ប្រជាជនកម្ពុជាមានចំណាប់អារម្មណ៍ខ្លាំងលើភាសាកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម សិល្បៈវប្បធម៌ និងលើវិស័យការងារបានធ្វើឲ្យប្រជាជនកម្ពុជាច្រើនបានចាប់ផ្តើមមានចំណាប់អារម្មណ៍សិក្សាលើភាសាកូរ៉េ។ ជាក់ស្តែងបច្ចុប្បន្នមានប្រជាជនកម្ពុជាប្រមាណជា ៥ម៉ឺននាក់បានចូលរួមប្រលងធ្វើតេស្តសមត្ថភាពភាសាកូរ៉េTOPIKដើម្បីធ្វើការវាស់ស្ទង់សមត្ថភាព។

លោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងក្នុងកម្មវិធីប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េជាលក្ខណៈអន្តរជាតិលើកទី២៣កាលពីថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០១៨ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញថាឆ្នាំនេះគឺជាខួបទី២១ នៃការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ប្រទេសយើងទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាដើម ហើយទៅថ្ងៃអនាគតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធបន្ថែមទៀត ក្រោមមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងជម្រុញគោលនយោបាយទិសដៅតំបន់ខាងត្បូងថ្មី។ លោកបញ្ជាក់ដែរថាការជួបគ្នារវាងប្រជាជន និងប្រជាជន គឺជាចំនុចសំខាន់នៃការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកថាគិតជាមធ្យមប្រចាំឆ្នាំ មានភ្ញៀវទេសចរណ៍កូរ៉េ និងកម្ពុជាបានធ្វើដំណើរកំសាន្តឆ្លងទៅប្រទេសកម្ពុជា និងកូរ៉េក្នុងមួយឆ្នាំប្រមាណជា៥០ម៉ឺននាក់ ហើយប្រជាជនកម្ពុជាក៏បាន នឹងកំពុងតែផ្តល់ចំណាប់អារម្មណ៍ស្តីអំពីវប្បធម៌ និងភាសាកូរ៉េកាន់តែខ្លាំងឡើងជាលំដាប់។ នៅក្នុងប្រទេសកម្ពុជា មានសកលវិទ្យាល័យចំនួន៥ ដោយរួមទាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ បានបើកដេប៉ាតឺម៉ង់ភាសាកូរ៉េ ហើយជារៀងរាល់ឆ្នាំមានប្រជាជនកម្ពុជាប្រមាណជា ៥ម៉ឺននាក់បានចូលរួមប្រលងធ្វើតេស្តសមត្ថភាពភាសាកូរ៉េTOPIK ដែលនេះបង្ហាញអោយឃើញថាប្រជាជនកម្ពុជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងស្តីអំពីភាសាកូរ៉េ។  លោកបន្តថាមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ចំណាប់អារម្មណ៍ចំពោះការពង្រីកវប្បធម៌និងភាសា​កូរ៉េ គឺជារលកយ៉ាងទូលំទូលាយពាសពេញលើសកលលោក។ ប្រសិនបើយុវជនទូទាំងពិភពលោក និងយុវជនកូរ៉េកាន់តែយោគយល់គ្នាទៅវិញទៅមកតាមរយៈភាសានោះ ខ្ញុំជឿរជាក់ថាវានឹងជួយអោយប្រទេសនានាលើសកលលោក កាន់តែមានភាពជិតស្និទ្ធរវាងគ្នានឹងគ្នា ហើយវាក៏នឹងចូលរួមចំណែកក្នុងការពង្រីកសន្តិភាពពិភពលោកផងដែរ។

លោកសង្ឃឹមថា កម្មវិធីដែលត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជានាថ្ងៃនេះ នឹងជួយធ្វើការផ្សព្វផ្សាយភាសាកូរ៉េអោយបានកាន់តែទូលំទូលាយទៅទូទាំងសកលលោក ព្រមទាំងក្លាយទៅជាជំនួយក្នុងការអភិវឌ្ឍវប្បធម៌ផងដែរ  ហើយសង្ឃឹមថាកម្មវិធីនេះនឹងក្លាយទៅជាគន្លឹះដ៏សំខាន់ក្នុងកិច្ចការផ្លាស់ប្តូរវប្បធម៌រវាងសាធារណរដ្ឋកូរ៉េ ជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាផ្សេងទៀតនៅក្នុងសកលលោក។

គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េគឺកម្មវិធីនេះ ត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៦ ក្នុងគោលបំណងដើម្បីជួយជម្រុញអោយជនជាតិកូរ៉េខាងជើង និងខាងត្បូងសរុប៧០លាននាក់ និងប្រជាជនកូរ៉េដែលកំពុងរស់នៅបរទេសសរុបប្រមាណជា៧.៥លាននាក់ អាចប្រើប្រាស់អក្សរ និងនិយាយភាសាកូរ៉េអោយបានត្រឹមត្រូវច្បាស់លាស់ល្អ។ បេក្ខជន-បេក្ខនារីដែលចូលរួមប្រកួតក្នុងកម្មវិធីនេះនឹងធ្វើការថ្លែងសុន្ទរកថាស្តីអំពីបំណងប្រាថ្នាដើម្បីអោយមានការរួបរួមគ្នានៅឧបទ្វីបកូរ៉េ និងការប្រើប្រាស់ភាសាកូរ៉េក្នុងការធ្វើការប្រាស្រ័យទាក់ទងនៅក្នុងសកលលោក ហើយបេក្ខជន-បេក្ខនារីដែលទទួលបានពិន្ទុខ្ពស់ជាងគេនឹងទទួលបានពានរង្វាន់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងរង្វាន់បន្ថែមទៀតប្រមាណជា ២លានវ៉ុន៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print