាទិត្យទី០៥ ខែសីហា​ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ឃាតកបាន អារ.កសម្លាប់ជនរងគ្រោះ ឈ្មោះឈិត ខ្វាន់ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើដោយកាំបិតប៉័ងតោ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀមរាបនាំខ្លួនយកមកសួរនាំនៅស្នងការដ្ឋានខេត្តសៀមរាប និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print