ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ នៅឆ្នាំ២០១៨ នេះ បងប្អូនខ្មែរឥស្លាមដែលអញ្ជើញទៅចូលរួមបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត មានចំនួនកើនឡើងគួរឲ្យកត់សំគាល់ ដែលកាលពីឆ្នាំ២០១៧ មានចំនួន ៦៤៤នាក់ តែឆ្នាំនេះ កើនឡើងរហូតដល់ ១០០៨នាក់ ដែលក្នុងនោះ ៩៩០នាក់ មានលទ្ធភាពរ៉ាប់រងការចំណាយថវិកា ដោយខ្លួនឯង សរុបទាំងអស់ប្រមាណ ៣,៥៦៤,០០០ ដុល្លារ អាមេរិក។
នេះគឺជាសញ្ញាមួយ ដែលសរបញ្ជាក់អោយឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេស ទទួលបាននូវជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខ ជាបន្តបន្ទាប់ ដែលជាចំណែកមួយ នៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និង អភិវឌ្ឍន៍លើគ្រប់វិស័យ។
ថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែល លោក រដ្ឋមន្ត្រីប្រតិភូអូមនាយករដ្ឋមន្ត្រី បានអញ្ជើញជូនដំណើរបងប្អូនខ្មែរឥស្លាមចំនួន ៥៣នាក់ ទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាព្រឹកថ្ងៃអង្គារ១១រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទិ្ធស័កព.ស២៥៦២ត្រូវថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៨ នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
លោក អូស្មាន ហាស្សាន់ ក៏បានសូមថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល លោកតែងតែបានដោះស្រាយនូវបញ្ហាជាច្រើន ជាពិសេសនាពេលកន្លងមកពាក់ព័ន្ធនឹងចំនួនកូតាអ្នកទៅធ្វើហាជ្ជី ដែលរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានដាក់កម្រិតសម្រាប់ប្រទេសកម្ពុជាមានតែ៥០០នាក់ ទៅ ៦០០នាក់ប៉ុណ្ណោះ។ ដោយកត្តាកូតានេះ កាលពីឆ្នាំ២០១៥ បងប្អូនយើងបានខកខានមិនអាចទៅចូលរួមប្រមាណ ៥០០នាក់ ដោយសារគេមិនផ្តល់ទិដ្ឋាការជូន។ ដូច្នេះហើយ សម្តេចតេជោ បានចាត់ លោកអូស្មាន ហាស្សាន់ ដែលជាសេនាធិការ ដើម្បីធ្វើការទំនាក់ទំនងជាមួយក្រសួងហាជ្ជីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាបន្ទាន់។
បន្ទាប់ពីបានពិនិត្យមើលជាក់ស្តែង ដែលកម្ពុជាធ្លាប់បានជួបប្រទះនូវសង្គ្រាម ខកខានមិនបានចូលរួមប្រតិបត្តិបុណ្យហាជ្ជជាង ២០ឆ្នាំ ក្រោយមក សម្តេចតេជោ បានធ្វើឲ្យមានសុខសន្តិភាព ព្រមទាំងសុខដុមបនីយកម្មផ្នែកសាសនា ទើបក្រសួងហាជ្ជីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសម្រេចលើកលែងការកម្រិតកូតា រហូតមកដល់បច្ចុប្បន្ន។
លោក អូស្មាន ហាស្សាន់ ក៏បានផ្តាំផ្ញើ និងការជូនពរ ដល់បណ្តាអ្នក ដែលអញ្ជើញ ទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជទាំងអស់ ទាំងអ្នកដែលបាន ចេញដំណើរផុតទៅ និងអ្នកដែលចេញ ដំណើរនៅថ្ងៃនេះ ព្រមទាំងបន្តបន្ទាប់ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់ របស់សាសនាឥស្លាម។
សូមបញ្ជាក់ថា៖ ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម។ ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ ៣លានអ្នក អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំ២០១៨នេះ ពិធីបុណ្យ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា រយៈពេលមួយសប្តាហ៍។ សម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕ ដោយ៖ សំរិត