ភ្នំពេញ៖យ៉ាងហោចណាស់មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមប្រមាណ៨រូបត្រូវបានប្រកាសចេញមុខក្នុងក្រុមហ៊ុន៨៨ដែលជាក្រុមហ៊ុនគ្រប់គ្រងតារាល្បីឈ្មោះក្នុងបណ្តាញអ៊ីនធើណេតដំបូងគេនៅកម្ពុជា។ ការប្រកាសចេញមុខតារា៨រូបនេះត្រូវបានធ្វើឡើងនៅថ្ងៃពិសេសគឺថ្ងៃទី៨ខែ៨ឆ្នាំ២០១៨នេះ និងចំថ្ងៃប្រកាសបើកដំណើរការផ្លូវការរបស់ក្រុមហ៊ុន៨៨នេះផងដែរ។
ទីផ្សារតម្រូវការ នៃការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមបច្ចុប្បន្នកាន់តែមានសន្ទុះ និងការរីកចម្រើនខ្លាំង រហូតក្រុមហ៊ុន៨៨ត្រូវបានបង្កើតឡើងដើម្បីធ្វើការគ្រប់គ្រង ប្រមូល និងផ្គត់ផ្គង់នូវតម្រូវការនេះ។ តារាល្បីឈ្មោះលើបណ្តាញទំនាក់ទំនងសង្គម៨រូបដំបូងដែលត្រូវវបានធ្វើការជ្រើសរើសមានដូចជា លោក យក់ ឆេង ហាក់ លោក សេង ហួរ កញ្ញាសាឌី កញ្ញា សូហ្វី កញ្ញា ណាកា កញ្ញា ជីមី លោក ឆេកគី ..។
កញ្ញា លាង ជា អ្នកគ្រប់គ្រងក្រុមហ៊ុន ៨៨ បានបញ្ជាក់ថា ក្រុមហ៊ុន៨៨ នឹងក្លាយជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាដែលធ្វើការគ្រប់គ្រងផ្គត់ផ្គង់ជនល្បីលើបណ្តាញសង្គម (influencer) ដូចជាក្នុង Facebook Instagram និង Social Media ដទៃទៀត។ កញ្ញា ថាក្រុមហ៊ុនបែបនេះបាននឹងកំពុងទទួលបានជោគជ័យខ្លាំងនៅបរទេស ហើយនិន្ទាការនៃតម្រូវការទីផ្សាររបស់ពួកគាត់ក៏កំពុងតែមានការកើនឡើងនៅកម្ពុជាផងដែរ ព្រោះចំនុចដែលខុសប្លែករបស់ Influencer គឺគាត់មិនត្រឹមតែមានការគាំទ្រច្រើននោះទេ តែគាត់អាចបង្រៀនដល់អ្នកដទៃអោយចេះអ្វីៗដែលថ្មី និង ជឿនលឿនក្នុងរបត់សង្គមថ្មីនេះ។ កញ្ញាបន្តថា ក្នុងឆ្នាំ២០១៧ និង២០១៨នេះមកគេសង្កេតឃើញមានក្រុមហ៊ុនធំៗ ពិសេសឈ្មោះហាងម៉ាកយីហោល្បីៗលំដាប់អន្តរជាតិច្រើនបានប្រកាសបើកដំណើរការនៅកម្ពុជា ដែលនេះគឺជាឱកាសសម្រាប់ពង្រីកទីផ្សារបស់ពួកគាត់ ហើយក្រុមហ៊ុននឹងអាចជួយឲ្យពួកគាត់កាន់តែមានជំនាញ គំនិតច្នៃប្រឌិត និងប្រសិទ្ធភាពការងារកាន់តែខ្ពស់បន្ថែមទៀតបូករួមទាំង ការផលិត Spot ពាណិជ្ជកម្ម វីដេអូផ្សព្វផ្សាយប្រកបដោយគុណភាព និងទទួលបានការពេញចិត្តពីអតិថិជន និងអ្នកគាំទ្ររបស់ពួកគេ។ ក្រៅពីជនល្បីឈ្មោះទាំង៨រូបខាងលើក្រុមហ៊ុនក៏នឹងប្រកាសដាក់បញ្ចូលនូវតារាថ្មីៗល្បីឈ្មោះនៅកម្ពុជាជាច្រើនទៀតដើម្បីចូលរួមសហការការងារថ្មីនេះឲ្យកាន់តែរលូន៕
ដោយ វឌ្ឍនា